មួយថ្ងៃបន្ទាប់ពី គ.ជ.ប ប្រកាសថា នឹងមិនពិចារណាលើសំណើសុំឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ គណបក្សសង្គ្រោះជាតិនៅថ្ងៃសៅនេះតាមរយៈសន្និសីទកាសែតប្រចាំថ្ងៃ បានសម្ដែងការសោកស្ដាយនិងស្នើឲ្យ គ.ជ.ប ពិចារណាឡើងវិញនូវលទ្ធភាពដែលអាចចុះឈ្មោះអ្នកបោះឆ្នោតបាននៅថ្ងៃភ្ជុំបិណ្ឌ។
ការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ធ្វើឡើងនៅថ្ងៃទី៥សីហាបន្ទាប់ពី គណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅ គ.ជ.ប ដើម្បីស្នើសុំពិនិត្យលទ្ធភាពឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌដើម្បីបង្កលក្ខណៈងាយស្រួល អាចឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោត បាន តាមទីកន្លែងដែលសាមីខ្លួនមានបំណងទៅចុះឈ្មោះបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លើកឡើងថា ការស្នើសុំឲ្យមានការរៀបចំការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ អាចប៉ះពាល់ដល់ភាពឯករាជ្យរបស់ គ.ជ.ប និង ប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យជាតិ។
លោកបន្ថែមថា គ.ជ.ប មិនអាចធ្វើអ្វីលើសពីច្បាប់កំណត់បានទេ។ ច្បាប់កំណត់ដែល តម្រូវឲ្យ គ.ជ.ប ប្រើរយៈពេល៩០ថ្ងៃ ធ្វើការទាំងថ្ងៃសៅរ៍និងអាទិត្យ ដែលចាប់ពីថ្ងៃទី១ខែកញ្ញារហូតថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលទទួលស្គាល់ថា អាចនឹងមានការប្រឈមខ្លះប្រសិនបើឲ្យមន្ត្រីរាជការធ្វើការចុះ ឈ្មោះបោះឆ្នោតរបស់ពលរដ្ឋចំណាកស្រុកនៅថ្ងៃភ្ជុំបិណ្ឌនោះ។ ប៉ុន្តែលោកផ្ដល់យោបល់ថា គ.ជ.ប អាចធ្វើការងារនេះបានតាមរយៈការដាក់វេនគ្នាឬក៏បន្ថែមប្រាក់ ឧបត្ថម្ភ។ លោក គល់ បញ្ញា គូសបញ្ជាក់ថា គ.ជ.ប គួរតែបង្ហាញឆន្ទៈជួយសម្រួលដល់កម្មករចំណាក់ស្រុកឲ្យបានចុះ ឈ្មោះបោះឆ្នោតក្នុងគ្រាដែលគ្នាឈប់សម្រាក់ថ្ងៃបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថា គ.ជ.ប បង្ហាញថា ពលរដ្ឋខ្មែរមានជាង១៥លាននាក់។ ក្នុងនោះអាយុ១៨ឆ្នាំឡើងមានជាង៩លាន៦សែននាក់ហើយអត់ទាន់មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានជិត២លាននាក់។ ដោយឡែកន្លងមកក្រសួងការងារក៏បានប្រកាសសហការជាមួយ គ.ជ.ប សម្រួលដល់ពលករខ្មែរនៅថៃឲ្យបានមកចុះឈ្មោះបោះឆ្នោតបាំងតែមួយខែទៀតនឹងមកដល់នៅថ្ងៃទី១កញ្ញាខាងមុខ៕
ប្រភព៖ RFI