ក្មេងស្ទាវស្រី៤នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីវីដេអូមួយត្រូវបានចែករំលែកលើអនឡាញ បង្ហាញឲ្យឃើញពួកគេធ្វើសកម្មភាពព្រហើនរាំចាក់ក្បាច់នៅលើរថយន្តប៉ូលីសនៅក្នុងប្រទេសចិន ។
ក្មេងស្រីជំទង់ទាំងនេះ បើតាមប្រភពព័ត៌មានឲ្យដឹង គឺបានចូលទៅផឹកស៊ីនៅក្នុងបារមួយកន្លែងនៅ Guizhou ហើយបន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏បាននាំចេញដើរចូលដងផ្លូវ ។
នារាត្រីនោះ ពួកនាងបានប្រទះឃើញរថយន្តប៉ូលីស១គ្រឿងកំពុងចតចោល និងក៏សម្រេចចិត្តឡើងលើវា រួចនាំគ្នារាំម៉ាសប្បាយដៃ នៅលើក្បាលរថយន្ត ។
ប៉ុន្តែ សំណាងអាក្រក់របស់ពួកគេ ព្រោះតែវីដេអូនៃសកម្មភាពស្រវឹងរបស់ពួកគេ ត្រូវបានគេបង្ហោះឡើងអ៊ីនធើរណេត ហើយវាបានរីករាលដាលយ៉ាងលឿន ។ នៅពេលប៉ូលីសទទួលបានព័ត៌មានអំពីហេតុការណ៍នេះ ពួកគេក៏ចាប់ផ្តើមតាមដានក្មេងស្រីជំទង់ទាំងនោះ ។
ទីបំផុត ប៉ូលីសបានចាប់ខ្លួនក្មេងទាំង៤ យកទៅឃុំខ្លួន ដើម្បីសួរនាំ ។ ប៉ុន្តែ ដោយសារពួកគេទាំងអស់ ស្ថិតក្រោមអាយុ ១៨ ឆ្នាំ ហើយពួកនាងក៏ត្រូវបានដោះលែងវិញ ដើម្បីប្រគល់ជូនឪពុកម្តាយធ្វើការអប់រំតាមវិន័យគ្រួសារ ៕