តាមគម្រោង ផ្លូវល្បឿនលឿនពីភ្នំពេញទៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលមានប្រវែង ១៣២ គីឡូម៉ែត្រ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៤ ពាន់ លានដុល្លារ។ នេះបើយោងតាមការសិក្សា របស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង អង្គការជប៉ុន JICA។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ បញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះ អាចបង្កភាពងាយស្រួលជាច្រើននៅក្នុងការតភ្ជាប់ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល បារម្ភថាទំហំទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារនៃគម្រោងសាងសង់នេះ មានទំហំលើសពីគោលនយោបាយកម្ចីរបស់រដ្ឋាភិបាល។
កាលពីថ្ងៃទី ២៤ មករា កន្លងទៅ អង្គការ JICA ជប៉ុន បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ផ្លូវលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។ អង្គការ JICA បានប៉ាន់ប្រមាណថា គម្រោងផ្លូវល្បឿនលឿននេះ នឹងចំណាយទឹកប្រាក់ ប្រមាណ ៤ ពាន់លាន ដុល្លារ ហើយត្រូវចំណាយពេលសាងសង់ប្រមាណជា ៦ ឆ្នាំ។ ដើម្បីទាញយកផលប្រយោជន៍ពីផ្លូវល្បឿនលឿននេះជាអតិបរមា អង្គការJICA បានណែនាំឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើត អគ្គនាយកដ្ឋានគ្រប់គ្រងផ្លូវល្បឿនលឿននេះ ។
ប្រធានក្រុមគម្រោងរបស់ JICA បានធ្វើបទបង្ហាញរបាយការណ៍ចុងក្រោយ ស្តីពីសេចក្តីព្រាង រៀបចំសម្រាប់ការស្ទង់មតិ គម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ-បាវិត ផ្លូវល្បឿនលឿន ដែលបានពន្យល់ពីធាតុសំខាន់ នៃការស្ទង់មតិដែលទាក់ទងនឹងការរចនាបឋម ការប៉ាន់ប្រមាណការ គម្រោងការអនុវត្ត គម្រោងផែនការ និងលទ្ធភាពគម្រោងមូលនិធិ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណៈការ លោក ស៊ុន ចាន់ថុល គម្រោងនេះ នឹងជួយសម្រួល ការភ្ជាប់ទំនាក់ទំនង ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការកាត់បន្ថយពេលធ្វើដំណើរ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន ការកាត់បន្ថយការកកស្ទះចរាចរណ៍ និង ពង្រីកទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។
ទន្ទឹមគ្នានឹងផលប្រយោជន៍ជាច្រើននៃគម្រោងផ្លូវល្បឿនលឿននេះ ការចំណាយលើការសាងសង់ដែលមានទំហំទឹកប្រាក់រហូតដល់ ៤ ពាន់ លានដុល្លារនេះ បានក្លាយជាក្តីបារម្ភរបស់ រដ្ឋាភិបាលកម្ពុជា។ ព្រួយបារម្ភដោយសារតែ ទំហំទឹកប្រាក់នេះមានចំនួនលើសពីគោលនយោបាយកម្ចីរបស់រដ្ឋាភិបាល។
តាមការសិក្សា អង្គការJICA ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនសាងសង់ផ្លូវលឿនទេ ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ក្រុងបាវិតនឹងត្រូវ ចំណាយពេលរហូតដល់ប្រមាណជា៧ម៉ោង នៅអំឡុង ៥-៦ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា ក្រៅពីការសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត កម្ពុជា ក៏គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាជិត ២ ពាន់ លានដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគរបស់ចិន៕
ប្រភព៖ RFI