Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យ​វិច័យ​ស្នាម​មេដៃ CNRP ដោយ​មាន​ស្នងការ​ ២៥ ​រាជធានី-ខេត្ត​ជា​សមាជិក

$
0
0

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សដែលត្រូវបានគេចាត់ទុកថាជាអ្នកទោសមនសិការ និងបញ្ឈប់ការចាប់ខ្លួនលោក កឹម សុខា។

4-ThumbPrint

ញត្តិជាមួយនឹងស្នាមមេដៃពលរដ្ឋដែលគណបក្សសង្គ្រោះជាតិដាក់ថ្វាយព្រះមហាក្សត្រ។ ហុង មិនា

ចំណាត់ការនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្វើការស្រាវជ្រាវស្នាមមេដៃដោយមានចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣១ ខែឧសភា។

សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ស ខេង ចុះថ្ងៃទី ២ ខែមិថុនាបានដាក់គោលដៅថា៖ «គណៈកម្មការនេះមានភារកិច្ចធ្វើកោសល្យវិច័យស្នាមមេដៃទៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិចុះស្រាវជ្រាវពីប្រជាពលរដ្ឋដែលបានផ្តិមមេដៃចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធីច្បាប់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យ និងសម្រេច»។

សេចក្តីសម្រេចបន្តថាគណៈកម្មការនេះមានសិទ្ធិបង្កើតអនុគណៈកម្មការតាមរាជធានី ខេត្ត ដើម្បីជាជំនួយការដែលមានអភិបាលរងរាជធានី ខេត្ត ១ រូបជាប្រធានស្នងការនគរបាលរាជធានីខេត្តជាអនុប្រធាន និងជាសមាជិកតាមតម្រូវការចាំបាច់ហើយគណៈកម្មការនេះក៏មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃផងដែរ។

សមាសភាពរបស់គណៈកម្មការនេះរួមមានអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ជាប្រធានលោក កង សុខន អគ្គស្នងការរងនគរបាលជាតិលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល និងលោក ជាង ពៅ ប្រធានក្រុមប្រឹក្សានីតិកម្មជាអនុប្រធាន។ ចំណែកលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិលោក មួង សុធា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និងស្នងការនគរបាលរាជធានី ខេត្ត ជាសមាជិក។

ស្នងការខេត្តកំពង់ចាមលោក បែន រ័ត្ន ថ្លែងថាលោកទើបតែបានឃើញលិខិតតែមិនទាន់ទទួលបញ្ជាពីថ្នាក់លើនៅឡើយទេ។ លោកថា៖ «យើងអត់ទាន់មានសកម្មភាពធ្វើម៉េចខ្លះទេនិយាយទៅមិនមានរូបភាពណាមួយឡើយគ្រាន់តែមានការចាត់តាំងតាមលិខិត»។

ចំណែកស្នងការខេត្តកំពង់ស្ពឺលោក កែវ ពិសី ថ្លែងថានៅថ្ងៃនេះអភិបាលខេត្តនឹងរៀបចំគណៈកម្មការមួយដើម្បីដឹកនាំធ្វើយន្តការបន្ទាប់ពីទទួលបានការចាត់តាំងពីក្រសួងមហាផ្ទៃ។ លោកថា៖ «ឯកឧត្តមអភិបាលខេត្តនឹងហៅគណៈបញ្ជាការឯកភាពមកប្រជុំរៀបចំយន្តការដើម្បីអនុវត្ត»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា អ្វីដែលគណបក្សបានទទួលនោះគឺជាស្នាមមេដៃ និងជាឆន្ទៈរបស់ប្រជាពលរដ្ឋ ខណៈលោកថ្លែងចំអកថាបើសិនជាមិនទុកចិត្តក្រសួងអាចហៅពលរដ្ឋទាំងនោះមកបង្ហាញមុខនៅព្រះបរមរាជវាំងក៏បាន។

លោកថា៖ «រឿងធ្វើកោសល្យវិច័យខ្ញុំមិនយល់ទេប៉ុន្តែយកល្អដើម្បីងាយស្រួលបំផុតឧទាហរណ៍ក្នុងញត្តិមានចំនួន ១៨ ម៉ឺននាក់អ៊ីចឹងយើងអញ្ជើញគាត់មកកុំឱ្យខ្លាចថាមានការផ្តិតមេដៃបន្លំ។ បើតាមខ្ញុំដឹងវាតិចពេកផងចំនួនជិត ២០ ម៉ឺននោះព្រោះទើបបាន ៥% នៃអ្នកគាំទ្របក្សសង្គ្រោះជាតិមាន ៣ លានឯណោះ»។

លោកសង្កត់ធ្ងន់ថា បើយកល្អក្រសួងគួរស៊ើបអង្កេតជនអន្តោប្រវេសន៍ខុសច្បាប់ជាជាងចំណាយពេលទៅស៊ើបអង្កេតក្នុងរឿងមេដៃ។

លោកបញ្ជាក់ថា៖ «ព្រោះយើងនៅមានជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនណាស់មិនទាន់ដោះស្រាយបញ្ហាព្រំដែន ពុករលួយ និងអយុត្តិធម៌សង្គមច្រើនណាស់»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ថ្លែងថាវិធានការធ្វើកោសល្យវិច័យទៅលើស្នាមមេដៃនេះអាចជាការស្វែងរកការពិត និងជាការបំភិតបំភ័យផងប៉ុន្តែលោកថាប្រសិនបើថ្នាក់ដឹកនាំមានសុច្ឆន្ទៈក្នុងការបង្រួបបង្រួមជាតិ និងឯកភាពជាតិពិតមែនមិនគួរចំណាយពេលទៅស្វែងរកស្នាមមេដៃនោះទេ។

លោកថា៖ «យើងស្រមៃមើលបើសិនជាមានក្រុមប៉ូលិសមានឯកសណ្ឋានចូលក្នុងភូមិមួយហើយទៅសួរដេញដោលអ្នកណាខ្លះផ្តិតមេដៃខ្ញុំគិតថានឹងមានពលរដ្ឋមួយចំនួនមិនហ៊ានចេញមុខទេហើយកាលណាមិនហ៊ានចេញមុខត្រូវបានគេចោទប្រកាន់ថាជាមេដៃក្លែងក្លាយ»។

បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដាក់ញត្តិថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដែលមានស្នាមមេដៃចំនួន ១៧៣១៤៤ នាក់នៅថ្ងៃអង្គារសារព័ត៌មាន Fresh News បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេល ៣៦ វិនាទីដោយបានបង្ហាញពីមនុស្សពីរនាក់ដែលមុខរបស់ពួកគេមិនត្រូវបានឃើញបានសរសេរលើញត្តិជាមួយស្នាមមេដៃមួយចំនួនហើយមនុស្សដទៃទៀតដែលមិនត្រូវបានឃើញមុខដែរនោះបាននិយាយថា៖ «ឈ្មោះរបស់សាច់ញាតិរបស់យើងបញ្ចូលទាំងអស់វាមិនពិបាកទេពួកគេមិនស្គាល់មុខរបស់យើងទេ»។

មជ្ឈដ្ឋានមួយចំនួនសង្ស័យថាវីដេអូឃ្លីបនេះអាចជាការប្រឌិតដើម្បីធ្វើការចោទប្រកាន់ទៅលើគណបក្សសង្គ្រោះជាតិ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>