បណ្តឹងថ្មីមួយ ត្រូវបានគេដាក់ប្តឹង ក្រុមហ៊ុន Apple ដោយទាមទារប្រាក់ជម្ងឺចិត្ត $10 ពាន់លានដុល្លារ ដោយអះអាងថា ក្រុមហ៊ុនមួយនេះ បានលួចចម្លង គំនូរព្រាងម៉ូដ ឧបករណ៍អេឡិចត្រូនិក ដែលដើមចោទ បានគូរ តាំងពី 20 ឆ្នាំមុន។
ដើមបណ្តឹង ត្រូវបានគេស្គាល់ឈ្មោះថា លោក Thomas S. Ross រស់នៅរដ្ឋ Florida សហរដ្ឋ អាមេរិក បានចោទប្រកាន់ថា ផលិតផល iPhone, iPad និង iPod របស់ Apple គឺយកតាម គំនូរព្រាងម៉ូដ ដែលគាត់ បានគូរ តាំងពី ឆ្នាំ 1992 មកម៉្លេះ។ គំនូរនេះ បានបង្ហាញពី បច្ចេកវិទ្យាដែលប្រើប្រាស់ រួមមាន អេក្រង់ប៉ះប្រើ Touch Screen, អង់តែន ចាប់សេវាបណ្តាញទូរស័ព្ទ, កម្មវិធីបើកមើល វីដេអូ និងរូបភាព ព្រមទាំង ថាសផ្ទុកទិន្នន័យខាងក្នុង និងខាងក្រៅ។
ប៉ុន្តែ អ្វីដែលចម្លែក គឺឧបករណ៍នេះ មានអេក្រង់ពីរ បត់ចូលគ្នា, មានបន្ទៈសូឡា, ឃីប៊ត 2 និង ថតឌីស្កេត 3.5 ទៀតផង។ មើលយ៉ាងម៉េច ក៏មិនដូច iPhone និង iPad ដែរ!
លោក Ross ធ្លាប់បាន ស្នើសុំកម្មសិទ្ធបញ្ញា ទាក់ទងនឹង គំនូរព្រាងនេះដែរ នៅក្នុង ឆ្នាំ 1992 ប៉ុន្តែ ក្រសួងផ្លាកសញ្ញាពាណីជ្ជកម្ម និងប៉ាតង់ អាមេរិក បានទាត់ចោល សំណើររបស់លោក នៅក្នុង ឆ្នាំ 1995 ដោយសារ លោក បានខកខាន មិនបង់ប្រាក់ ស្នើសុំចុះបញ្ជីរ។ គាត់ បានព្យាយាម ស្នើសុំ ម្តងទៀត នៅឆ្នាំ 2014 តាមរយៈ ក្រសួងកម្មសិទ្ធបញ្ញា។
ក្រៅពី ទាមទារប្រាក់សំណង $10 ពាន់លានដុល្លារ លោក Ross ក៏បាន ទាមទារពី ក្រុមហ៊ុន Apple នូវប្រាក់ Royalty 1.5% ទៅលើ ផលិតផលដែលបានល្មើសផងដែរ៕
ប្រភព: AppleInsider
ដកស្រង់ពីៈ ioskhmer