ដើមឈើដ៏ធំសម្បើម១ដើម នៅភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងនៅក្នុងភូមិ និងខាងក្រៅ នាំគ្នាមកមើលយ៉ាងច្រើនកុះករ ដោយសារតែឮការអះអាងដើមឈើដ៏ធំទំហំប្រហែល៥ឱបមនុស្សនេះ បានដួលរលំបាត់ទៅហើយកាលពីឆ្នាំទៅមិញ បែរជាពេលនេះ ស្រាប់តែ«ងើបអង្គុយ»ឡើងវិញ។
តាមប្រសាសន៍លោកពូម្ចាស់ស្រែម្នាក់ បានឲ្យដឹងថា ដើមឈើដ៏ធំនេះបើតាមតំណតថា គឺមានអាយុកាលប្រហែល ១ពាន់ឆ្នាំទៅហើយ ប៉ុន្តែ វាបានដួលរំដួលដោយសារខ្យល់កន្ត្រាក់កាលពីឆ្នាំទៅមិញ (អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧) ។ លោកពូរូបនោះបន្តថា គាត់និងប្រពន្ធមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង ខណៈឃើញដើមឈើដ៏ធំមនុស្សរាប់សិបនាក់ក៏លើកពុំរួចនេះ ស្រាប់ងើបឈរឡើងវិញច្រង៉ាងៗបែបនេះ ។
គួរបញ្ជាក់ផងថា ក្នុងខណៈពេលនោះផងដែរ ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ បាននាំទៅជាមួយនូវធូប ដើម្បីអុចបន់ស្រន់សុំសេចក្តីសុខពីដើមដើមឈើ ព្រោះតែមានជំនឿលើវត្ថុសិទ្ធិនៃហេតុការណ៍ដ៏ចម្លែកនេះ ។ ក្នុងឱកាសដ៏រីករាយនោះផងដែរ យើងក៏ឮបងប្អូនខ្លះនិយាយផាឲ្យអ្នកចូលចិត្តលេងកន្ទុយលេខថាៈ «ខ្វេះៗមើលផង ក្រែងលោឃើញលេខ…» ។
ទោះជាយ៉ាងណា នេះគ្រាន់តែជំនឿរបស់បងប្អូនខ្មែរយើងប៉ុណ្ណោះឯង ។ រីឯអភូតហេតុនៃដើមឈើនេះ គេក៏ពុំដឹងថាវាកើតឡើងដោយសារមូលហេតុអ្វីនោះដែរ មកទល់ពេលនេះ ៕