បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំថា លោក អ៊ិត សេដ្ឋា ជាពិធីករល្បីឈ្មោះ និង ជាដៃគូចាស់របស់ខ្លួនបានទទួលមរណភាពកាលពីថ្ងៃទី ០៤ ខែមិថុនាកន្លងមកថ្មីៗនេះ ក្នុងនាមជាមិត្តរួមការងារ និង ជាតារាសិល្បៈមួយរូប អ្នកនាង យុគ ចិន្តា បានបង្ហាញអារម្មណ៍ក្តុកក្តួលក្រៃលែងដែលអ្នកនាងបានបាត់បង់មិត្តភក្តិរួមការងារដ៏ល្អម្នាក់ និង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ ។
អ្នកនាង យុគ ចិន្តា បានឱ្យដឹងថា ដំណឹងទទួលមរណភាពរបស់លោក អ៊ិត សេដ្ឋា បានធ្វើឱ្យអ្នកនាងមានអារម្មណ៍រន្ធត់ចិត្ត កើតទុក្ខ និង សោកស្តាយយ៉ាងខ្លាំង ដោយសារតែបាត់បង់មិត្តភក្តិរួមការងារ និង ជាដៃគូចាស់ដ៏ល្អម្នាក់ ។ អ្នកនាង យុគ ចិន្តា បានឱ្យដឹងទៀតថា បើពេលនេះអ្នកនាងនៅទីក្រុងភ្នំពេញ អ្នកនាងនឹងទៅចូលរួមពិធីបុណ្យសពលោក អ៊ិត សេដ្ឋា មិនឱ្យរំលងឡើយ តែដោយសារមានភារកិច្ចជាប់ខ្លួនកំពុងបំពេញការងារនៅក្រៅប្រទេស ទើបបានធ្វើឱ្យអ្នកនាងអាក់ខានមិនបានចូលរួមផ្ទាល់ ដែលរូបអ្នកនាងមានការសោកស្តាយយ៉ាងខ្លាំង ។
ទោះបីជាពេលនេះ ពិធីការិនីសម្បូរសំនួនវោហារ យុគ ចិន្តា កំពុងជាប់បេសកកម្មការងារនៅក្រៅប្រទេសមិនបានទៅចូលរួមក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ជាដៃគូចាស់យ៉ាងណាក្តី ប៉ុន្តែបើមើលតាមសកម្មភាពលើទំព័រហ្វេសប៊ុករបស់អ្នកនាងបានឱ្យដឹងថា រូបអ្នកនាងមិនបានភ្លេចនូវការចូលរួមរំលែកទុក្ខពីចម្ងាយដល់ក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ដែរ ក្នុងនោះអ្នកនាងថែមទាំងបានអំពាវនាវដល់សប្បុរសជន និង ខំខ្នះខ្នែងស្វែងរកជំនួយជួយផ្គត់ផ្គង់ក្នុងពិធីបុណ្យសព និង ជួយដល់គ្រួសារសពលោក អ៊ិត សេដ្ឋា ទៀតផង ។
អ្នកនាង យុគ ចិន្តា បានសរសេរដូច្នេះថា «នាងខ្ញុំពិតជាមានក្តីសោកសៅយ៉ាងក្រៀមក្រំដែលអាក់ខានមិនមានវត្តមានក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ដោយមានការងារចាំបាច់ត្រូវបំពេញនៅសហរដ្ឋអាមេរិក ។ តាងនាមនាងខ្ញុំជាមិត្តរួមការងារក្នុងស្ថាប័នទូរទស្សន៍តែមួយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន CBS ព្រមទាំងមិត្តសិល្បករ និង សិល្បការនី ព្រមទាំងមហាជនដែលជាអ្នកគាំទ្រលោក អ៊ិត សេដ្ឋា ទាំងអស់ដែលបានជួយជ្រោមជ្រែងជួយជាបច្ច័យក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា សូមជូនពរឯកឧត្តមលោកជំទាវ និង សប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំ យុគ ចិន្តា» ។
ដោយឡែកសារមួយទៀតអ្នកនាងបានសរសេរថា «នាងខ្ញុំ យុគ ចិន្តា ពិតមានអារម្មណ៌ក្តុកក្តួលចិត្តយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានពីមរណភាពរបស់ដៃគូរពិធីករបងប្រុស អ៊ិត សេដ្ឋា ដែលបានទទួលមរណភាពនៅក្នុងថ្ងៃនេះ ស្របពេលដែលនាងខ្ញុំកំពុងជាប់ភារកិច្ចការងារនៅក្រៅប្រទេស ពិតជាមិនគួរឱ្យជឿស្ទើរតែមួយប៉ប្រិចភ្នែកសោះ ព្រោះម្សិលមិញគាត់បាននិយាយ Video facebook ជាមួយខ្ញុំពីអាការជំងឺរបស់គាត់ ខ្ញុំបាននិយាយឱ្យកម្លាំងចិត្ត និង ឱ្យគាត់ទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រោះខ្ញុំក៏បានកំពុងប្រកាសស្វែងរកជំនួយដើម្បីជួយសម្រាលបន្ទុកជំងឺរបស់គាត់ដែរ ប៉ុន្តែជាអកុសល ស្រាប់តែមច្ចុរាជមិនប្រណីមកផ្តាច់សង្ខារបស់គាត់យ៉ាងតក់ក្រហល់បែបនេះ ពិតជារន្ធត់ និង សោកសង្រេងជាពន់ពេកដែលបាត់បង់ដៃគូអត្ថាធិប្បាយដ៏ល្អរបស់ខ្ញុំ ជាចុងក្រោយសូមដួងវិញ្ញាណក្ខន្ធរបស់បងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ តាងនាមនាងខ្ញុំជាបុគ្គលិកនៃស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន និង ក្រុមគ្រួសារនៃសព សូមអំពាវនាវដល់មិត្តសិល្បករ និង លោកអ្នកដែលមានសទ្ធាជ្រះថ្លាចង់ចូលបុណ្យសពលោក អ៊ិត សេដ្ឋា នៅសហរដ្ឋអាមេរិក និង ទាំងបណ្តាប្រទេសផ្សេងៗអាចទំនាក់ទំនងមកលេខទូរស័ព្ទផ្ទាល់របស់អ្នកម្តាយខ្ញុំនៅ USA តាមរយៈលេខ 8323510241 សូមអគុណ!»៕ សាកល ប្រភព៖ ប្រជាប្រិយ