ទីភ្នាក់ងារទេសចរណ៍អន្តរជាតិឈ្មោះ ធ្រីបអែដវ៉ាយសឺ (Trip Advisor) ដែលបានស្ទង់មតិពីអ្នកទេសចរនៅជុំវិញពិភពលោក បានឲ្យពិន្ទុថា ខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយប្រាសាទបុរាណ គឺជាគោលដៅទេសចរណ៍លេខមួយនៅក្នុងតំបន់ចាប់តាំងពីដើមឆ្នាំ២០១៦។ ដោយសារគោលដៅដ៏មានសក្ដានុពល និងទាក់ទាញភ្ញៀវទេសចរបរទេសមួយនេះ ធ្រីបអែដវ៉ាយសឺ (Trip Advisor) ជំរុញឲ្យក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ត្រូវតែចេះស្វែងរកទីផ្សារទេសចរណ៍តាមរយៈបច្ចេកវិទ្យាទំនើបនៃប្រព័ន្ធ ឌីជីថល (Digital)។
ក្រុមអ្នកជំនាញផ្នែកទេសចរណ៍ និងប្រព័ន្ធសារអេឡិចត្រូនិកអន្តរជាតិ មកពីប្រទេសអភិវឌ្ឍន៍មួយចំនួន បានប្រឹងប្រែងបង្ហាត់បង្រៀនជំនាញរចនាគេហទំព័រ ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធសារអេឡិចត្រូនិកដល់ស្ថាប័នរដ្ឋ និងទីភ្នាក់ងារទេសចរណ៍ឯកជនកម្ពុជា ដើម្បីឲ្យមានសមត្ថភាពស្វែងរកទីផ្សារទេសចរណ៍តាមបែបបច្ចេកវិទ្យា ឌីជីថល ហើយទទួលបានភ្ញៀវដែលមកទស្សនាឲ្យកាន់តែច្រើនថែមទៀត។
កាលពីថ្ងៃទី១៣ ខែមិថុនា ទាំងស្ថាប័នរដ្ឋ និងទីភ្នាក់ងារទេសចរណ៍ឯកជនជាច្រើនរូប បានជួបជុំគ្នាដើម្បីសិក្សាស្វែងរកទីផ្សារទេសចរណ៍តាមរយៈបច្ចេកវិទ្យាសម័យទំនើប នៃប្រព័ន្ធឌីជីថលនេះ។
តំណាងឲ្យទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ធ្រីបអែដវ៉ាយសឺ (Trip Advisor) គឺអ្នកស្រី សារ៉ាក ម៉ាតជូ (Sarah Mathew)។ អ្នកស្រីថ្លែងក្នុងពេលបើកសិក្ខាសាលាស្ដីពីការស្វែងរកទីផ្សារទេសចរណ៍តាមរយៈប្រព័ន្ធឌីជីថលនោះថា អ្នកស្រីធ្លាប់បានមកដល់វិថីផាប់ស្ទ្រីត (Pub Street)ទំនប់ផ្សារចាស់នៃទីរួមខេត្តសៀមរាប កាលពីឆ្នាំមុន ហើយបានរកឃើញថា ខេត្តសៀមរាប មានសក្ដានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនា៖ «វាពិតជាមានសារសំខាន់ខ្លាំងណាស់នៅពេលដែលយើងគិតទៅដល់ការទាក់ទាញយ៉ាងណា ឲ្យភ្ញៀវទេសចរបរទេសមកទស្សនាកាន់តែច្រើនឡើងនោះ។ នៅក្នុងការស្វែងរកទីផ្សារទេសចរណ៍នេះ គឺយើងត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីទម្លាប់ និងតម្រូវការរបស់អ្នកទេសចរឲ្យបានច្បាស់ ទើបអាចធ្វើឲ្យពួកគេចាប់អារម្មណ៍មកលើគោលដៅដែលនឹងត្រូវជ្រើសរើសធ្វើដំណើរកម្សាន្ត»។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ វិសុទ្ធី ទទួលស្គាល់ថា ជារៀងរាល់ថ្ងៃ ទាំងទីភ្នាក់ងារទេសចរណ៍ និងអ្នកទេសចរ គឺសុទ្ធតែត្រូវការព័ត៌មានជាប្រចាំថ្ងៃ ហើយពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏កាន់តែទំនើបមានទាំងគេហទំព័រ និងឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទទៀតដែលសុទ្ធតែអាចស្រាវជ្រាវរកព័ត៌មានបានទាន់ចិត្ត។ លោក សូ វិសុទ្ធី បញ្ជាក់ទៀតថា បច្ចុប្បន្នវាជាពេលវេលាមួយដ៏សំខាន់សម្រាប់ឲ្យទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវចេះស្វែងរកទីផ្សារទេសចរណ៍តាមរយៈបច្ចេកវិទ្យាសម័យទំនើបនៃប្រព័ន្ធឌីជីថល (Digital)៖ «ខាង ធ្រីបអែដវ៉ាយសឺ គាត់បានបញ្ជាក់ថា ប្រព័ន្ធឌីជីថលហ្នឹងមានសារសំខាន់ណាស់សម្រាប់ការធ្វើដំណើរទូទាំងពិភពលោក ដូចជាវិស័យទេសចរណ៍យើងនេះ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម ថ្លែងថា កំណើនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា បានកើនឡើងជាលំដាប់ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា ពេញមួយឆ្នាំ២០១៥ កម្ពុជា បានទទួលភ្ញៀវទេសចរបរទេសចំនួន ៤លាន ៨សែននាក់ ហើយក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៦ គឺកម្ពុជា បានទទួលភ្ញៀវទេសចរបរទេសចំនួន ១លាន ៣សែននាក់។ តួលេខនេះមានកំណើន ២,៦% បើប្រៀបធៀបទៅនឹងរយៈពេល ៣ខែដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ៕
ប្រភពៈ RFA