Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ

$
0
0

អាជ្ញាធរខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានរក្សាទុកកាលពីឆ្នាំ២០០២ ហើយបច្ចុប្បន្នត្រូវគេកាប់បំផ្លាញរានយកដីធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។

499c2019-c487-43cd-b72f-3ba35d1c9626

បញ្ហានេះ មន្ត្រីសង្គមស៊ីវិលបានរិះគន់ថា បទល្មើសកាន់កាប់ដីព្រៃគម្របព្រៃឈើធ្វើកម្មសិទ្ធិនាមូលដ្ឋាននេះពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមានងារជាឧកញ៉ា បន្តកើតមានរាល់ថ្ងៃ និងគ្មានអាជ្ញាធរចុះបង្ក្រាបទេ។

ទោះបីជាអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមានប្រើកម្លាំងប្រដាប់អាវុធចម្រុះចុះបង្ក្រាបអ្នកជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃដុតរានយកដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅស្រុកព្រៃនប់ ឬព្រៃឈើនៅចុងឆ្នេរអូរត្រេះ ឬពយម៉ាចូវ យកទៅផ្ដន្ទាទោសបែបណាក្តី ក៏គិតមកដល់ថ្ងៃទី១៤ ខែមិថុនា នេះ បទល្មើសរានដីព្រៃទាំងនេះបានបន្តកើតមានដដែល។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា រដ្ឋបាលខេត្តនេះបានប្រជុំមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរតាមមូលដ្ឋាន ឲ្យចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទន្ទ្រានកាប់ដីគម្របព្រៃឈើឆ្នាំ២០០២ មុននឹងឈានដល់មានវិធានការតាមផ្លូវច្បាប់។ លោកព្រមានថា អ្នកជាប់ពាក់ព័ន្ធបទល្មើសរានដីគម្របព្រៃឈើធ្វើកម្មសិទ្ធិនាមូលដ្ឋាននេះ ពិសេសព្រៃឈើនៅម្តុំចុងឆ្នេរអូរត្រេះ ឬពយម៉ាចូវ អាចនឹងឈានដល់ឃាត់ខ្លួនជនប្រព្រឹត្តិល្មើស ឬអ្នកនៅពីក្រោយបទល្មើសនេះ៖ «ខ្ញុំបានប្រជុំមន្ត្រីជំនាញ ដើម្បីត្រៀមកម្លាំងចុះទប់ស្កាត់ ឬឈានដល់នាំខ្លួនជនប្រព្រឹត្តិល្មើសមកផ្ដន្ទាទោស ចំពោះបទល្មើសរានយកដីព្រៃរបស់រដ្ឋនៅខេត្តព្រះសីហនុ។ អាជ្ញាធរកំពុងធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់»

យ៉ាងនេះក្តី គេសង្កេតឃើញថា ដីគម្របព្រៃឈើដែលរដ្ឋាភិបាលបម្រុងទុកកាលពីឆ្នាំ២០០២ បច្ចុប្បន្ននេះ ត្រូវជនល្មើសមានទាំងពលរដ្ឋសាមញ្ញ មន្ត្រីមានអំណាចទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ និងឈ្មួញមានទ្រព្យមានងារជាឧកញ៉ា កំពុងប្រើគ្រប់រូបភាពកាប់ទន្ទ្រានដីនៅក្នុងបរិវេណគម្របព្រៃឈើរាបដល់ដី ហើយមានសង់ផ្ទះតូចៗ និងហ៊ុមព័ទ្ធរបងឈើ និងថ្ម ដើម្បីកំណត់ព្រំដីយ៉ាងអនាធិបតេយ្យ ហើយគ្មានអាជ្ញាធរទប់ស្កាត់ទេ។

ត្រង់ចំណុចនេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលចុះពិនិត្យផ្ទាល់ដល់ទីតាំងគម្របព្រៃឈើនាភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ លោកសង្កេតឃើញថា ដីគម្របព្រៃឈើឆ្នាំ២០០២ ត្រូវគេកាប់ដុត និងហ៊ុមព័ទ្ធរបងសម្គាល់ក្បាលដីម្ចាស់នីមួយៗ មានសង់ផ្ទះឈើតូចៗ និងសង់របងថ្មរឹងមាំជាដើម នៅលើដីនោះ។ លោកសោកស្ដាយដែលរដ្ឋបាលខេត្តព្រះសីហនុ ពិសេសអាជ្ញាធរជំនាញពាក់ព័ន្ធ គ្មានសកម្មភាពទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើ ដែលរដ្ឋបម្រុងទុកក្នុងខេត្តជាប់សមុទ្រមួយនេះឲ្យបានគង់វង្ស។

ប្រធានអង្គការ ស៊ីអ៊ិនរ៉ូ លោក សុខ សុខុម ស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់បទល្មើសរានយកដីគម្របព្រៃឈើដែលនៅសេសសល់នាខេត្តព្រះសីហនុ ឲ្យបានគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាតំបន់នេះនាថ្ងៃអនាគត៖ «ដីគម្របព្រៃឈើឆ្នាំ២០០២ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលនេះត្រូវបំផ្លាញស្ទើរទាំងស្រុងអស់ទៅហើយ ហើយអាជ្ញាធរមិនបានចេញមកទប់ស្កាត់ទេ។ ដីគម្របព្រៃឈើមានដើមដុះច្រើនស្អេកស្កះដូចម្រាមដៃ ប៉ុន្តែពេលនេះ ត្រូវកាប់រាបដល់ដី និងមានសង់ផ្ទះតូចធំ និងសង់របងឈើថ្មរឹងមាំសម្រាប់សម្គាល់ក្បាលដីរបស់ម្ចាស់នីមួយៗថែមទៀត។ ហើយអាជ្ញាធរជំនាញ មិនបានចុះមកទប់ស្កាត់ទេ»

land-855

ទាក់ទិនបទល្មើសនេះ នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ លោក ឌី សុភី និងអភិបាលស្រុកព្រៃនប់ លោក ទិត វុទ្ធី បានអះអាងថា មន្ត្រីជំនាញស្ថាប័នរបស់ខ្លួនកំពុងចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋដែលចូលមកសង់ផ្ទះ ឬទន្ទ្រានកាប់ដីគម្របព្រៃឈើនាមូលដ្ឋាននេះ ដើម្បីរាយការណ៍ជូនថ្នាក់លើមានវិធានការតាមផ្លូវច្បាប់។ លោក ឌី សុភី ឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរជំនាញខេត្តនេះមិនទាន់បានកំណត់ថ្ងៃចុះទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើ ដែលត្រូវគេកាប់ទន្ទ្រានរាបដល់ដីនាឃុំបិតត្រាំង ស្រុកព្រៃនប់ នៅឡើយទេ៖ «ខ្ញុំបានចុះស្រង់ស្ថិតិ និងរាយការណ៍ជូនលោកអភិបាលខេត្ត លើបញ្ហាទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើនេះរួចហើយ ហើយបានឲ្យធ្វើកិច្ចសន្យាថែមទៀត»

ចំណែកអភិបាលស្រុកព្រៃនប់ លោក ទិត វុទ្ធី ឲ្យដឹងថា អាជ្ញាធរកំពុងធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ ឲ្យស្របតាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ ដាក់ឲ្យអនុវត្តក្នុងពេលថ្មីៗនេះ។ លោក ទិត វុទ្ធី ព្រលយថា ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋបានរក្សាទុក អាចទំនងជាផ្នែកខ្លះត្រូវមន្ត្រីស្ថាប័នជំនាញខេត្តព្រះសីហនុ ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន ដែលមានអំណាចក្នុងជួររដ្ឋាភិបាល និងឈ្មួញមានទ្រព្យមានងារជាឧកញ៉ាមួយចំនួនរួចហើយ៖ «ខ្ញុំបានឲ្យមន្ត្រីជំនាញរបស់ខ្ញុំចុះស្រង់ស្ថិតិផ្ទះប្រជាពលរដ្ឋ ដែលចូលទៅសង់នៅលើដីរដ្ឋទាំងនោះ ដើម្បីបង្ការការទន្ទ្រានកាប់ព្រៃរដ្ឋ និងរានយកដីកម្មសិទ្ធិឯកជន ជាដើម»

យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានរិះគន់អាជ្ញាធរថា មិនគួរទុកបណ្តោយឲ្យមានភាពអនាធិបតេយ្យនៃការកាប់រានដីព្រៃគម្របព្រៃឈើ បន្តឲ្យមានបទល្មើសកាប់រានធ្វើកម្មសិទ្ធិដោយមិនបានទប់ស្កាត់បែបនេះទេ។ លោក ប៊ួន ណារិទ្ធិ ហាក់មានមន្ទិលសង្ស័យថា អាចទំនងជាមានការឃុបឃិតចែកផលប្រយោជន៍គ្នាជាលក្ខណៈប្រព័ន្ធ រវាងថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋខ្លះនាខេត្តព្រះសីហនុ ជាមួយឈ្មួញ ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២ ក៏ថាបាន ទើបបទល្មើសទាំងនេះគ្មានការទប់ស្កាត់ និងទុកឲ្យបទល្មើសកាប់រានដីគម្របព្រៃឈើក្នុងមូលដ្ឋាននេះបន្តកើតមានរហូតមកដល់ពេលនេះ៖ «ដីគម្របព្រៃឈើឆ្នាំ២០០២ នេះ អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ នាថ្ងៃអនាគត។ អាជ្ញាធរត្រូវតែទប់ស្កាត់បទល្មើសកាប់រានដីព្រៃឈើដែលនៅសេសសល់នេះឲ្យបានគង់វង្ស។ សូមអាជ្ញាធរខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាលពិចារណាទប់ស្កាត់បទល្មើសទន្ទ្រានដីគម្របព្រៃឈើឡើងវិញ និងជួយថែរក្សាឲ្យបានគង់វង្ស»

ទាក់ទិនបញ្ហានេះ សាធារណជនបានរិះគន់ថា អ្នកដឹកនាំខេត្តព្រះសីហនុ ក្នុងប៉ុន្មានអាណត្តិកន្លងមកនេះ ពិសេសនៅក្នុងអាណត្តិដែលលោក ស្បោង សារ៉ាត បានមកដឹកនាំជាអភិបាលខេត្ត គេសង្កេតឃើញថា ដីសាធារណៈរបស់រដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា មានដូចជា ដីផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះនរោត្តម សីហនុ នៅប្របចុងឆ្នេរអូរឈើទាល ដីចំណីឆ្នេរសមុទ្រ ដីព្រៃលិចទឹក ឬដីព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជ ដីចំណីមាត់បឹង ឬអូរធម្មជាតិ មានបឹងព្រែកទប់ និងដីចំណីមាត់បឹងកង្កែបជាដើម ត្រូវមន្ត្រីជំនាញស្ថាប័ននេះឃុបឃិតចេញប្លង់កម្មសិទ្ធិទៅឲ្យបុគ្គលឯកជន ឬឈ្មួញធ្វើកម្មសិទ្ធិ ដោយបានអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះ អ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនេះមានដូចជា លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ លោក សូរ សុខ និងលោក ហ៊ុន ភី អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជាដើម គឺមិនត្រូវបានរដ្ឋាភិបាល ឬស្ថាប័នជំនាញ កោះហៅមកសួរនាំ ឬផ្ដន្ទាទោសនោះទេ ហើយមន្ត្រីទាំងនោះបានបន្តឡើងឋានៈបុណ្យស័ក្តិថែមទៀត៕

ប្រភពៈ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>