មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ថ្លែងនៅរសៀលថ្ងៃទី៤ មេសា ថា ក្រសួងមិនបានដឹងព័ត៌មានណាមួយឡើយជុំវិញការឃាត់ខ្លួន លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ទាក់ទងនឹងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី អះអាងបែបនេះក្រោយពេលសារព័ត៌មានក្នុងស្រុកចេញផ្សាយព្រោងព្រាតថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅព្រឹកថ្ងៃទី៤ មេសា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ និងភាពមិនប្រក្រតីជុំវិញការបំពេញមុខងារ៖ «ខ្ញុំបានឆ្លើយជម្រាបហើយថា ខ្ញុំអត់មានព័ត៌មានដើម្បីជម្រាបជូនទេ ថាតើឲ្យខ្ញុំឆ្លើយលើសពីនេះយ៉ាងម៉េចទៀត»។ ប្រធានចលនាយុវជននៅប្រទេសកូរ៉េខាងត្បូង លោក យីម ស៊ីណន ឲ្យវិទ្យុអាស៊ីសេរី ដឹងពីប្រទេសកូរ៉េ មកថា កាលពីថ្ងៃទី២ មេសា លោក ស៊ុត ឌីណា បានឡើងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េ ទាំងទឹកមុខស្រពោន និងភ្លេចមុខភ្លេចក្រោយ ដែលទំនងជាលោកបានដឹងខ្លួនជាមុនថា នឹងត្រូវអាជ្ញាធរកម្ពុជា ឃាត់ខ្លួន៖ «គាត់បានប្រាប់ថា គេកំពុងរៀបចំសេណារីយ៉ូធ្វើបាបគាត់។ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីមន្ត្រីថ្នាក់ក្រោម ឬក៏ជិតស្និទ្ធនឹងគាត់ គេប្រាប់ថាមានពាក្យបណ្ដឹង និងជម្លោះ។ ភាគច្រើន គឺជម្លោះផ្ទៃក្នុងស្ថានទូតជាមួយមន្ត្រីថ្នាក់ក្រោមធ្វើការជាមួយគាត់មិនចុះសម្រុងគ្នា។ ជាក់ស្តែង អង្គភាពប្រឆាំងអំពើពុករលួយ បានចុះមកធ្វើសវនកម្មនៅស្ថានទូតប្រហែលជា ៣ដងរួចមកហើយ តាមដែលខ្ញុំធ្លាប់ដឹង ពីព្រោះកាលពីមុនធ្លាប់មានសារព័ត៌មានចុះផ្សាយម្តងរួចមកហើយ។ គាត់បានបង្ហោះសារជាសាធារណៈទាក់ទងនឹងការទាមទារឲ្យសម្ដេច ជួយរកយុត្តិធម៌ឲ្យគាត់។ គេឃាត់ខ្លួនតាំងពីយប់មិញមកម្ល៉េះ (យប់ថ្ងៃទី៣ មេសា) តាមដែលខ្ញុំដឹង។ ឃាត់ខ្លួនពីប្រទេសកូរ៉េ បញ្ជូនទៅទាំងយប់ទៅដល់ខ្មែរ គេឃាត់ខ្លួនគាត់ទៅអង្គភាពប្រឆាំងអំពើពុករលួយ តែម្តង»។ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេនៅថ្ងៃទី៤ មេសា ដើម្បីបកស្រាយបន្ថែមចំពោះការឃាត់ខ្លួន លោក ស៊ុត ឌីណា ពាក់ព័ន្ធនឹងរឿងពុករលួយឬយ៉ាងណា? លោក ស៊ុត ឌីណា គឺជាអតីតប្រធានរណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ ដែលគាំទ្រសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងជាសកម្មជននយោបាយម្នាក់ដែលធ្លាប់ដឹកនាំបាតុកម្មនានា ប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តែក្រោយមក លោក ស៊ុត ឌីណា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយពីលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយពេលលេចឮព័ត៌មានការឃាត់ខ្លួន លោក ស៊ុត ឌីណា និងបញ្ជូនមកកម្ពុជា នៅថ្ងៃទី៤ មេសា មជ្ឈដ្ឋាននានាដែលរួមមានមិត្តភ័ក្ដិ និងក្រុមយុវជននៅប្រទេសកូរ៉េ បានបញ្ចេញយោបល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ពួកគេភ្ញាក់ផ្អើល និងសោកស្ដាយចំពោះចំណាត់ការនេះ ព្រមទាំងទទូចឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ លោក ស៊ុត ឌីណា៕ គេហទំព័ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ Screenshot ប្រភពៈ RFA
↧