ទី១. អឺរ៉ុបមាន ២៨ ប្រទេស ដូច្នេះសម្រេចអ្វីមួយ គឺពឹងផ្អែកលើមតិភាគច្រើនរបស់អឺរ៉ុប។
ទី២. អ្នកនយោបាយអឺរ៉ុបមិនដំឡូងមូលទេ ប្រសិនបើពួកអឺរ៉ុបល្ងង់ គេមិនក្លាយជាប្រទេស អ្នកមាន ស៊ីវិល័យ ក្នុងលោកទេ។
ទី៣. សេចក្តីសម្រេចចិត្ត គឺអាស្រ័យលើសភាអឺរ៉ុប អ្នកបោះឆ្នោត មិនមែនអាស្រ័យលើអ្នក នយោបាយខ្មែរម្នាក់នោះទេ ទៅប្រាប់គេឲ្យធ្វើយ៉ាងនេះ ឬយ៉ាងនោះឡើយ។
ទី៤. កម្ពុជាខ្លួនឯង ឈ្លើយ និងព្រហឺនពេក ដាក់អឺរ៉ុប នៅពេលគេគំរាមកាត់ជំនួយ យើងអាងចិន ចុះបើគេបិទផ្សារម្តង តើកម្ពុជានៅឈ្លើយទៀតទេ។ ទី៥. សហគមអឺរ៉ុប និងសភាអឺរ៉ុប គេស្តាប់ទូតអឺរ៉ុបនៅកម្ពុជា និងសមាជិកអឺរ៉ុប នៅពេលកម្ពុជា។
ទី៦. រឿងសមុទ្រចិនភាគខាងត្បូង បានជារឿងធំ ដែលអឺរ៉ុបចង់សង្កត់កម្ពុជាឲ្យខ្លាំងបន្តិច ដើម្បីឲ្យលោក ហ៊ុន សែន បានស្គាល់កម្តៅអឺរ៉ុប ហើយកុំឲ្យកាន់តែស្និតនឹងចិនពេក។
ទី៧. បើថាសហភាពអឺរ៉ុបបិទផ្សារដោយសារតែ សម រង្ស៊ី គឺដូចឲ្យតម្លៃ លោក សម រង្ស៊ី ពេក ហើយមើលងាយអ្នកនយោបាយអឺរ៉ុបនឹងពេក។
ទី៨. សរុបទៅ ខ្មែរយើងបានត្រឹមតែបក់បោកតាមខ្យល់នយោបាយរបស់ពួកមហាអំណាច ប៉ុណ្ណោះ ហើយមែនទែនទៅ លោក សម រង្ស៊ី មិនខ្លាំងអីទៅបញ្ជាអឺរ៉ុបបាននោះទេ ហើយរដ្ឋាភិបាលក៏ មិនខ្លាំងអីដែរ ព្រហឺននឹងអឺរ៉ុបអាមេរិកកាន់តែខ្លាំង កាន់តែងាប់កម្ពុជា ហើយអូសកម្ពុជា ទៅជិតចិនពេក កាន់តែគ្រោះថ្នាក់សម្រាប់កម្ពុជាទៅអនាគត។ ចាយលុយគេ ជំពាក់លុយគេ កាន់តែច្រើន ថ្ងៃណាមួយ យើងនឹងត្រូវគេបង្ខំឲ្យ លក់អធិបតេយ្យភាពរបស់យើង ដើម្បីប្រយោជន៍ជាតិគេ។ នេះទើបសង្វែគមែនទែន។
ទី៩. បើយើងចង់ធ្វើខ្លាំង និងព្រហឺនដាក់ពួកមហាអំណាចពិតប្រាកដនោះ វាទាល់តែសេដ្ឋកិច្ច យើងខ្លាំងក្លា និងនយោបាយការពារជាតិយើងរឹងមាំ ដរ៉ាបណាយើងតូច ទន់ខ្សោយ ចុងឆ្នាំសុំលុយគេ ដើមឆ្នាំខ្ចីគេ កណ្តាលឆ្នាំសុំផ្សារគេលក់អត់បង់ពន្ធ ។ល។ កុំចង់ខ្លាំង ជាមួយគេ។ ដូចប្រធានាធិបតី អាមេរិកកាំង លោក អូបាម៉ា និយាយថា “ក្នុងនយោបាយ និងក្នុងជិវិត ភាពល្ងង់ខ្លៅ មិនមែនជាគុណធម៌ទេ”។
ទី១០. សម្រាប់កម្ពុជា មានតែ ប្រើនយោបាយការបរទេស “ទិញ” និង “លាក់” (Buy and Hide) ទេ ទើប យើងរស់បាន។ យើងតូច ទន់ខ្សោយ អន់ថយ ជំពាក់គេ ខ្ចីគេ សុំផ្សារគេលក់ សុំលុយគេរស់ ត្រូវព្យាយាម ទិញពេលវេលា (Buy time) និងលាក់ចំណុចខ្លាំង (Hide our strength) ដើម្បីបានពេលវេលាច្រើន កសាងជាតិ និងធ្វើឲ្យចំណុចខ្សោយជាតិក្លាយជាចំណុចខ្លាំងរបស់ជាតិ ទើបយើងរស់ជាខ្មែរ ដែលអាចព្រហឺន និងសំឡឹងមើលចំំភ្នែកអាគាំងបាន។ ការពិតហើយ យើងក្រ យើងក៏មានតម្លៃ និងគោលជំហរ របស់យើងដែរ ប៉ុន្តែជាមនុស្សក៏ដោយ ជាប្រទេសក៏ដោយ ភាពឈ្លើយ និងភាពព្រហឺន មិនបានជួយយើងឲ្យមើលទៅសង្ហាឡើយ ហើយក៏មិនបានធ្វើ ឲ្យខ្មែរចំណេញ់អ្វីនោះដែរ។
សូរ សមយុទ្ធ
២៣ កក្តដា ២០១៦
កំពង់ឆ្នាំង
ប្រភពៈ ខ្ទមអុក