១៥មិថុនា១៩៦២ – ១៥មិថុនា២០១៦។ ថ្ងៃទី១៥មិថុនាម្សិលមិញនេះ គឺជាខួបទី៥៤ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ ចូលខ្លួនមករំលឹកអំពីសំណុំរឿងរ៉ាវក្ដីក្ដាំរវាងកម្ពុជានិងថៃ ស្ដីពីប្រាសាទព្រះវិហារនេះ តាមរយៈសំណួររបស់ សួង សុខភារី។
ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។
នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដី។ កម្ពុជានិងថៃ បានលើកឡើងនូវទឡ្ហីកររៀងៗខ្លួន ដើម្បីបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។ កម្ពុជាបានលើកយក ផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។
ចំណែកភាគីថៃក៏បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកឡើង។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងនៅក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែន នៅតំបន់ដងរែក គឺត្រូវយកតាម ខ្សែបែងចែកផ្លូវទឹក។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។
យ៉ាងណាក៏ដោយ នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានច្រានចោលការលើកឡើងរបស់ភាគីថៃ ដែលបានលើកឡើងពីមាត្រា ១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤។ បើតាមតុលការក្រុងឡាអេ មាត្រា១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ក៏ប៉ុន្តែ នៅក្នុងមាត្រា ៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដនឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម។ បើនិយាយពីតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង។ ដូច្នេះ គេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេ។
យោងតាមហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។ ហើយតាមរយៈខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា៖
· ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
· ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
· ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ៕
ការអនុវត្តសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្ដរជាតិ
ក្នុងចំណោមសេចក្ដីសម្រេចទាំងបីចំណុច របស់តុលាការយុត្តិធម៌អន្ដរជាតិ មានតែមួយចំណុចប៉ុណ្ណោះដែលត្រូវបានគោរព។ នោះគឺចំណុចទី១ ដែលកំណត់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ដោយឡែក ចំណុចទី២ ដែលតុលាការបង្គាប់ឲ្យថៃដកកងកម្លាំងចេញពីប្រាសាទ និងបរិវេណជុំវិញប្រាសាទក្នុងដែនដីកម្ពុជានោះ មិនត្រូវបានភាគីថៃអនុវត្តទេភារី។ សម្រាប់ថៃ អ្វីដែលតុលាការអន្ដរជាតិកាត់សេចក្ដីនោះគឺតួប្រាសាទព្រះវិហារ។ ដោយឡែក បរិវេណជុំវិញប្រាសាទ ដែលមានទំហំ៤,៦គីឡូម៉ែត្រការ៉េនោះ គឺជាកម្មសិទ្ធិរបស់ថៃ ហើយថៃមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួន នៅទីនោះ។ ព្រោះតែប្រកាន់ជំហបែបនេះ នៅខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារម្ដងទៀត។ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃបានផ្ទុះឡើងម្ដងទៀត ជម្រុញឲ្យកម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ឲ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ឡើងវិញ។
នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឲ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ ប៉ុន្តែ សេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឲ្យថៃអនុវត្តតាមបានដដែល។
យើងឃើញថា រហូតមកទល់ពេលនេះ កងកម្លាំងរបស់ថៃ នៅតែបន្តមានវត្តមាននៅលើបរិវេណជុំវិញប្រាសាទ ដែលជាដែនអធិបតេយ្យរបស់ខ្មែរ។ មិនត្រឹមតែមិនដកកម្លាំងចេញពីដែនអធិបតេយ្យខ្មែរទេ ភាគីថៃក៏នៅមិនទាន់ប្រគល់វត្ថុសិល្បៈបុរាណមកឲ្យខ្មែរវិញដែរ។ ជាវត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់ពីឆ្នាំ១៩៥៤។ ដែលនេះ គឺជាការខកខានមិនបានអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្ដរជាតិ។
វិធានការរបស់កម្ពុជាប្រឈមនឹងភាគីថៃ ដែលមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ
ការជំរុញឲ្យភាគីថៃអនុវត្តសាលដីកាតុលាការក្រុងឡាអេ ICJ ឲ្យបានពេញលេញ នៅក្នុងខណៈដែលថៃគ្រប់គ្រងដោយរបបយោធាដូច្នេះ ត្រូវបានគេមើលឃើញថា ពិបាកនឹងទៅរួចណាស់។ ពិបាកព្រោះ បើទោះបីជារដ្ឋាភិបាលយោធារបស់ថៃ ទទួលស្គាល់និងព្រមអនុវត្តតាមសាលដីការ ICJ ក៏ដោយ ក៏គេមិនអាចធានាបានទេថា ការទទួលស្គាល់នេះ នឹងនៅតែមានបន្តទៀតសម្រាប់រដ្ឋាភិបាលថៃថ្មីដែលនឹងកើតចេញពីការបោះឆ្នោតនាពេលខាងមុខ។ ព្រោះសូមកុំភ្លេចថា រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា រាល់ថ្ងៃ គឺជារដ្ឋាភិបាលរដ្ឋប្រហារ ជារដ្ឋាភិបាលខុសច្បាប់ ដែលជនជាតិថៃមួយចំនួនមិនទទួលស្គាល់ទេ។
តើការជំរុញឲ្យភាគីថៃអនុវត្តសាលដីកាតុលាការក្រុងឡាអេ គឺជារឿងចាំបាច់ដែរឬទេសម្រាប់កម្ពុជា? មានការយល់ឃើញផ្សេងគ្នានៅក្នុងចំណុចនេះ! លោក សំបូ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ យល់ឃើញថា រឿងនេះចាំបាច់តែមិនបន្ទាន់ទេ។ លោកថា កម្ពុជាគួរតែផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាដែលចាំបាច់និងបន្ទាន់ ជាពិសេសការថែរក្សាសន្តិភាពនិងបញ្ហាសេដ្ឋកិច្ចជាដើម។ ចំណាត់ការណាមួយជុំវិញប្រាសាទព្រះវិហារដ៏រសើបនេះ សម្រាប់លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា គួរតែត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍សន្តិភាព។
ដោយឡែក លោកបណ្ឌិត ស៊ន សំណាង ប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ឯណុះវិញ យល់ឃើញថា ការអនុវត្តសាលដីកាតុលាការក្រុងឡាអេឲ្យបានពេញលេញ គឺជារឿងចាំបាច់ខ្លាំងណាស់ ទាំងសម្រាប់កម្ពុជា និងជាពិសេសសម្រាប់ប្រទេសថៃតែម្ដង។ ប្រទេសថៃ ដែលបើតាមលោកបណ្ឌិត ស៊ន សំណាង ត្រូវតែអនុវត្តឲ្យបាន តាមសេចក្ដីសម្រេចរបស់តុលាការ ICJ ដើម្បីកិត្យានុភាពនៅលើឆាកអន្ដរជាតិ និងភាពជាប្រជាជាតិស៊ីវីល័យរបស់ថៃ៕
ប្រភពៈ RFI