រដ្ឋបាលខេត្តព្រះសីហនុ បានចុះបែងចែកដីជូនប្រជាពលរដ្ឋជិត ២រយគ្រួសារ ដែលកន្លងមកពលរដ្ឋទាំងនោះ បានទៅតាំងទីលំនៅលើបរិវេណដីរដ្ឋហាមឃាត់ តំបន់រក្សាប្រពភទឹកស្អាតតំបន់ក្បាលឆាយ ដោយអាជ្ញាធរតម្រូវឲ្យប្តូរទៅសង់ទីលំនៅ ទៅកាន់ទីតាំងដីឡូត៍ថ្មី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋខ្វះដីសង់ផ្ទះពិតប្រាកដ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីមន្ទីរជំនាញក្រោមឱវាទរដ្ឋបាលខេត្ត ចុះចាប់ឆ្នោតបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋខ្វះដីសង់ផ្ទះចំនួន ១៧៦គ្រួសារ កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា។ លោកបានឲ្យដឹងថា ការបែងចែកដីឡូត៍ជូនពលរដ្ឋនាឱកាសនេះ គឺជាលើកទី៧ហើយ ដែលរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ បានរៀបចំចុះចាប់ឆ្នោតបែងចែកដីឡូត៍សម្រាប់សង់ផ្ទះ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
លោក យន្ត មីន បញ្ជាក់ថា ការងារចុះបែងចែកដីឡូត៍ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះដីសង់ផ្ទះនាមូលដ្ឋាននេះ រដ្ឋបាលខេត្តនឹងបន្តរៀបចំ ជាបន្តបន្ទាប់ទៀតនាថ្ងៃខាងមុខ ឲ្យស្របតាមការណែនាំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានជួយគិតគូរដល់ទុក្ខលំបាកពលរដ្ឋ ដែលមិនមានដីសង់ផ្ទះពិតប្រាកដ។
ស្ថិតិរបស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា គិតមកដល់ពេលនេះរដ្ឋបាលខេត្ត បានចុះចាប់ឆ្នោតបែងចែកដីឡូត៍ជូនពលរដ្ឋខ្វះដីសង់ផ្ទះបានចំនួន ៧ទីតាំងរួចហើយរួមមាន៖ ទីតាំងនៅជិតតំបន់សិករងខេត្តព្រះសីហនុ។ ទីតាំងដីឡូត៍ ផូ ម៉ុងសាន។ ទីតាំងនៅជិតរោងចក្រយូស៊ីន។ ទីតាំងនៅតំបន់អូអារ៉េវ។ ទីតាំងនៅជិតរោងចក្រអ័រស៊ីអាយ(RCI)។ ទីតាំងនៅជាប់ទីតាំងបរិវេណដីអង្គរក្សថ្នាក់ដឹកនាំ និងទីតាំងបានបែងចែកជូនប្រជាពលរដ្ឋចំនួន ១៧៦គ្រួសារ គឺនៅជិតតំបន់សិករងខេត្តព្រះសីហនុ ជាប់តាមបណ្តោយផ្លូវចូលទៅតំបន់រម្មនីយដ្ឋានក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តបញ្ជាក់ថា សកម្មភាព ចុះរៀបចំបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយស្ថាប័នពាក់ព័ន្ធទាំង ៧លើកកន្លងមកនេះ មានប្រជាពលរដ្ឋសរុបចំនួន ៨៣១គ្រួសារ បានទទួលដីសង់ផ្ទះ ដែលមានសុវត្ថិភាព៕ ខ្មែរស្ថាបនា