អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់វិទ្យុបារាំង អន្តរជាតិថា បំណងចង់កោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យចូលបំភ្លឺក្នុងរដ្ឋសភា ជុំវិញការដំឡើងឋានន្តរស័ក្ដិអង្គរក្សម្នាក់ ដែលវាយតំណាងរាស្ត្រ គឺជារឿងវែងឆ្ងាយ។ ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំងបញ្ជាក់ថាគណបក្សមិនទាន់បានជជែក គ្នាជុំវិញរឿងស្នើឲ្យសភាហៅរដ្ឋមន្ត្រីក្រសួងការពារជាតិមកសាក សួរនៅឡើយទេ។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៨ ខែមករាថា បំណងរបស់បក្សប្រឆាំងចង់កោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យចូលបំភ្លឺក្នុងរដ្ឋសភា ជុំវិញការដំឡើងឋានន្តរស័ក្ដិអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ម្នាក់ ក្រោយពេលវាយតំណាងរាស្ត្រ គឺជារឿងវែងឆ្ងាយ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការកោះហៅនេះត្រូវឆ្លងកាត់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងប្រធានរដ្ឋសភាទៀត។ លោកបន្ថែមថា បើមានការកោះហៅមែន នោះក្រសួងការពារជាតិនឹងអញ្ជើញទៅបំភ្លឺតាមការហៅរបស់រដ្ឋសភា។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់នៅឡើយទេ ចំពោះរឿងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់។ លោកបន្ថែមថានៅថ្ងៃទី៣០ ខែមករាខាងមុខនេះ គណបក្សសង្រ្គោះជាតិនឹងមានកិច្ចប្រជុំប្រចាំខែរបស់ខ្លួនមួយ ហើយលោកក៏មិនទាន់ដឹងច្បាស់ថានឹងមានការជជែកគ្នាពីការកោះហៅរដ្ឋមន្ត្រីការពារជាតិឬទេ។
យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៦ ខែមករាបានឲ្យដឹងថាលោកចាយ សារិទ្ធ ដែលត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងករណីវាយតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ត្រូវបានដំឡើងឋានន្តរស័ក្ដិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រីតាមព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៦។
លោកឈុំ សុជាតិបញ្ជាក់ថាការដំឡើងឋានៈនេះ ធ្វើឡើងតាមឋានានុក្រម មិនមែនចង់ឡើងឋានៈឡើងបាននោះទេ ហើយលោកចាយ សារិទ្ធ ក៏ធ្លាប់បានអនុវត្តទោសតាមការសម្រេចរបស់តុលាការដែរ។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានលើកឡើងថាការដំឡើងឋានៈនេះ ជារឿងមិនសមស្រប និងជាការរំលោភច្បាប់ រួមទាំងលក្ខខន្តិកកងយោធពលខេមរភូមិន្ទ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាដែរ។ លោកបន្ថែមថា ជាធម្មតាអ្នកដែលមានទោស គេមិនអាចដំឡើងស័ក្ដិឲ្យទេ ហើយការដំឡើងស័ក្ដិនេះមិនដឹងយោងទៅតាមច្បាប់អ្វីទេ។
សូមបញ្ជាក់ថាករណីវាយតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបកើតឡើងកាលពីចុងខែតុលាឆ្នាំ២០១៥ ធ្វើឲ្យតំណាងរាស្ត្រ២រូបរបស់គណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន និងលោកគង់ សភា រងរបួស។ ជនដៃដល់៣នាក់ ក៏បានបង្ហាញមុខ ហើយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសជនទាំងបីនាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗ៤ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារក្នុងម្នាក់ៗចំនួន១ឆ្នាំ ហើយទោសដែលនៅសល់ត្រូវព្យួរ។ ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ៕
ប្រភព៖ RFI