Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ពលរដ្ឋ​មិន​ព្រម​ចាកចេញ​ ខណៈ​បិទ​ទំនប់​សេសាន

$
0
0

ស្ទឹងត្រែងៈ ខណៈ​កម្ពស់​ទឹក​នៅ​ក្បាល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ឡើង​ ១ ​ម៉ែត្រ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​ទាំង​ ១០ ​នោះ មាន​ពលរដ្ឋ​ខ្លះ​កំពុង​តែ​ដឹក​ជញ្ជូន​ទ្រព្យសម្បត្តិ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ប៉ុន្តែ​ពួកគាត់​បាន​ប្រកាន់​ជំហរ​មិន​ព្រម​ចាកចេញ​ទេ​ដោយ​នាំ​គ្នា​កាប់​ឫស្សី​បណ្តែត​ផ្ទះ​បន្ត​រស់នៅ​លើ​ទឹក​។ ​

កម្ពស់​ទឹក​នៅ​ក្បាល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ បាន​ឡើង​ពី​កម្រិត​ធម្មតា​ ៥៨ ​ម៉ែត្រ​ទៅ​ ៥៩ ​ម៉ែត្រ​កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​ទ្វារ​ទំនប់​ចំនួន​ ១០ ​ត្រូវ​បាន​ចាប់ផ្តើម​បិទ​កាលពី​វេលា​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ នេះ​បើ​តាម​លោក អ៊ុំ រ៉េត តំណាង​ក្រុមហ៊ុន​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​។

លោក រ៉េត បាន​បញ្ជាក់​ថា​៖ «​ទឹក​វា​ឡើង​យឺតៗ​ក្នុង​កម្រិត​ ១ ​ម៉ែត្រ​ដូច​គ្នា​។ នៅ​ស្រែគ​ ៦៥ ​ម៉ែត្រ​ដែល​ឡើង​ ១ ​ម៉ែត្រ​។ អ្នក​បច្ចេកទេស​ពិនិត្យ​មើល​ក្រែងលោ​វា​លិច​ ឬ​ជ្រាប​នៅ​ត្រង់​ណា​មួយ​។ ទប់ទឹក​សាកល្បង​…​សន្សំ​ទឹក​ទុក​»​។

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ កំពុង​សាកល្បង​បិទទ្វារ​ទឹក​រយៈពេល​ ១ ​ខែ​គឺ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​សីហា​ខាង​មុខ ដើម្បី​ពិនិត្យ​មើល​លក្ខណៈ​បច្ចេកទេស​នៃ​ទំនប់​នៅ​មុន​ពេល​បិទ​ជា​ផ្លូវការ ដើម្បី​ដំណើរការ​តួប៊ិន​ ១ ​ក្នុង​ចំណោម តួប៊ីន​ ៨ កម្លាំង​ ៥០ ​មេហ្គាវ៉ាត់​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា ឆ្នាំ​នេះ​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

យ៉ាង​ណា​ក្ដី​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ឡាវ និង​ទំពួន​ចំនួន ៧០០ ​នាក់​បាន​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទីតាំង​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​រៀបចំ​ទុក​ឲ្យ​នោះ​ទេ​ដោយ​ពួកគាត់​ត្រៀម​ទីទួល​សុវត្ថិភាព​នៅ​ជិត​នោះ​ពេល​ទឹក​ឡើង​លិច​លំនៅឋាន​។

លោក រ៉េត ​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​បិទ​នេះ​ទឹក​នឹង​អាច​ឡើង​លិច​ប្រហែល​ ៣ ​ម៉ែត្រ​នៅ​ភូមិ​ស្រែគ​ចាស់ និង​ក្បាល​រមាស​។ ហេតុ​នេះ​ទើប​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ចង់​ឲ្យ​ពលរដ្ឋ​ទៅ​នៅ​ទីតាំង​រៀបចំ​ទុក​ដែល​មាន​សុវត្ថិភាព និង​មាន​សេវា​សាធារណៈ​គ្រប់គ្រាន់​។

លោក ដួង ពៅ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ពេល​ទឹក​ឡើង​ដល់​ ៦៨ ​ម៉ែត្រ​នៅ​ភូមិ​ស្រែគ​ ឬ​ក្បាល​រមាស លំនៅឋាន​ពលរដ្ឋ​នឹង​ចាប់ផ្តើម​លិច​។

កាលពី​ព្រឹក​ម្សិលមិញ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​គ្នា​អំពី​វិធានការ​បង្ការ​ និង​សង្គ្រោះ​ដែល​ក្នុង​នោះ​ក៏​បាន​ត្រៀម​រថយន្ត ទូក​ជាង​ ១០ ​គ្រឿង និង​កម្លាំង​ចម្រុះ​រាប់រយ​នាក់​ដើម្បី​ជួយ​ពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់​ចំនួន​ ៣ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​តាម​គោលដៅ​នីមួយៗ​នៅ​​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ត្រៀម​កម្លាំង​ជួយ​សង្គ្រោះ និង​ផ្តល់​មធ្យោបាយ​ដឹកជញ្ជូន​អីវ៉ាន់​ពលរដ្ឋ​នៅ​តាម​គោលដៅ​ដែល​លិច​។ ​អាជ្ញាធរ​យើង​មាន​កម្លាំង​ចម្រុះ​រាប់រយ​នាក់​…​ដើម្បី​ជួយ​ពលរដ្ឋ​»​។

ទោះ​យ៉ាង​ណា​លោក ហ្វុត ឃឿន តំណាង​សហគមន៍​ភូមិ​ស្រែគ​ចាស់​បាន​អះអាង​ថា​ស្ថានភាព​នៅ​ស្រែគ​ហាក់​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​មាន​ភាព​តក់ស្លុត​នឹង​ការ​លិចលង់​ណា​មួយ​ដែរ​ព្រោះ​ថា​នៅ​ពេល​ទឹក​ឡើង​ប្រៀប​នឹង​ទំនប់​កម្ពស់​ ៧២ ​ម៉ែត្រ​នោះ ទឹក​នៅ​ស្ទឹង​នៅ​ស្រែគ​គ្រាន់​តែ​ឡើង​ដល់​ច្រាំង​ប៉ុណ្ណោះ​។

លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ដែល​កំពុង​ចុះ​តាមដាន​ស្ថានការណ៍​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​កំពុង​ជញ្ជូន​ទ្រព្យសម្បត្តិ​សំខាន់ៗ និង​គោក្របី​ទៅ​ទួល​សុវត្ថិភាព ហើយ​ចាប់ផ្តើម​កាប់​ដើម​ឫស្សី​ដើម្បី​ចង​បណ្តែត​ផ្ទះ​រស់នៅ​លើ​ទឹក​នៅ​ថ្ងៃ​នេះ​ប្រសិន​ទឹក​លិច​ភូមិ​នៅ​មិន​កើត​មែន​នោះ​។

លោក​ រដ្ឋា ​ថ្លែង​ថា​៖ «​ពលរដ្ឋ​ខ្លះ​នៅ​តែ​ស្ទូង​ស្រូវ​ធម្មតា​។ គាត់​ថា​ពួកគាត់​នៅ​មិនមែន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ តែ​នៅ​ដើម្បី​ការពារ​ដីស្រែ​ចម្ការ ផ្នូរ​ដូនតា​របស់​គាត់ និង​ផលប្រយោជន៍​ខ្មែរ​នៅ​តាម​ដង​ទន្លេ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​កម្លាំង​កម្មករ​ជាង​ ២០ ​នាក់​បាន​ចាប់​ផ្តើម​រុះរើ​ស្ពាន​ស្រែ​ពក​ប្រវែង​ ២៥២ ​ម៉ែត្រ​ដោយ​គ្មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ដូច​កាលពី​ចុង​ខែ​មុន​ទេ​។ នេះ​បើ​តាម​លោក ស គឹមណាត ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង​។

លោក​ គឹមណាត បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​ពី​មុន​ពលរដ្ឋ​មិន​យល់​បាន​តវ៉ា តែ​ឥឡូវ​គាត់​ដឹង​ថា​ស្ពាន​នឹង​លិច​ទឹក ព្រោះ​អី​ថ្នាក់​ខេត្ត​បាន​ចុះ​ទៅ​ពន្យល់​អប់រំ​រួច​មក​»​។

លោក​បន្ត​ថា​ការ​រុះរើ​ស្ពាន​នេះ​តាម​ធម្មតា​គឺ​ចំណាយពេល​រហូត​ដល់​ទៅ​ ១ ​ខែ​កន្លះ​ទើប​រួចរាល់ ដោយ​ថែម​ទាំង​មាន​ប្រើប្រាស់​គ្រឿងចក្រ​ ១ ​គ្រឿង​មកពី​ខេត្ត​ព្រះវិហារ​ជួយ​ផង​ដែរ​។ ​ប៉ុន្តែ​កម្លាំង​ការងារ​កំពុង​ខិតខំ​រុះរើ​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​មុន​ពេល​ទឹក​លិច​ទៅ​ដល់​តំបន់​នោះ​ក្នុង​ចន្លោះ​ពី​ ២០ ​ទៅ​ ៣០ ​ថ្ងៃ​ក្រោយពី​បិទ​ទំនប់​។

លោក​បាន​ឲ្យ​ដឹង​ថា​ក្រៅពី​រុះរើ​ស្ពាន​នោះ​ប្រវែង​ជាង​ ១០០ ​ម៉ែត្រ​នឹង​ត្រូវ​យក​ទៅ​សាងសង់​ស្ពាន​ឆ្លងកាត់​អូរ​ក្នុង​ស្រុក ថាឡាបរិវ៉ាត់ និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ប្រើ​នៅ​ខេត្ត​បាត់ដំបង​សម្រាប់​ប្រយោជន៍​សាធារណៈ​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​។

លោក​ថ្លែង​ថា​ពលរដ្ឋ​ក្នុង​តំបន់​នោះ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រពាំង​ក្រហម​មក​ផ្លូវជាតិ​លេខ​ ៧៨ ​ថ្មី​ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​ ២០ ​គីឡូម៉ែត្រ​។ ម្យ៉ាងវិញ​ទៀត​អាជ្ញាធរ​នឹង​សាងសង់​ផ្លូវ​ថ្មី​ប្រវែង​ប្រមាណ​ ១៣ ​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែគ​ថ្មី​ចេញ​តាម​ទំនប់​វារីអគ្គិសនី​ទៅ​ផ្លូវ​ជាតិ​លេខ​ ៧៨ ​ថ្មី​។ ​លោក​ថា​ការ​សាងសង់​អាច​នឹង​ធ្វើ​នៅ​រដូវប្រាំង​ដែល​ងាយស្រួល​ក្នុង​ការ​ចល័ត​គ្រឿងចក្រ​។

ទោះ​យ៉ាង​ណា​លោក ដាំ សំណាង តំណាង​សហគមន៍​ក្បាល​រមាស​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​រុះរើ​ស្ពាន​នោះ​។

លោក​ថា ​បន្ទាប់ពី​បិទ​ទ្វារ​ទឹក ពលរដ្ឋ​រវល់​តែ​រៀបចំ​ទុកដាក់ និង​មើល​​ថែ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​នៅ​ផ្ទះ​រៀងៗ​ខ្លួន​។ ហេតុ​នេះ​ពួកគាត់​មិន​អាច​ទៅ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​រុះរើ​បាន​ទេ បើ​​ទោះបី​មាន​ជំហរ​ឲ្យ​រក្សា​ស្ពាន​នោះ​យ៉ាង​ណា​ក៏ដោយ​។

លោក​ សំណាង បាន​ថ្លែង​ថា​៖ «​នេះ​​គឺជា​គំនាប​ដែល​អាជ្ញាធរ​ធ្វើ​ម៉េច​តាម​តែ​ចិត្ត​ខ្លួនឯង​។ យើង​កំពុង​តែ​បាត់បង់​ការ​ធ្វើ​ចរាចរណ៍​ទៅ​កាន់​ទីផ្សារ ទីប្រជុំជន សេវា​សុខភាព​ផ្សេងៗ​ទាំង​ស្រុង ពេល​ទឹក​កំពុង​តែ​ឡើង​បន្តិច​។ ផ្លូវ​វាង​ឆ្ងាយ ហើយ​បើ​ពលរដ្ឋ​ឈឺ​ទៅ​ពេទ្យ​មិន​ទាន់​មុខ​ជា​ស្លាប់​ហើយ​»​។

លោក​ចាត់​ទុក​ការ​ផ្តាច់​ស្ពាន​ភ្លាមៗ​នេះ​ថា​ជា​ «​រូបភាព​មួយ​ដ៏អាក្រក់​» ​នៅ​ពេល​គ្មាន​ផ្លូវ​ថ្មី​ជំនួស​នោះ​ហើយ​វា​ជា​ «​ការ​រើសអើង​» ​ពូជសាសន៍​លើ​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​តែ​រស់នៅ​ក្នុង​តំបន់​នោះ​។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ កម្លាំង​ ៤០០ ​មេហ្គាវ៉ាត់​ដែល​មាន​ទំហំ​ទឹកប្រាក់​ ៨១៦ ​លាន​ដុល្លារ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​ ២០១៤ រវាង​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា​ គិត ម៉េង និង​ក្រុមហ៊ុន​ចិន​៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>