នៅថ្ងៃចន្ទ ទី៤ មេសានេះ ទ័ពកូរ៉េខាងត្បូងបានបើកធ្វើសមយុទ្ធក្រោមទ្រង់ទ្រាយធំតែម្នាក់ឯងដោយបាញ់គ្រាប់ពិតនៅក្នុងសមុទ្រជប៉ុន។ សមយុទ្ធត្រូវបានធ្វើឡើងនៅក្នុងស្រុក Goseong ជាប់សមុទ្រ និងមានព្រំដែនជាប់ជាមួយកូរ៉េខាងជើង។ ជម្រើសបាញ់គ្រាប់ពិតនៅក្នុងសមុទ្រជប៉ុន ព្រោះជាទីកន្លែងដែលកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបជាច្រើនដងនារយៈពេលចុងក្រោយនេះ។ គោលដៅនៃការបើកសមយុទ្ធតែម្នាក់ឯងរបស់ទ័ពកូរ៉េខាងត្បូងថ្ងៃនេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិលោកម៉ូន សង់យ៉ុនថ្លែងថា គឺដើម្បីធ្វើឲ្យដូចគ្នានឹងសេណារីយ៉ូបង្កឡើងដោយកូរ៉េខាងជើងនៅក្នុងសមុទ្រជប៉ុន។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងរូបនេះដដែលក៏មិនបានលាក់កំបាំងទេថា សមយុទ្ធថ្ងៃនេះក៏សំដៅបង្កើនការកែលម្អ និងប្រសិទ្ធិភាពនៃការបាញ់នៅសមុទ្រ ព្រមទាំងសំដៅផ្ទាំងស៊ីបរបស់សត្រូវផងដែរ។ ទ័ពកូរ៉េខាងត្បូងបើកសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង សមយុទ្ធរបស់ទ័ពកូរ៉េខាងត្បូងពេលនេះបានធ្វើឡើង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េបាន និងកំពុងឡើងតានតឹងខ្លាំងនារយៈពេលចុងក្រោយនេះ។ ការឡើងតានតឹងក៏ដោយសារតែកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលអន្តរទ្វីបជាបន្តបន្ទាប់។ គ្រាន់តែនៅក្នុងខែមីនាកន្លងទៅ មនុស្សខ្លាំងកូរ៉េខាងជើងគីម ជុនអ៊ុនផ្ទាល់ខ្លួនបានចេញបញ្ជា និងត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបចម្ងាយមធ្យម និងចម្ងាយជិតជាច្រើនដងនៅក្នុងសមុទ្រជប៉ុន។ ការបង្ហាញសាច់ដុំរបស់របបក្រុងព្យុងយ៉ាងនាពេលកន្លងមក គឺដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាងទ័ពកូរ៉េខាងត្បូង និងអាមេរិក។ សមយុទ្ធដែលកូរ៉េខាងជើងតែងតែចាត់ទុកជាការរៀបចំជើងព្រួលវាយលុកចូលក្នុងទឹកដីកូរ៉េខាងជើង។ សូមជម្រាបជូនថា កូរ៉េខាងជើងកំពុងជាប់ និងក៏កំពុងបន្តទទួលទ័ណ្ឌកម្ម ឬមួយក៏ការថ្កោលទោសអន្តរជាតិក្នុងរឿងសាកល្បងនុយក្លេអ៊ែរ ក៏ដូចជារឿងបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប។ តែទោះជាយ៉ាងនេះក្តី ក៏នៅតែមិនអាចធ្វើឲ្យកូរ៉េខាងជើងរាងចាលដែរ និងបន្តផ្គើនសហគមន៍អន្តរជាតិជាហូរហែ៕ ប្រភពៈ RFI
↧