ប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធឺត បានព្រមព្រៀងចរចាសន្តិភាពផ្លូវការជាមួយពួកក្រុមម៉ៅនិយមប៉ះបោរនៅអូស្លូនៅខែក្រោយ។
ទីប្រឹក្សាជាន់ខ្ពស់របស់លោក ឌូធឺត ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអំពីគម្រោងចរចាសន្តិភាពនេះ។
ហ្វីលីពីនបានចាប់ផ្តើមជជែកជាមួយរណសិរ្សប្រជាធិបតេយ្យកុម្មុនីស្តក្នុងឆ្នាំ១៩៨៦ ដើម្បីដោះស្រាយបញ្ហាក្រុមផ្តាច់ខ្លួនតស៊ូប្រមាណ៥០ឆ្នាំ ហើយបានបណ្តាលឲ្យមនុស្សស្លាប់អស់ប្រមាណ៤០ ០០០នាក់។
លោក Jesus Dureza ទីប្រឹក្សាសន្តិភាពរបស់លោក ឌូធឺត ថ្លែងថាការព្រមព្រៀងពិភាក្សានេះកើតឡើង២ថ្ងៃបន្ទាប់ពីលោក ឌូធឺត ពិភាក្សាផ្លូវការជាមួយមេដឹកនាំបះបោរនៅណ័រវេ។
លោក Dureza ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងផ្តល់យោបល់ឲ្យលោក ឌូធឺត ដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយភាគីទាំងពីរនឹងចរចាក្នុងការបញ្ចប់ការផ្ទុះអាវុធក្នុងសប្តាហ៍ទី៣នៅក្នុងខែកក្កដា៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍