បណ្តាញផ្សព្វផ្សាយល្បីៗនៅទូទាំងពិភពលោកចេញផ្សាយរបាយការណ៍ស៊ើបអង្កេត ស្តីពីការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុគេចពន្ធដ៏សំខាន់មួយនៅប៉ាណាម៉ា។ របាយការណ៍បានលាតត្រដាងឈ្មោះ ឥស្សរជនល្បីៗនៅទូទាំងពិភពលោក ជាច្រើនរូប ខ្លះជាអតីតប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល ខ្លះកំពុងកាន់អំណាច មានជាអាទិ៍ លោកពូទីន និងលោកស៊ី ជីនពីង នាយករដ្ឋមន្ត្រីអ៊ីស្លង់ អ៊ុយក្រែន… និងខ្លះជាទៀតជាមហាសេដ្ឋីនានា សិល្បករ (ឈិនឡុង) និងកីឡាករ (កីឡាករបាល់ទាត់ Messi) ជាដើម។ល។ នេះជាការទម្លាយរឿងសម្ងាត់ដ៏ធំបំផុត ដែលពិភពអ្នកសារព័ត៌មានសម្រេចប្រមូលបានសំណុំឯកសារដល់ទៅ ១១,៥លាន ទម្ងន់២,៦Tétraocterts បានមកពីការិយាល័យ Mossack Fonseca របស់ប៉ាណាម៉ា ដែលអ្នកគ្រប់គ្រងក្រុមហ៊ុនបរទេស។ គេធ្លាប់បានដឹង និងបានឮកន្លងមក រឿងអាស្រូវប្រើប្រព័ន្ធហិរញ្ញវត្ថុគេចពន្ធ ទាក់ទងនឹងធនាគារមួយ ឬរបស់ប្រទេសមួយ ប៉ុន្តែនៅលើកនេះ និងតាំងពីថ្ងៃអាទិត្យមក បណ្តាញផ្សព្វផ្សាយព័ត៌មានល្បីៗនៅលើនិងទូទាំងពិភពលោក បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតដ៏ធំមួយមិនធ្លាប់មាន ស្តីពីរឿងអាស្រូវ គេចពន្ធនៅប៉ាណាម៉ា ប្រទេសតូចមួយ នៅចំកណ្តាលទ្វីបអាមេរិក ប៉ះពាល់និងពាក់ព័ន្ធដល់ឥស្សរជននយោបាយកំពូលៗ ជាច្រើនរូប ដូចជា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ ស្តេចសាល់ម៉ាន របស់អារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអ៊ុយក្រែន ប៉ូរ៉ូឆេនកូ ប្រធានាធិបតីអាហ្សង់ទីន ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលកំពុងដឹកនាំយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ (…) ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងក្រុមគ្រួសារ នាយករដ្ឋមន្ត្រីអ៊ីស្លង់ និងភរិយា ក៏មានជាប់ឈ្មោះក្នុងប្រព័ន្ធគេចពន្ធប៉ាណាម៉ានេះដែរ។ នៅមានឥស្សរជននយោបាយ ក្នុងប្រទេសដទៃទៀត ជាច្រើននាក់ផ្សេង ក៏មានជាប់ឈ្មោះក្នុងបញ្ជីដែរ រាប់ទាំងកម្ពុជាផង ! ឥស្សរជនសំខាន់ៗមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងគេចពន្ធប៉ាណាម៉ា ក្រៅអំពីឥស្សរជននយោបាយ នៅមានក្រុមមហាសេដ្ឋី ថៅកែក្រុមហ៊ុនធំៗ សិល្បករល្បីៗ មានជាអាទិ៍ លោក ឈិនឡុង … កីឡាករថ្នាក់អន្តរជាតិ ដូចជាកីឡាករបាល់ទាត់ មេស៊ី ឬក៏អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប លោក មីស្ហែល ផ្លាទីនី ដែលត្រូវព្យួរពីការងារព្រោះជាប់ចោទពុករលួយ ក៏បានទៅពឹងពាក់ប្រើប្រព័ន្ធគេចពន្ធនៅប៉ាណាម៉ានេះដែរ។ ការអង្កេតរបស់អ្នកកាសែត សំណុំរឿងប៉ាណាម៉ា គឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់អ្នកកាសែត ៣៧០នាក់ មកពី១០៧ការិយាល័យនិពន្ធខុសគ្នា និងមកពី៧៧ប្រទេសផ្សេងៗគ្នា លើភពផែនដី រយៈពេលមួយឆ្នាំ។ ហើយតាំងពីថ្ងៃអាទិត្យទី ៣ មេសាមក ក្រុមអ្នកកាសែតនេះ បាននាំគ្នាទម្លាយរឿងស្រូវគេចពន្ធ ដោយចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន ផ្សព្វផ្សាយឱ្យដឹងជាសាធារណៈ បើទោះបីជាអ្នកខ្លះអាចត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ។ របាយការណ៍នេះ ដែលជាឯកសារដ៏ច្រើនសន្ធឹកសន្ធាប់ ខ្លះជាសារអ៊ីមែល ជាកំណត់ត្រា ជាទូរលេខ ជាតារាងទិន្នន័យ ។ល។ និង។ល។ សរុបចំនួន ១១,៥លានឯកសារ ប្រមូលបានមកពីការិយាល័យសារជីវកម្មពាណិជ្ជកម្មអន្តរជាតិរបស់ប៉ាណាម៉ា ឈ្មោះថា Mossack Fonseca ដែលមានឯកទេសចាត់ចែងចុះឈ្មោះ និងគ្រប់គ្រងការដំឡើងក្រុមហ៊ុន សហគ្រាសបរទេស នៅក្នុងប្រទេសប៉ាណាម៉ា។ Mossack Fonseca ? សារជីវកម្មពាណិជ្ជកម្មអន្តរជាតិប៉ាណាម៉ា ឬ ការិយាល័យ Mossack Fonseca បង្កើតឡើងនៅឆ្នាំ ១៩៧៧ ពេលប៉ាណាម៉ាស្ថិតក្រោមរបបផ្តាច់ការ ដែលចង់ផ្តល់សន្ទុះដល់សេដ្ឋកិច្ច តាមរយៈការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ខ្លាំងក្លាមួយដែលធានារក្សាការសម្ងាត់ធនាគារ និងមិនយកពន្ធពីក្រុមហ៊ុនបរទេសទេ។ នយោបាយនេះបានធ្វើឱ្យប៉ាណាម៉ាបានក្លាយជាប្រទេសដ៏ទាក់ទាញបំផុត ! ក្រុមហ៊ុនបរទេសនាំគ្នាទៅបណ្តាក់ទុន ទិញភាគហ៊ុន។ ទោះបីជាមានគំនាបពីការទូតពីក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០ ឱ្យទម្លាយការសម្ងាត់ធនាគារយ៉ាងណាក៏ដោយ ក៏ប៉ាណាម៉ា មិនបានធ្វើដឹង និងប្រឹងការពារតែប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ ការិយាល័យ Mossack Fonseca ដឹកនាំដោយបុរសខ្លាំងពីរនាក់ ម្នាក់ គឺ Jurgen Mossack ជនជាតិប៉ាណាម៉ា ដើមកំណើតអាល្លឺម៉ង់ មានជំនាញជាអ្នកច្បាប់ និងម្នាក់ទៀតឈ្មោះ Fonseca Mora ជាមនុស្សស្និទ្ធនឹងអ្នកនយោបាយប៉ាណាម៉ា និងជាទីប្រឹក្សារបស់ប្រធានាធិបតីប៉ាណាម៉ាផង។ ដំបូងឡើយ ការិយាល័យនេះត្រូវជាប់សង្ស័យ ថាបានជួយអ្នកទទួលខុសប្រេស៊ីល បង្វែរលុយ ក្រោយពីមានផ្ទុះរឿងពុករលួយក្នុងក្រុមហ៊ុនរដ្ឋប៉េត្រូប្រាសប្រេស៊ីល។ ប្រព័ន្ធគេចពន្ធដោយការខ្ចីឈ្មោះ រចនាសម្ព័ន្ធនៃសារជីវកម្មពាណិជ្ជកម្ម ឬការិយាល័យ Mossack Fonseca ដែលទទួលចុះឈ្មោះនិងគ្រប់គ្រងក្រុមហ៊ុនបរទេសឱ្យរកស៊ីនៅប៉ាណាម៉ា ចំនួន ២១៤០០០ មិនមែនសុទ្ធតែខុសច្បាប់ ឬ មានការលាក់បំបាំងទេ។ តែប៉ាណាម៉ា មានប្រព័ន្ធខ្ចីឈ្មោះប្រើ ដើម្បីបើកក្រុមហ៊ុន ដែលអាចជួយលាក់ទ្រព្យសម្បត្តិ និងលាក់អត្តសញ្ញាណរបស់គេបាន។ ប្រព័ន្ធនេះបានធ្វើឱ្យលុយស្អាតត្រូវជួបជាមួយលុយកខ្វក់ លុយពុករលួយ លុយបានមកពីការប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងៗ … អ្នកមាន តារា ត្រូវច្របូលច្របល់ជាមួយបណ្តាញម៉ាផ្វា និងប្រមុខដឹកនាំប្រទេសពុករលួយ។ ប្រើក្រុមហ៊ុនមួយដើម្បីជួយការពារក្រុមហ៊ុនបរទេសមួយទៀត ជួយសម្រួលឱ្យក្រុមហ៊ុនមានភាគហ៊ុនហិរញ្ញវត្ថុសកម្មនៅលើទីផ្សារ ប៉ុន្តែគ្មានសកម្មភាពពាណិជ្ជកម្មជាក់ស្តែងទេ យូរៗទៅលុយទាំងនោះនឹងត្រូវបាត់ ឬបង្វែងដាន … ភ្នាក់ងារពន្ធដារនិងច្បាប់ ពិតជាពិបាកយល់ ពិបាកចាប់បាន។ ប្រភពៈ RFI
↧