កម្ពុជា កំពុងរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ឧសភា គម្រប់៦៤យាងចូល៦៥ព្រះវស្សា។ ដូចរៀងរាល់ឆ្នាំ ព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាប្រារព្ធឡើង ក្នុងបរិយាកាសសាមញ្ញ តាមរយៈការផ្ញើព្រះរាជសារជូនពរ ព្រះអង្គពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ និងតំណាងរាស្ត្រគណបក្សប្រឆាំងជាដើម។
លោក អ៊ុំ តារាវុធ នាយកខុទ្ទល័យព្រះមហាក្សត្របានឲ្យដឹងថា នៅថ្ងៃទី១៤ឧសភាស្អែកនេះ ដែលជាថ្ងៃទី២នៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ក្នុងព្រះជន្មគម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សា មន្ត្រីអ្នកមុខអ្នកការ នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយផ្ទាល់នៅព្រះបមររាជវាំង។
លោក អ៊ុំ តារាវុធ បានគូសបញ្ជាក់ថា ព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះករុណាធ្វើឡើងក្នុងបរិយាកាសសាមញ្ញបំផុតដោយព្រះមហាក្សត្រទ្រង់ប្រទានអាហារដល់អ្នកបំរើការងារនៅក្នុងព្រះបរមរាជវាំងដូចជា៖ប៉ូលីស ទាហាន ជាដើម។ ហើយបើតាមគម្រោងនៅយប់ថ្ងៃទី១៤ឧសភានឹងមានការបាញ់កាំជ្រួច។
បន្ថែមពីលើការចូលបង្គំគាល់ ដោយផ្ទាល់ក្នុងព្រះបរមរាជវាំង មន្ត្រីរដ្ឋាភិបាល ក៏បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាដោយ បានរំលឹកពីព្រះរាជសកម្មភាពរបស់ព្រះអង្គដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជម្រុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង ជាមួយរដ្ឋាភិបាលនាពេលកន្លងមក។
គេនៅចាំបានថា កាលពីឆ្នាំទៅមិញ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាន ចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយផ្ទាល់នៅព្រះបមររាជវាំង តែដោយឡែកឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរយៈពេល៥ថ្ងៃ។
ដោយឡែក គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១២ ឧសភា ក៏បានផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ គឺសូមឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខុមានភាពពេញបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គជានិរន្តរ៍តរៀងទៅ។ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថាគណបក្សសង្គ្រោះជាតិមិនមានគម្រោងចូលបង្គំគាល់ព្រះមហាក្សត្រដោយផ្ទាល់ទេព្រោះមិនទទួលបានលិខិតអញ្ជើញពីព្រះបរមរាជវាំង។ លោកថានេះជាកម្មវិធីរៀបចំដោយព្រះបរមរាជវាំង ប្រសិនបើមានការអញ្ជើញគណបក្សនឹងចូលបង្គំគាល់ព្រះអង្គនៅថ្ងៃទី១៤ឧសភានេះដែរ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូតនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជ្យជំនួសព្រះបិតាសម្ដេច នរោត្តម សីហនុ នៅឆ្នាំ២០០៤ ៕ ប្រភព៖ RFI