Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បញ្ជូន​សំណុំ​រឿង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ទៅ​តុលាការ

$
0
0
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាច​នឹង​ចោទ​ប្រកាន់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ចំនួន​ពីរ​ករណី ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​មួយ​នេះ​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​បំពេញ​មុខងារ​របស់ លោក ស៊ុត ឌីណា នា​ពេល​កន្លង​មក។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់​ថា បទល្មើស​ដែល​លើក​យក​មក​ចោទ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ​ជា​ករណី​ធូរ​ស្រាល បើ​ធៀប​នឹង​ករណី​ធំៗ​ផ្សេង​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​របស់​គាត់។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៥ មេសា ថា អង្គភាព​របស់​លោក​កំពុង​ដំណើរ​ការ​នីតិវិធី​សាកសួរ និង​បញ្ជូន​សំណុំ​រឿង​របស់ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ ដើម្បី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ៖ «យើង​ខ្ញុំ​បាន​ឃាត់​ខ្លួន​គាត់​កាល​ពី​ម្សិលមិញ​ម៉ោង ៧​យប់។ អ៊ីចឹង​យើង​ខ្ញុំ​មាន​ពេល ៤៨​ម៉ោង​រហូត​ដល់​ស្អែក​ម៉ោង ៧​យប់។ គ្រប់ ៤៨​ម៉ោង​រួច​ហើយ បាន​ន័យ​ថា​ត្រូវ​តែ​នាំ​ខ្លួន​គាត់ និង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ដល់​ដៃ​តុលាការ មុន​ថ្ងៃ​ស្អែក​ម៉ោង ៧​យប់»។ លោក ឱម យ៉ិនទៀង អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ភស្តុតាង​ជាច្រើន​ដើម្បី​ចោទ​ប្រកាន់ លោក ស៊ុត ឌីណា ដែល​ភស្តុតាង​ទាំង​នោះ​មាន​ភាព​ប្រាកដ​ប្រជា​ដល់​ទៅ ៩០​ភាគរយ។ លោក ឱម យ៉ិនទៀង សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​ជា​មាន​មតិ​ខ្លះ​ចេញ​មុខ​អះអាង​ថា លោក ស៊ុត ឌីណា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ក៏ដោយ ក៏​ចម្លើយ​សារភាព​របស់ លោក ស៊ុត ឌីណា បាន​បង្ហាញ​ពី​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​បទ​ចោទ និង​ភស្តុតាង​នានា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ក្នុង​ដៃ៖ «យើង​ខ្ញុំ​មាន​ការ​លំបាក​មួយ​ត្រង់​ថា​ពេលវេលា ៤៨​ម៉ោង វា​មិន​គ្រប់។ យើង​ឃើញ​ចំណុច​ច្រើន​ពេក។ អ៊ីចឹង​យើង​ប្រហែល​ជា​ជ្រើសរើស​យក​តែ​ពីរ​ចំណុច​សិន​ទេ ដើម្បី​បញ្ជូន​ខ្លួន​គាត់​ទៅ​ឲ្យ​ទាន់ ៤៨​ម៉ោង។ ឯ​ចំណុច​ផ្សេងៗ​ទៀត យើង​នឹង​ធ្វើ​ការ​ពេល​ក្រោយ​ទៀត​លើ​បញ្ហា​នេះ»។ ទោះ​បី​ជា​បែប​នេះ​ក្តី លោក ឱម យ៉ិនទៀង មិន​បាន​បកស្រាយ​អំពី​ចំណុច​ពីរ​សំខាន់​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់ លោក ស៊ុត ឌីណា នោះ​ទេ ដោយ​លោក​អះអាង​ថា វា​ជា​កិច្ចការ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា។ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំងឡាយ​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ លោក ស៊ុត ឌីណា ធ្លាប់​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook) របស់​លោក ស្នើសុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ និង​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។ លោក ស៊ុត ឌីណា បាន​សរសេរ​ថា លោក​បាន​ប្រឹងប្រែង​បំពេញ​មុខងារ និង​លះបង់​គ្រប់​យ៉ាង​ដើម្បី​បម្រើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​បែរ​ជា​ត្រូវ​គេ​រៀបចំ​សេណារីយូ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទៅ​វិញ។ លោក ស៊ុត ឌីណា សរសេរ​ទៀត​ថា៖ «បើ​ខ្ញុំ​បាទ​មិន​មាន​ជំហរ​រឹងមាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​លើ​សមរភូមិ​ការងារ​រដ្ឋបាល ការទូត និង​នយោបាយ​ដ៏​ក្តៅ​នេះ​បាន​ឡើយ ពីព្រោះ​មួយ​គ្រប់គ្រង​ការងារ​រដ្ឋបាល និង​នយោបាយ និង​មួយ​ទៀត​ត្រូវ​រវល់​ទប់ទល់​នឹង​កម្លាំង​បុក​រុក​មួលបង្កាច់ បង្ខូច បំភ័ន្ត​មតិ​ថ្នាក់​លើ ដើម្បី​ដក​ការ​ទុក​ចិត្ត ឬ​ក៏​ដក​គ្រវាត់​ចោល។ មន្ត្រី​ដែល​បញ្ជូន​មក​ក្រោយៗ​នេះ គឺ​គ្មាន​មនសិការ​ការងារ គ្មាន​ភាព​លះបង់ ស្អាតស្អំ ក្នុង​ឋានៈ​ជា​មន្ត្រី​បម្រើ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ទេ។ គេ​គិត​តែ​ប្រមូល​ផ្តុំ​ក្បាល​គ្នា​រក​គ្រប់​ឧបាយកល ប្ដឹង​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​បាទ ដើម្បី​កម្ចាត់​ខ្ញុំ​ចេញ​ពី​តួនាទី​បម្រើ​រាស្ត្រ និង​បាំង​ផល​ប្រយោជន៍​ពួក​គេ និង​ពួក​នៅ​ពី​ក្រោយ​ខ្នង»។ លោក ស៊ុត ឌីណា គឺ​ជា​អតីត​ប្រធាន​រណសិរ្ស ប្រជាធិបតេយ្យ និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​គាំទ្រ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​ជា​សកម្មជន​នយោបាយ​ម្នាក់​ដែល​ធ្លាប់​ដឹក​នាំ​បាតុកម្ម​នានា​ប្រឆាំង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ភ្លាមៗ​នោះ ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ឆ្នាំ​២០១៤ លោក ស៊ុត ឌីណា ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង រហូត​មក។ ជុំវិញ​ការ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក ព្រាប កុល ថ្លែង​ថា វា​ជា​សមត្ថកិច្ច និង​ភារកិច្ច​របស់​អង្គភាព​មួយ​នេះ ក្នុង​ការ​ស៊ើប​អង្កេត និង​នាំ​ខ្លួន​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​មក​ឆ្លើយ​បំភ្លឺ។ ក្រៅ​ពី​នេះ លោក​ចង់​ឃើញ​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យោគយល់ និង​អត់​ឱន៖ «ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ គឺ​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់​ការ​ករណី​ពុក​រលួយ​ទាំងអស់។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត»។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឃាត់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ។ កាល​ពី​សប្ដាហ៍​មុន អង្គភាព​មួយ​នេះ​បាន​ឃាត់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស ម្នាក់​ឈ្មោះ លោក ហ៊ា សែន ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ប្រទេស​អូស្ត្រាលី និង​ញូវហ្សេលែន​នៃ​អាស៊ី​២ ដោយ​ចោទ​ប្រកាន់​ពី​បទ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រថាប់​ត្រា​បញ្ជាក់​លើ​ឯកសារ៕ ប្រភពៈ RFA

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>