Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក​នាយក​រដ្ឋមន្ត្រី៖ កុំ​ភ្ជាប់​អំពើ​ឃាតកម្ម​ជា​បញ្ហា​នយោបាយ ​ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត

$
0
0

ភ្នំពេញៈនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានអំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋកុំឲ្យភ្ជាប់អំពើឃាតកម្មលើលោក កែម ឡី ទៅបញ្ហានយោបាយដែលអាចនឹងនាំមកនូវភាពចលាចលនៅក្នុងសង្គម ខណៈពេលដែលសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។

ការអំពាវនាវនេះបានថ្លែងទៅកាន់មន្ត្រីកងរាជអាវុធហត្ថនៅក្នុងពិធីសម្ពោធអគាររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសពីថ្ងៃចន្ទមួយថ្ងៃក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ។

លោក ហ៊ុន សែន បន្តថា៖ «នេះដែលម្ខាងហៅថាអសមត្ថភាពនៃការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋតែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗដែលមានចរិតបញ្ហាខាងនយោបាយដូច្នេះសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវហ្មត់ចត់ហើយចៀសវាងបង្វែរបញ្ហាពីសោកនាដកម្មមួយនេះទៅជាបញ្ហាខាងនយោបាយដែលនាំឲ្យល្អក់កករទៅដល់សភាពការណ៍របស់យើងសង្ឃឹមថារឿងទាំងនេះអ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់បញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុជអាលដែលនាំឲ្យជាតិចលាចលនោះទេ»។

លោកថ្លែងទៀតថា៖ «ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងទុកលទ្ធភាពឲ្យស្ថាប័នមានសមត្ថកិច្ចធ្វើការរបស់គេដោយពេញលេញ។ ខ្ញុំគិតថាតើនរណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះហើយអ្នកណានឹងទទួលផលខាត រាជរដ្ឋាភិបាលពិតជាទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់»។

លោកចាត់ទុកអំពើឃាតកម្មនេះគឺជារឿងអកុសលដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារយ៉ាងព្រៃផ្សៃមួយពីឃាតករចំពោះលោកបណ្ឌិត កែម ឡី ហើយនេះគឺជាលើកទីពីរហើយដែលក្រោយពីឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ។

បញ្ហានេះរដ្ឋាភិបាលបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះហើយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកបន្តថា៖ «អ្វីទៅដែលគេហៅថាជាការខាតបង់នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្ដងតើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើងនៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែនិយាយអំពីសន្តិភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋចំណុចនេះខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើងនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលដែលទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាទាំងនេះ»។

លោក ហ៊ុន សែន បានទទួលស្គាល់ផងដែរនៅរយៈពេលចុងក្រោយនេះថាបានកើតឡើងនូវអំពើមួយចំនួនវាបានជះឥទ្ធិពលទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយឃាតកម្ម ការប្លន់ប្រដាប់អាវុធបានកើតឡើងបន្តបន្ទាប់ដែលជាបញ្ហាដែលទាមទារឲ្យមានការដោះស្រាយដើម្បីនឹងធ្វើប្រតិបតិ្តការពង្រឹងសន្តិសុខឡើងវិញសម្រាប់ក្របខ័ណ្ឌផ្ទៃប្រទេស។

លោកថ្លែងថា៖ «ប្រទេសរបស់យើងងាយណាស់ពីការប្រែពណ៌ពីឧក្រិដ្ឋកម្មទៅជារឿងនយោបាយយើងសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងមិនប្រែក្លាយបញ្ហាឧក្រិដ្ឋកម្មបែបនេះទៅជារឿងនយោបាយនោះទេ»។

លោក ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីពង្រឹងសន្តិសុខឡើងវិញដោយចាត់វិធានការប្រឆាំងនឹងឃាតកម្មប្លន់ប្រដាប់អាវុធដើម្បីការពារប្រជាពលរដ្ឋគ្រប់រូប។

ទោះយ៉ាងណាក៏ដោយសង្គមស៊ីវិលប្រមាណ ៧០ អង្គការបានចេញសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញផងដែរទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ឯករាជ្យ និងហ្មត់ចត់ទៅលើការស្លាប់អ្នកវិភាគឯករាជ្យនេះ។

លោកស្រី ទេព វន្នី អ្នកតំណាងសហគមន៍បឹងកក់បានភ្ជាប់ការសង្ស័យលើឃាតកម្មនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក កែម ឡី បានធ្វើអត្ថាធិប្បាយតាមវិទ្យុអំពីរបាយការណ៍ដែលចេញផ្សាយដោយអង្គការអន្តរជាតិគ្លូបលវីតណេស។

លោកស្រីបន្តថា៖ «លោក កែម ឡី ក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស យុត្តិធម៌ និងចង់ឲ្យកម្ពុជាមានភាពប្រសើរឡើងហើយឥឡូវនេះយើងទាមទារយុត្តិធម៌ជូនលោកគ្រួសារលោក និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។

លោកស្រី ណាលី ពីឡូក នាយិការងអង្គការលីកាដូបានថ្លែងថាការស្លាប់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបន្តថា៖ «ប្រជាពលរដ្ឋកម្ពុជាត្រូវតែមានសេរីភាពក្នុងការចូលរួមនៅក្នុងលទ្ធិប្រជាធិបតេយ្យដោយមិនមានការភ័យខ្លាច»។

លោក ប៊ុយ ប៊ុន មេឃុំនភាស ស្រុកអង្គរជុំ បានឲ្យដឹងថាលោកមិនស្គាល់ឈ្មោះ ជួប សម្លាប់ នោះទេប៉ុន្តែពេលបានឃើញរូបជនដៃដល់ក៏បានដឹងថាបុរសនេះឈ្មោះ អឿត អាង ដែលជាអ្នកនៅក្នុងឃុំនេះ។ បើតាមមេឃុំបុរសនេះធ្លាប់បួសជាព្រះសង្ឃនៅវត្តក្រឡាញ់អស់រយៈពេល ៦ ទៅ ៧ ខែ និងបានទៅស្នាក់នៅវត្តផ្សេងនៅស្រុកវ៉ារិនប្រហែលមួយឆ្នាំ និងបន្តទៅកន្លែងផ្សេងទៀតនៅស្រុកអង្គរជ័យ។

លោកថ្លែងថា៖ «មានបញ្ហារឿងលុយកាក់ជាមួយគណៈកម្មការវត្តជាមួយកូនស្រីគណៈកម្មការដែលនាងបានបឹ្តងទៅប៉ុន្តែក្រោយពីការស៊ើបអង្កេតទៅវាមិនមែនជាការពិតនោះទេ»។ លោកបន្តថាលោកក៏មិនដែលស្គាល់ឈ្មោះលោក កែម ឡី ឬមាននរណានិយាយពី កែម ឡី ក្នុងឃុំនោះដែរ។

លោកមេឃុំថ្លែងថា៖ «(ជនដៃដល់) ជាមនុស្សមកពីគ្រួសារក្រីក្រហើយគ្មានអង្គការអីទេ។ យើងក៏មិនដឹងថាតើគាត់ស្គាល់លោក កែម ឡី ដោយរបៀបណាដែរ។ អ៊ីចឹងពលរដ្ឋក៏ភ្ញាក់គ្រប់គ្នាមិននឹកស្មានថាគាត់ឡើងទៅភ្នំពេញអ៊ីចឹងដែរ»។

មេឃុំចាំថាឈ្មោះ អឿត អាង ធ្លាប់ជាមន្ត្រីបរិស្ថានអស់ពេល ១ ឆ្នាំហើយក៏ជាអតីតយោធាខ្មែរក្រហមហើយគាត់បម្រើយោធារហូតដល់ឆ្នាំ ២០១០។ គាត់ក៏មានប្រពន្ធហើយលែងគ្នាផងដែរមុនធ្វើជាលោកសង្ឃនោះ»។

ក្រោយពីលាចាកសិក្ខាបទជនល្មើសបានរៀបការជាមួយស្ត្រីផ្សេងទៀតប្រហែល ២ ខែមុនប៉ុណ្ណោះ។ គាត់មិនដែលធ្វើបាប ឬគំរាមនរណានោះទេ និងធ្លាប់ធ្វើបុណ្យទានជាមួយពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរជនល្មើស អឿត អាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញនេះប៉ុន្តែប្រមាណកន្លះម៉ោងក្រោយមកក៏ត្រូវដឹកបញ្ជូនត្រឡប់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មានថាអយ្យការសាលាដំបូងបានទទួលយកសំណុំរឿងនេះមកពិនិត្យ។

ទោះយ៉ាងណាលោកមិនបានប្រាប់ពីឈ្មោះអយ្យការរូបណាដែលកំពុងធ្វើការទេ។

លោកគ្រាន់តែថ្លែងថា៖ «អយ្យការបានទទួលសំណុំរឿងឃាតកម្មទៅលើលោក កែម ឡី ហើយកំពុងពិនិត្យឯកសារ និងភ័ស្តុតាងនៅក្នុងសំណុំរឿង និងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកបន្តទៀត»។

អ្នកស្រី ហឿម ហ៊ត់ អាយុ ៤៥ ឆ្នាំអ្នកស្រីជាអ្នកលក់សាច់ជ្រូករស់នៅក្នុងភូមិនគរភៀស ឃុំនគរភៀសទើបតែរៀបការជាមួយជនសង្ស័យកាលពីពីរខែមុនបាននិយាយថាប្ដីគាត់ធ្វើការនៅអង្គការបរិស្ថានតែមិនដឹងថាអង្គការនោះឈ្មោះអ្វីនោះទេ។

«ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ អឿត អាង កាលពីរខែមុនហើយយើងបានរស់នៅជាមួយគ្នានៅក្នុងភូមិនគរភៀស។ «គាត់ជាមនុស្សល្អនៅក្នុងភូមិនេះប៉ុន្តែគាត់ចូលចិត្តនិយាយច្រើន។ គាត់ធ្លាប់បួសជាសង្ឃហើយគាត់ចេះជួយអ្នកភូមិដទៃៗខ្លាំងណាស់។

អ្នកស្រីបានអះអាងថាកាលពីថ្ងៃទី ១ កក្កដាប្ដីរបស់គាត់បានប្រាប់ថាគាត់មានអ្វីមួយដែលត្រូវធ្វើនៅរាជធានីភ្នំពេញហើយគាត់នឹងត្រឡប់មកវិញនាពេលឆាប់ៗប្រហែលនៅថ្ងៃទី ១០ កក្កដា។

«ពីមុនពេលគាត់ទៅទីនោះគាត់មិនបាននិយាយ ឬធ្វើអ្វីចម្លែកទេនៅពេលអ្នកភូមិប្រាប់ខ្ញុំថាប្តីរបស់ខ្ញុំសម្លាប់មនុស្ស ខ្ញុំមិនជឿព្រោះខ្ញុំដឹងថាប្តីរបស់ខ្ញុំជាមនុស្សល្អ។ ប៉ុន្តែនៅពេលខ្ញុំឃើញវីដេអូនៅលើហ្វេសប៊ុកថាគាត់ជាប្តីរបស់ខ្ញុំ។ ខ្ញុំមានការរន្ធត់ខ្លាំងណាស់ហើយខ្ញុំមិនដឹងថាហេតុអ្វីគាត់មានកាំភ្លើងហើយសម្លាប់មនុស្សដូចនោះទេប៉ុន្តែខ្ញុំនៅតែមិនអាចជឿថាគាត់ហ៊ានធ្វើអំពើព្រៃផ្សៃដូចនោះទេ»។

អ្នកស្រីបានអះអាងថាតាំងពីស្គាល់ប្ដីរហូតដល់ថ្ងៃចាប់ខ្លួនមិនដែលឮគាត់និយាយអំពីឈ្មោះ កែម ឡី និងអ្វីពាក់ព័ន្ធនឹងគាត់ទាល់តែសោះ។

អ្នកស្រី ឯម តាប់ អាយុ ៦៤ ឆ្នាំដែលជាម្តាយរបស់ អឿត អាង រស់នៅក្នុងភូមិទន្លេស ឃុំនគរភៀសបានថ្លែងថាកូនប្រុសអ្នកស្រីជាមនុស្សល្អ និងគោរពមនុស្សចាស់នៅក្នុងភូមិនិងជាធម្មតាតែងតែជួយដោះស្រាយបញ្ហាឲ្យអ្នកភូមិ។ «ខ្ញុំមិនដែលឃើញឥរិយាបថចម្លែក ឬឈ្លើយរបស់កូនទេ។ គាត់ជាមនុស្សល្អហើយគាត់ជាអតីតទាហានខ្មែរក្រហម និងធ្លាប់បួសជាសង្ឃរយៈពេលបួនឆ្នាំនៅក្នុងវត្តមួយចំនួនក្នុងខេត្តសៀមរាបនៅវត្តក្រឡាញ់ ស្រុកអង្គរជុំ វត្តកំបោរ ក្នុងស្រុកវ៉ារិន និងភ្នំតាណោន ក្នុងស្រុកអង្គរជុំបន្ទាប់ពីគាត់លែងប្រពន្ធទីមួយក្នុងឆ្នាំ ២០១២ គាត់មកលេងខ្ញុំម្តងក្នុងមួយខែប៉ុន្តែខ្ញុំមិនដែលឮគាត់និយាយអ្វីអំពីមនុស្សនោះ [កែម ឡី] រហូតមកដល់ពេលនេះខ្ញុំមិនជឿអ្វីដែលអ្នកភូមិនិយាយថាគាត់សម្លាប់មនុស្សនៅរាជធានីភ្នំពេញទេ។ ខ្ញុំមិនជឿទាល់តែសោះ»។

កាលពីម្សិលមិញគេឃើញតំណាងរាស្ត្រគណបក្សប្រឆាំង និងគណបក្សផ្សេងទៀតព្រមទាំងព្រះសង្ឃ និងសាធារណជនរាប់ពាន់នាក់បានចូលរួមកាន់ទុក្ខក្នុងពិធីបុណ្យសពលោក កែមឡី ដែលតម្កល់នៅវត្តចាស់៕


ទស្សនៈសាធារណជន

សាធារណជនជាច្រើនដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញសុទ្ធតែបានសម្តែងនូវភាពតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគឯករាជ្យដោយពួកគេយល់ថាការបាញ់សម្លាប់នេះគឺពាក់ព័ន្ធនឹងរឿងនយោបាយមិនមែនជារឿងជំពាក់ប្រាក់នោះទេ។

លោក តែ មករា អាយុ ៣៩ ឆ្នាំអ្នករត់តុកតុក

ខ្ញុំកំពុងហូបនំបញ្ចុកពេលថ្ងៃត្រង់ ឮមិត្តភក្តិរត់ម៉ូតូឌុបនិយាយថាគេបាញ់សម្លាប់លោក កែម ឡី។ ខ្ញុំទើបតែហូបបាន ២ ម៉ាត់ ស្លុត លេបលែងចូល ពិបាកទប់ចិត្តមែនទែនព្រោះគាត់ជាមនុស្សល្អ។ គាត់និយាយអីចំៗគោលដៅបើនិយាយរឿងកាប់ព្រៃ គាត់ថាគេកាប់ព្រៃ។ ខ្ញុំនឹងទៅកន្លែងតម្កល់សាកសពគាត់។ វាមិនមែនរឿងជំពាក់លុយទេ។ ខ្ញុំជឿថាមានគេជួលមនុស្សឲ្យសម្លាប់គាត់។ ខ្ញុំអត់ជឿអ្នកដែលគេចាប់បានមានលុយ ៣ ពាន់ដុល្លារទេ។ ខ្ញុំគិតថារឿងនេះជារឿងនយោបាយច្រើនជាង៕

ព្រះតេជគុណ ចាន់ សម្ផស្ស អាយុ ២៤ ឆ្នាំ

អាត្មាធ្លាប់ស្តាប់គាត់វិភាគដែរ។ គាត់គឺដូចកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមហើយគាត់មានគំនិត និងឆន្ទៈស្នេហាជាតិ ជាតិនិយម។ អាត្មាឮព័ត៌មានហ្នឹងគិតថាយើងបាត់បង់បញ្ញវន្តម្នាក់ទៀតហើយ។ កម្របណ្តុះបណ្តាលបានមនុស្សល្អអ៊ីចឹងណាស់។ ការសម្លាប់គាត់គឺប្រៀបដូចកំណាព្យលោក គង្គ ប៊ុនឈឿន អំពីវប្បធម៌ក្ដិចត្រួយគឺអ្នកណាលេចធ្លោដឹងពីសង្គមច្រើនបន្តិចគេមិនឲ្យបានសុខទេ។ គួរឲ្យសោកស្តាយអ្នកមានគំនិតជាតិនិយម និងស្នេហាជាតិ។ ការសម្លាប់នេះហាក់ដូចជាការគំរាមអ្នកផ្សេងមិនឲ្យហ៊ាននិយាយ។ នៅស្រុកខ្មែរមានអ្នកចេះដឹងច្រើនតែមានឆន្ទៈជាតិនិយមអត់? គាត់មិនហ៊ាននិយាយទេ៕

លោក រតនា អាយុ ២៤ ឆ្នាំនិស្សិតច្បាប់

ម៉ោងប្រហែល ១១ ខ្ញុំដឹងព័ត៌មានហើយវាកើតឡើងនៅជិតផ្ទះរបស់ខ្ញុំតែខ្ញុំមិនបានទៅមើលទេព្រោះអ្នកនយោបាយខ្លាចក្រែងមានគេដាក់គ្រាប់បែកអីទៅ។ ខ្ញុំមានការសោកស្តាយ និងភ្ញាក់ផ្អើលពេលដឹងដំណឹងនេះ។ តែខ្ញុំគិតថាយើងកុំទាន់ជ្រួលច្របល់សូមបងប្អូនចាំមើលវិធានការរបស់រដ្ឋាភិបាលសិនថាអ្នកណានៅពីក្រោយខ្នងពិតប្រាកដ។ ជនសង្ស័យដែលគេចាប់បានខ្ញុំអត់ជឿ។ វាប្រៀបដូចជាគេលេងល្ខោនឲ្យយើងមើលអ៊ីចឹងគឺគេធ្វើឲ្យយើងអស់ចិត្តមួយភ្លែតសិន។ ត្រង់ថាម្ចាស់បំណុលមកសម្លាប់កូនបំណុលវាអត់សមហេតុផលបាត់ទៅហើយវាមិនដែលគាត់មានលុយទៅទិញកាំភ្លើងថ្លៃអ៊ីចឹងទេ។ ខ្ញុំគិតថាយើងពលរដ្ឋកុំទាន់បញ្ចេញកំហឹងភ្លាមៗតែមិនមែនមិនអើពើទេតែយើងត្រូវធ្វើតាមសន្តិវិធី។ ខ្ញុំសំណូមពរឲ្យបងប្អូនមានភាពស្ងប់ស្ងាត់។ ខ្ញុំជឿថាមនុស្សភាគច្រើនដឹងថារឿងហ្នឹងវាកើតឡើងដោយសារអីហើយ៕

ផាន់ ម៉ុន អាយុ ៤៦ ឆ្នាំអាជីវករលក់សាច់ជ្រូកនៅផ្សារកណ្តាល

សោកស្តាយនោះវាសោកស្តាយមែនទែនគាត់មានចំណេះដឹង។ អនាគតទៅអត់មានអ្នកដឹកនាំប្រទេសដែលចេះដឹងទេ។ ខ្ញុំឮព័ត៌មានតាមអ្នកលក់ តាមហ្វេសប៊ុកតែទៅដល់ផ្ទះខំបើកទូរទស្សន៍មើលតែអត់ឃើញផ្សាយ។ បើចាប់ឃាតករបានហើយម៉េចរកមេខ្លោងមិនឃើញ? អ៊ីចឹងមានតែឃាតករស៊ីឈ្នួល។ ខ្ញុំអត់ជឿសោះថាមុខមាត់លោក កែម ឡី ជំពាក់លុយគេបើគាត់ឲ្យលុយគេជំពាក់យើងជឿ។ ទើបតែឃើញគាត់ប៉ុន្មានថ្ងៃមុនសោះ។ គិតថាអស់ពីគាត់ទៅអត់មានអ្នកណាចេះដឹងទេមានតែអ្នកនាំថ្នាំញៀនចូល នាំម៉ា ហិតកាវ។ អនាគតទៅស្រុកខ្មែរសល់ប៉ុននេះ (កូនដៃ)។ ខ្ញុំក្តុកក្តួលសោកស្តាយណាស់អ្នកចេះដឹងមិនងាយរកបានទេ តស៊ូខំរៀនយូរណាស់អស់លុយច្រើនណាស់ទើបបានជាបណ្ឌិត៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>