យោងតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងរមណីយដ្ឋានអង្គរ បានឲ្យដឹងថា ចំណូលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវចូលទស្សនាតំបន់ប្រវត្តិសាស្ត្រមួយនេះ ទទួលបានជាង ៣១លានដុល្លារ នៅក្នុងរយៈពេល ៦ខែឆ្នាំនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៣ ខែសីហា គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកលើការលក់សំបុត្រនៅតំបន់អង្គរ បាននិយាយថា ក្នុងរយៈពេល ៦ខែឆ្នាំ២០១៦នេះ ភ្ញៀវទេសចរបរទេសចំនួនជាង ១លាន ៩ម៉ឺននាក់ បានចូលទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដោយផ្ដល់ចំណូលដល់ប្រទេសកម្ពុជាជាង ៣១លានដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ បានកើនឡើងក្នុងកម្រិត ០.៧០ភាគរយប៉ុណ្ណោះ ខណៈដែលចំណូលលក់សំបុត្រ បានកើនឡើង ១.៧៥ភាគរយ។
គ្រឹះស្ថានអង្គរ បានឲ្យដឹងថា តួលេខភ្ញៀវទេសចរចិន ស្ថិតនៅកំពូលតារាង ក្នុងចំណោមបណ្ដាភ្ញៀវទេសចរបរទេស ដែលបានចូលទៅទស្សនាតំបន់អង្គរ ហើយពីក្រោយដោយភ្ញៀវទេសចរកូរ៉េខាងត្បូង៕
ប្រភព៖ VOD