ភ្នំពេញៈ មន្រ្តីក្នុងរដ្ឋាភិបាលបានបង្ហាញពីគំនិតផ្សេងគ្នាពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា ដោយខ្លះបានលើកឡើងថាវាមិនទទួលបានអត្ថប្រយោជន៍ប៉ុន្តែមន្រ្តីខ្លះទៀតបានអះអាងថាប្រសិនបើមិនចាប់នោះតុលាការ និងរដ្ឋសភាគួរតែបិទ។
តំណាងរាស្ត្រ CNRP ពេលថ្លែងពីករណីចាប់លោក កឹម សុខា។ ហុង មិនា
ទាំងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យ CPPលោក សុខ ឥសាន បានថ្លែងថាការអនុវត្តតាមនីតិវិធីក្នុងការចាប់ខ្លួនលោក កឹម សុខា មិនអាចបោះបង់បានទេបើមិនដូច្នោះទាំងតុលាការ និងរដ្ឋសភាត្រូវតែបិទចោល។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ក្នុងដំណើរការនីតិវិធីនេះខ្ញុំមើលទៅលោក កឹម សុខា ត្រូវតែប្រឈមមុខនឹងការចាប់ខ្លួនដើម្បីចូលបំភ្លឺនៅតុលាការ។ នេះជានីតិវិធីបន្ទាប់ពីរដ្ឋសភា»។
ឆ្លើយតបនឹងគម្រោងធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា លោក ផៃ ស៊ីផាន បានចាត់ទុកថាជាបញ្ហាផ្សេងមួយទៀតដោយព្រមានថារដ្ឋាភិបាលនឹងចាត់ចំណាត់ការដើម្បីពង្រឹងនីតិរដ្ឋ។ លោកថា៖ «រដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តដំណើរការនីតិវិធីដូច្នេះមិនមានហេតុផលណាមួយដែលយើងមិនអនុវត្តតាមច្បាប់នោះទេ»។
លោក សុខ ឥសាន បានថ្លែងបន្តថា៖ «ប្រសិនបើមានករណីបែបហ្នឹងអ្នកទោសនៅពន្ធនាគារត្រូវដោះលែងទាំងអស់។ តុលាការត្រូវតែបិទ»។
ការលើកឡើងរបស់អ្នកនាំពាក្យទាំងពីររូបនេះបានផ្ទុយទៅនឹងអ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថា៖ «បើចាប់ កឹម សុខា បានឬមិនបានដែលនាំឲ្យបង្ហូរឈាមចាប់ធ្វើអ្វី!បុគ្គលម្នាក់ឲ្យនៅអ៊ីចឹងទៅចុះក្រសួងមហាផ្ទៃមិនល្ងង់ខ្លៅឲ្យឈាមហូរដោយសារ កឹម សុខា នោះទេ…»។
ទោះយ៉ាងណាលោក សុខ ឥសាន និងលោក ផៃ ស៊ីផាន បានថ្លែងថាអត្ថាធិប្បាយរបស់លោក ខៀវ សុភ័គ ប្រហែលគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរកាលពីម្សិលមិញក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយការពារការអនុវត្តច្បាប់របស់រដ្ឋាភិបាលបន្ទាប់ពីស្ថានទូតបរទេសប្រចាំកម្ពុជាខ្លះរួម និងសហភាពអឺរ៉ុបបានប្រតិកម្មចំពោះការចាប់ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប អ្នកនយោបាយ និងការប៉ុនប៉ងចាប់លោក កឹម សុខា ដោយសម្ដែងការភ្ញាក់ផ្អើល និងមិនពេញចិត្តចំពោះការអនុវត្តដំណើរការនីតិវិធីតុលាការកម្ពុជានោះទេ។
ជាការឆ្លើយតបក្រសួងការបរទេសបានរិះគន់ថាប្រតិកម្មទាំងនេះឆ្លុះបញ្ចាំងអំពីការខ្វះខាតចំណេះដឹង ឬឆន្ទៈធ្វើពុតមិនចេះវិធាននៃក្រមព្រហ្មទណ្ឌ និងក្រមនីតវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ពីម្សិលមិញបានបដិសេធធ្លើយតបនឹងសេចក្តីប្រកាសក្រសួងការបរទេសដោយថ្លែងថានេះជារឿងរបស់ក្រសួងការបរទេសប៉ុន្តែបានហៅការអនុវត្តទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សថាជាការបំពានច្បាប់ និងបានប្រកាសចរចាជាមួយគណបក្សកាន់អំណាចដើម្បីបញ្ចប់បញ្ហា។
លោកថា៖ «ចំពោះ [គណបក្សសង្គ្រោះជាតិ] យើងមិនមានកំហុសហើយអ្វីដែល [គណបក្សកាន់អំណាច] បាននិងកំពុងធ្វើវាមិនស្របទៅតាមរដ្ឋធម្មនុញ្ញ។
ដូច្នេះប្រសើរ [យើង] ចរចាបញ្ចប់បញ្ហាដើម្បីយកពេលគិតពីបញ្ហាសំខាន់ៗរបស់ជាតិ»។
លោក សុខ ឥសាន បានបញ្ជាក់ថា CPP ចង់ចរចាជាមួយ CNRP ប៉ុន្តែបានបញ្ជាក់ជាថ្មីថាការចរចាអាចធ្វើបានលុះត្រាតែមិនលើកបញ្ហាអ្នកទោស និងករណីសម្រេចដោយតុលាការ។ ប៉ុន្តែមន្ត្រី CNRP និងអ្នកវិភាគបានអះអាងថាបើការចរចាមិននិយាយពីសមាជិក CNRP ជាប់ពន្ធនាគារ និងសកម្មជនដើម្បីបញ្ចប់ភាពតានតឹងនយោបាយតើនិយាយអំពីអ្វី?
ប៉ុន្តែយ៉ាងណាក្តីភាគីទាំងពីរមិនទាន់កំណត់ពេលវេលាជួបចរចានៅឡើយទេ។
ទាក់ទងនឹងរឿងនេះដែរកាលពីម្សិលមិញចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ថ្មីមួយទៀតឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ១៤ ខែមិថុនាវេលាម៉ោង ៩ ព្រឹក៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍