Facebook គឺជាឧបករណ៍ពេញនិយមសម្រាប់ការធ្វើនយោបាយនៅកម្ពុជា។ ដូច្នេះហើយ ទើបមេដឹកនាំគ្រប់គណបក្ស គឺសុទ្ធតែមានទំព័រ Facebook ផ្លូវការ រៀងៗខ្លួន។ ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅក្នុងទំព័រ Facebook របស់មេបក្សធំៗទាំងនោះ គឺជាទូទៅ គេកម្រ ឬស្ទើរតែមិនដែលឃើញ Comment ឬមតិ បែបជេរប្រមាថ ឬក៏ជាការរិះគន់បែបធ្ងន់ធ្ងរទាល់តែសោះ។ តើមេបក្សទាំងនោះលុបចោល ឬក៏គ្មានអ្នកណារិះគន់ទេ? តើហេតុអ្វីបានជាមានសុទ្ធតែ Comment ល្អ និងសារគាំទ្រនៅលើទំព័រ Facebook របស់ពួកគេទាំងនោះ?
ជាការពិតជាក់ស្តែង ប្រសិនបើគេចូលទៅមើល C omment មតិយោបល់ទាំងឡាយ នៅក្នុងទំព័រ Facebook របស់មេបក្សកាន់អំណាច គឺជាឃើញយ៉ាងប្រាកដ សារល្អៗ ពាក្យសរសើរគាំទ្រ និងសារជូនពរយ៉ាងពីរោះ ព្រមទាំងរូបមេដៃ រូបបេះដូង ដែលបង្ហាញពីការស្រឡាញ់ពេញចិត្ត។ គឺគ្មានទេ ពាក្យជេរប្រមាថ ពាក្យត្មះតិះដៀល។
មិនខុសគ្នាទេ Facebook Page របស់មេបក្សប្រឆាំង សឹងតែរាល់គ្រប់ប្រធានបទដែលបានបង្ហោះផ្សាយនៅ Facebook របស់គាត់ គឺគ្មានឡើយ សាររិះគន់ ពាក្យអសុរោះ ឬសម្តីជេរប្រមាថ ចំពោះបុគ្គលខ្លួន និងបក្សរបស់ខ្លួន។
ដូចគ្នានេះដែរ ចំពោះបុគ្គលសាធារណៈ និងអ្នកនយោបាយធំគ្រាក់ៗផ្សេងទៀត ដែលប្រើ Facebook នៅត្រង់កន្លែង ផ្តល់មតិយោបល់ ឬ Comment គឺស្ទើរតែគ្មានទាល់តែសោះ ពាក្យជេរបញ្ចោរ ឬមិនសមរម្យ។ តើមកពីហេតុអ្វី?
ដើម្បីឆ្លើយនឹងសំណួរនេះ គឺសាមញ្ញទេ។ ដ្បិតថា គេគ្រប់គ្នាដឹងច្បាស់ស្រេចហើយថា មេបក្សនយោបាយធំៗទាំងអស់ គឺសុទ្ធតែមានសហការី និងក្រុមការងារតាមដាន និងគ្រប់គ្រងកាន់ទំព័រ Facebook ឲ្យពួកគេតែរៀងៗខ្លួន។ ដូច្នេះ គ្មានអ្វីចម្លែកទេ ចំពោះពាក្យមិនសមរម្យ ឬពាក្យជេរត្មះតិះដៀលទាំងឡាយ ទំនងជាត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងដិតដល់ និពិត្យជាទៀតទាត់ ហើយអាចនឹងត្រូវគេលុបសម្អាតចោល។
ក៏ប៉ុន្តែចំពោះសកម្មភាពនេះ គឺជាការបង្ហាញថា មេបក្សធំៗមួយចំនួនទាំងនោះ ចូលចិត្តអានមើល និងស្តាប់ នូវពាក្យសរសើរ ជាងពាក្យរិះគន់ ហើយពាក្យជេរប្រមាថខ្លះ គឺស្តាប់មិនចូលត្រចៀក នោះទេ។ គឺពេញចិត្តមើលនិងស្តាប់ពាក្យល្អៗ ផ្អែមៗ ជាងពាក្យគ្រោតគ្រាត។ បើទោះបីជាពាក្យគ្រោតកគ្រាតខ្លះ ជាពាក្យពិតដ៏ដោយ។
ទន្ទឹងនេះ ក៏បង្ហាញដែរថា បុគ្គលអ្នកនយោបាយនេះ គឺទទួលយកតែត្រូវ យកតែល្អ យកតែការសរសើរ ប៉ុន្តែប្រសិនបើការពាក្យមិនល្អ មិនពីរោះស្តាប់ ឬការរិះគន់ បែរជាមិនសប្បាយចិត្ត ហើយបដិសេធទាល់ចោល។
ម្យ៉ាងទៀត បើទុកពាក្យមិនល្អ ពាក្យជេរផ្សេងៗ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន គឺទំនងជាបង្ហាញផងដែរ ពីរូបភាពមិនល្អចំពោះបុគ្គលខ្លួន និងបក្សរបស់ខ្លួន។ ពោលគឺទុកពាក្យជេរទាំងនោះ គឺមិនចំណេញ ព្រោះថាអាចនឹងមានរឿងខ្លះ គឺមានគេជេរច្រើន។
ត្រង់ចំណុចនេះ គឺខុសប្លែកពីបណ្តាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា វិទ្យុអាស៊ីសេរី VOA វិទ្យុបារាំងអន្តរជាតិ កាសែតដទៃទៀត ដែលចែករំលែកការផ្សាយតាមប្រព័ន្ធ Facebook និង ដែលមានអ្នកចុច Like សឹងតែរាប់លាននាក់ ដូចទំព័រ Facebook របស់អ្នកនយោបាយដែរនោះ គឺគេអាចចូលទៅមើល និងឃើញពាក្យទាំងសរសើរ និងរិះគន់ ហើយក៏ឃើញផងដែរ ពាក្យជេរប្រមាថបែបអសុរោះផ្សេងៗនោះ។
ទោះយ៉ាងណាក្តី នៅក្នុងបណ្តាញសង្គមសព្វថ្ងៃ ក៏មានដែរមេបក្សនយោបាយខ្លះ ដែលគេអាចចូលទៅមើលទំព័រផ្លូវការរបស់ពួកគេទាំងនោះ គឺមានទាំងមតិជេរ រិះគន់ រហូតដល់ប្រមាថកាតទានផង ក៏នៅតែអាចមើលឃើញ។ ចំណុចនេះ គឺបង្ហាញពីការបើកចំហចិត្ត ទទួលយកការពិតរបស់អ្នកនយោបាយរូបនោះ ក៏ប៉ុន្តែ គេក៏អាចថាម្យ៉ាងទៀតបានដែរ ថា អ្នកនោះមិនខ្ចីខ្វល់។
ទោះជាយ៉ាងនេះក្តី អ្នកនយោបាយគ្រប់រូប ក៏ជាបុថុជ្ជន មនុស្សសាមញ្ញ ដូចគេដូចឯងដែរ។ សច្ចភាពរបស់មនុស្ស ក៏មិនសុទ្ធតែល្អទាំងអស់នោះឡើយ។ ហេតុនេះ គេរាល់គ្នាគួរចេះទទួលស្គាល់ការពិតខ្លះ ហើយការពិតនេះ ពេលខ្លះ គឺគ្រោតគ្រាត ហើយមិនចេះតែល្អផូរផង់តែរហូតនោះទេ៕
ប្រភព៖ RFI