ថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ី ពូទីន បានចេញមុខអះអាងថា រុស្ស៊ីមិនបានពាក់ព័ន្ធរឺបង្កការវាយប្រហារអ៊ីណធ័រណែតកម្រិតពិភពលោកទេ។ ការអះអាងនេះ ដោយសារចោរព័ត៌មានវិទ្យារុស្ស៊ីតែងរងការចោទប្រកាន់ថាបានវាយប្រហារបណ្តាញអ៊ីនធ័រណែត។ ថ្ងៃចន្ទនេះ ស្ថានការនឹងនរបន្តិចវិញនៅអឺរ៉ុប តែប៉ូលិស Europol នៅមិនទាន់អាចប្រាប់ថា អ្នកណានៅពីក្រោយការវាយប្រហារអ៊ីនធ័រណែតកម្រិតពិភពលោកទេ។
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីមិនពាក់ព័ន្ធនឹងការវាយប្រហារអ៊ីនធ័រណែត ក្នុងទ្រង់ទ្រាយពិភពលោក ដែលកំពុងកើតមានតាំងពីថ្ងៃសុក្រមកទេ។ ការវាយប្រហារអ៊ីនធ័រណែត ដោយកម្មវិធីជំរិតទារប្រាក់ ក្នុងទ្រង់ទ្រាយពិភពលោក បង្កឡើងដោយវីរុស Wannacry បានប៉ះពាល់កុំព្យូទ័ររាប់សែនគ្រឿង នៅតាមយ៉ាងហោច១៥០ប្រទេស ធ្វើអោយមានជនរងគ្រោះជាង២០ម៉ឺននាក់។ បណ្តាញធនាគាររុស្ស៊ីក៏រងការវាយប្រហារនេះដែរ។
កន្លងមក ចោរព័ត៌មានវិទ្យារុស្ស៊ី តែងរងការចោទប្រកាន់ថានៅពីក្រោយការវាយប្រហារបណ្តាញអ៊ីនធ័រណែតផ្សេងៗ។ ពិសេសរងការចោទប្រកាន់ពីអាមេរិកតែម្តងថា បានចូលអុកឡុកប្រព័ន្ធបោះឆ្នោតអាមេរិក ចូលលុកលុយសារអ៊ីមេលរបស់លោកស្រីហ៊ីលឡារី គ្លីនតុន។ ខែមេសាមុននេះ ក្នុងពេលបារាំងកំពុងរៀបចំបោះឆ្នោតប្រធានាធិបតី ក្រុមហ៊ុនសន្តិសុខអ៊ីនធ័រណែតជប៉ុន Trend Micro បានបង្ហាញការសង្ស័យ ថាចោរព័ត៌មានវិទ្យារុស្ស៊ីព្យាយាមចូលលុកលុយទិន្នន័យអ៊ីនធ័រណែតរបស់គណបក្សរបស់លោកម៉ាក្រុង។
ថ្ងៃចន្ទនេះ ប្រធានាធិបតីពូទីន ចេញមុខជំរះបញ្ជីថា រុស្ស៊ីមិនពាក់ព័ន្ធនឹងការវាយប្រហារកម្រិតពិភពលោកទេ។ ប្រធានាធិបតីរុស្ស៊ីឆ្លៀតបន្ទោសអាមេរិកថា ឆ្នាំមុននេះ អាមេរិកបានបដិសេធសំណើរុស្ស៊ី មិនព្រមធ្វើការជាមួយរុស្ស៊ី មិនព្រមចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ទាក់ទងសន្តិសុខបណ្តាញអ៊ីនធ័រណែត។
ស្ថានភាពនៃការវាយប្រហារអ៊ីនធ័រណែត ដោយវីរុស Wannacry ហាក់នឹងនរស្ងប់វិញបន្តិចនៅអឺរ៉ុបថ្ងៃចន្ទនេះ។ នៅចិន ការវាយប្រហារនៅតែបន្ត តែមិនរាលដាលរហ័សដូចពីដំបូងទេ។ ប៉ូលិស Europol ប្រាប់ថា ថ្ងៃចន្ទនេះ ជនរងគ្រោះដូចជាមិនកើនចំនួនទេ៕ ប្រភព៖ rfi