ថ្ងៃចន្ទម្សិលមិញនេះ មហាជនខ្មែរច្រើនពាន់នាក់បាននាំគ្នាទៅចូលរួមបុណ្យសពសកម្មជនល្បីម្នាក់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងបក្សប្រឆាំង។
លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់ស្រស់ៗច្រើនគ្រាប់នៅហាង Star Mart កន្លែងលក់សាំងកាលតិចនៅស្ដុបបូកគោក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ។ ភ្លាមៗមានរបាយការណ៍ថា ឃាតករថាលោក កែម ឡី ជំពាក់ប្រាក់៣ពាន់ដុល្លារ ហើយរឿងនេះបានការបដិសេធពីក្រុមគ្រួសារសពថាមិនពិតទេ។
កាសែត Reuters រាយការណ៍មកថា អ្នកចូលរួមកាន់ទុក្ខសពលោក កែម ឡី ជាច្រើននិយាយថាការសម្លាប់លោក កែម ឡី នេះគឺជារឿងនយោបាយ ខណៈពេលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានហៅឲ្យមានការស្ងប់ស្ងាត់ទុកពេលឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់។
ថ្ងៃនេះពលរដ្ឋខ្មែរជាច្រើននាក់ទៀតបន្ដនាំគ្នាទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដើម្បីសម្ដែងការគោរពស្រឡាញ់របស់ពួកគេដល់រូបលោក និងក្រុមគ្រួសារនៅវត្ដពោធិយារាម ហៅវត្ដចាស់ក្នុងសង្កាត់ជ្រោយចង្វារ។ សាកសពរបស់លោកដែលគេគ្រោងតម្កល់នៅវត្ដនោះរយៈពេល១០ថ្ងៃគ្របដណ្ដប់ដោយទង់ជាតិខ្មែរ និងមានការដាក់កម្រងផ្ការម្លិះជាច្រើននៅជុំវិញ និងលើខ្លួនសពរបស់លោក។
នៅល្ងាចម្សិលមិញតុលាការក្រុងភ្នំពេញមិនទាន់បានដាក់បទចោទលើឃាតករដែលហៅខ្លួនឯងថា ជួប សម្លាប់ នៅឡើយទេ ប៉ុន្ដែគេរំពឹងថាថ្ងៃនេះអាជ្ញាធរនឹងដាក់បទចោទជាផ្លូវការ។
លោក ហ៊ុន សែន បានមានប្រសាសន៍ម្សិលមិញថា រដ្ឋាភិបាលទេជាអ្នកខាតនៅក្នុងរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ហើយក៏ប៉ះពាល់ធ្ងន់ធ្ងរដែរដល់មុខមាត់រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាព និងសន្ដិសុខដល់ប្រជាជន។ ប៉ុន្ដែលោកនាយករដ្ឋមន្ដ្រីក៏ឲ្យដឹងដែរថា បណ្ដាជនមិនគួរយល់ឃើញថានេះជារឿងនយោបាយឡើយ។
កាលនៅរស់លោក កែម ឡី ជាញឹកញាប់តែងតែរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបានកាន់អំណាចអស់ពេលជាង៣០ឆ្នាំហើយ។
សហរដ្ឋអាម៉េរិកបានសំដែងឲ្យឃើញនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការសម្លាប់លោក កែម ឡី ហើយអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក John Kirby កំពុងទទូចឲ្យមានការស៊ើបអង្កេតហ្មត់ចង់ និងមិនលម្អៀង។
ថ្ងៃនេះកាសែតភ្នំពេញប៉ុស្ដិ៍រាយការណ៍ឲ្យដឹងអំពីភស្ដុតាងថ្មីទើបផុសឡើងថា ឈ្មោះពិតរបស់ឃាតករ ជួប សម្លាប់ គឺឈ្មោះ អឿត អាង អាយុ៤៤ឆ្នាំជាអតីតទាហានខ្មែរក្រហម និងអតីតទាហានកងយោធពលខេមរភូមិន្ទ, ជាអតីតសង្ឃ និងជាមន្ដ្រីការពារបរិស្ថានដែលបានរៀបការប្រពន្ធទី២រស់នៅក្នុងខេត្ដសៀមរាប៕
ប្រភពៈ radioaustralia