គណបក្សសង្គ្រោះជាតិ ស្នើឲ្យតំណាងមូលនិធិខូហ្វី អាណាន់ (Kofi Annan) អន្តរាគមន៍ជួយស្វែងរកដំណោះស្រាយវិបត្តិនយោបាយដែលកំពុងមានសភាពធ្ងន់ធ្ងរ។ ផ្ទុយពីនេះវិញ តំណាងគណបក្សប្រជាជនកម្ពុជា អះអាងថា តំណាងមូលនិធិ ខូហ្វី អាណាន់ បង្ហាញការភ្ញាក់ផ្អើលដែលកម្ពុជា សម្រេចបានកិច្ចការលើសពីការរំពឹងទុកក្នុងរយៈពេលជាង ២០ឆ្នាំ កន្លងទៅនេះ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និងលោក អាឡាន់ ដូហ្វ (Alan Dos) នាយកប្រតិបត្តិមូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) (ឆ្វេង) ក្នុងជំនួបនាទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang
មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ ឲ្យដឹងក្នុងពេលធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលគណបក្ស កាលពីថ្ងៃទី២៣ ខែឧសភា ថា តំណាងមូលនិធិ ខីហ្វី អាណាន់ លោក អាឡាន់ ដូហ្វ (Alan Doss) បញ្ជាក់នៅក្នុងជំនួបជាមួយគណបក្សសង្គ្រោះជាតិ ថា ស្ថាប័នអន្តរជាតិមួយនេះនឹងបន្តស្វែងរកលទ្ធភាពធ្វើយ៉ាងណាបង្កើតបរិយាកាសនយោបាយឲ្យបានល្អប្រសើរនៅមុនការបោះឆ្នោតមកដល់។ កិច្ចការដែលមូលនិធិនេះត្រូវជួយកម្ពុជា គឺនឹងត្រូវចាប់ដំណើរការមុនការបោះឆ្នោតមកដល់ ជាពិសេសនឹងកៀរគរបក្សនយោបាយ និងភាគីពាក់ព័ន្ធដទៃទៀតឲ្យខិតជិតគ្នា ដើម្បីបម្រើឲ្យការបោះឆ្នោតខាងមុខនេះអាចជឿទុកចិត្តបានពីម្ចាស់ឆ្នោត។
លោកបន្តថា៖ «គាត់នឹងមកផ្ដល់យោបល់ជួយជាគំនិត និងផ្តល់នូវបទពិសោធន៍ដើម្បីឲ្យការបោះឆ្នោតធ្វើយ៉ាងម៉េចមានការជឿជាក់ពីម្ចាស់ ក៏ដូចជាទទួលយកបានពីគ្រប់គណបក្សនយោបាយ»។
ក្រៅពីជួបជាមួយមន្ត្រី គ.ជ.ប និងតំណាងគណបក្សនយោបាយ កាលពីថ្ងៃទី២៣ ខែឧសភា តំណាងមូលនិធិ ខូហ្វី អាណាន់ គ្រោងនឹងជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីទូតនានាថែមទៀតផង។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ក្នុងជំនួបជាមួយគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល តំណាងមូលនិធិ ខូហ្វី អាណាន់ បង្ហាញការពេញចិត្តពេញថ្លើមចំពោះការដឹកនាំរបស់រដ្ឋាភិបាល ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ថាមានភាពរីកចម្រើន និងជឿនលឿន។
ចំណែកគណបក្សប្រឆាំងបង្ហាញកង្វល់ថា ស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ននេះ មិនមែនល្អប្រសើរ ដូចការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលឡើយ។ ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង អ្នកនយោបាយ និងចុងក្រោយនេះអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ថែមទៀតផង។ ស្ថិតក្រោមហេតុផលនេះហើយ ត្រូវបានគណបក្សប្រឆាំងចាត់ទុកថា ស្ថានភាពនេះ បានជំរុញឲ្យបរិយាកាសនយោបាយកាន់តែអាប់អួទៅៗ ក្នុងដំណាក់កាលនយោបាយចុងក្រោយនេះ។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងក្រោយជំនួបថា សន្តិសុខនៃការបោះឆ្នោត គឺដំណើរការបានល្អ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតកន្លងទៅនេះ កម្ពុជាពុំទាន់មានបញ្ហាអ្វីកើតឡើងជាឧបសគ្គនូវឡើយទេ។
លោកបន្តថា ហេតុនេះការពិនិត្យ និងចង់ដឹងពីតំណាងមូលនិធិ ខូហ្វី អាណាន់ នេះ អាចថាកម្ពុជា បានឆ្លើយតបជាវិជ្ជមានរួចទៅហើយ ជាពិសេសបរិយាកាសល្អ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះសម្រាប់ដំណើរការ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត៖ «ការងារសន្តិសុខបោះឆ្នោតកន្លងមកនៅប្រទេសកម្ពុជា គឺមានការសហការរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ហើយនិង គ.ជ.ប។ កម្ពុជាពុំធ្លាប់មានបញ្ហាភេរវកម្មបោះឆ្នោតដូចជាបំផ្ទុះគ្រាប់បែកអត្តឃាតដូចជានៅទេសមួយចំនួននោះទេ»។
ក្នុងរយៈពេល ៤អាណត្តិកន្លងទៅនេះ ស្ថាប័នរៀបចំការបោះឆ្នោត រងការចោទប្រកាន់ថា មិនមានភាពឯករាជ្យ លំអៀង និងមិនអាចជឿទុកចិត្តបានពីអ្នកបោះឆ្នោតជាដើម។
មន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប ជួបប្រជុំជាមួយគណៈប្រតិភូនៃមូលនិធិ កូហ្វី អាណាន់
ដោយ ទីន ហ្សាការីយ៉ា
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបប្រជុំជាមួយគណៈប្រតិភូនៃមូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) ដឹកនាំដោយនាយកប្រតិបត្តិនៃមូលនិធិនេះ លោក អាឡាំង ដូស (Alan Doss) កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា នាទីស្ដីការ គ.ជ.ប។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គ.ជ.ប បានជួបគណៈប្រតិភូមូលនិធិ ខូហ្វី អាណាន់ នេះ មានរបៀបវារៈបីសំខាន់គឺទី១ ជជែកពីការងារបោះឆ្នោត ទី២ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងទី៣ ការងារសន្តិសុខបោះឆ្នោត។
លោកបញ្ជាក់ថា គ.ជ.ប ក៏ស្វែងយល់ពីមូលនិធិ ខូហ្វី អាណាន់ នេះ ដើម្បីយកជាបទពិសោធន៍ដែលមូលនិធិនេះបានជួយកិច្ចការបោះឆ្នោតនៅក្នុងប្រទេសមួយចំនួនដែលដំណើរការទៅល្អ ដោយសេរី និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ។
ក្នុងរបៀបវារៈជាផ្លូវការក្នុងជំនួបនោះ មិនបានបង្ហាញពីកិច្ចពិភាក្សាណាមួយស្ដីពីអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ឃុំនោះទេ ប៉ុន្តែក្រុមអ្នកច្បាប់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថា នឹងដាក់លិខិតទៅតុលាការដើម្បីសុំជួបសួរសុខទុក្ខសមាជិករបស់ខ្លួន គឺលោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំនៅពន្ធនាគារ ប៉េហ្សី (PJ) រាជធានីភ្នំពេញ។
គ.ជ.ប អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គ.ជ.ប បានឯកភាពគ្នារួចហើយ ថានឹងទៅសួរសុខទុក្ខលោក នី ចរិយា ប៉ុន្តែមិនទាន់កំណត់ថា ថ្ងៃណាប្រាកដនោះទេ៖ «យើងបានត្រៀមរួចហើយ ប៉ុន្តែមិនទាន់បានដាក់ទេ ដោយសារយើងបានក្រុមអ្នកច្បាប់ទាក់ទងដោយផ្ទាល់ដើម្បីរកពេលវេលាជាក់លាក់ ពីព្រោះថា ពេលខ្លះយើងដាក់ទៅអាចជាន់នីតិវិធីការងាររបស់ចៅក្រម អាចខុសពីបំណងរបស់ គ.ជ.ប បានដាក់ទៅ…»។
លោក គួយ ប៊ុនរឿន បន្តថា គ.ជ.ប នឹងបន្តតាមដានមើលចំណាត់ការរបស់ព្រះរាជអាជ្ញាលើសំណុំរឿងលោក នី ចរិយា ជាបន្តបន្ទាប់ទៅមុខទៀត៕
ប្រភពៈ RFA