លោក អ៊ិត សេដ្ឋា គឺជាពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះរូបរបស់ទូរទស្សន៍ CTN បានស្លាប់នៅថ្ងៃនេះនៅវេលាម៉ោងប្រមាណជា ៣រសៀលនេះ។ ការចាកចេញរបស់លោក បានបន្សល់នូវក្ដីស្រណោះអាឡោះអាល័យពន់ពេកពីបងប្អូន មិត្តរួមអាជីពសិល្បៈ រួមទាំងសាធារណជន ក្នុងពេលដែលលោក ត្រូវបានគេទទួលស្គាល់ថា ជាអ្នកនិយាយទូរទស្សន៍ដ៏មានវោហាសព្ទមួយរូបប្រកបដោយជំនាញ និងចំណេះដឹង បង្កប់ការអប់រំ និងមានការគួរសមគួរឲ្យគោរព។

លោក អ៊ិត សេដ្ឋា កើតនៅឆ្នាំ ១៩៧០ និងមានស្រុកកំណើតនៅមោងឬស្សីខេត្តបាត់ដំបង។ លោកគឺកូនកសិករ ដោយមានលោកឪពុកឈ្មោះ អ៊ិត ប្រង ម្ដាយឈ្មោះ យឹម សំអឿន។ លោកជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់។
៥ឆ្នាំបន្ទាប់ពីចាប់កំណើត ពោលគឺឆ្នាំ ១៩៧៥ របបខ្មែរក្រហមក៏បានចូលមកដល់។ ដូច្នោះដែរ លោក ក៏ដូចជាជនរួមជាតិខ្មែរក្នុងស្រុកទាំងអស់ គ្មាននរណាចៀសផុតឡើយ ហើយលោក រួមជាមួយម្ដាយ និងប្អូនទាំងពី ត្រូវបានជម្លៀសទៅរស់នៅក្នុងឃុំតាលោហាទិលខេត្តពោធិសាត់ មុនពេលត្រូវបំបែកឲ្យរស់នៅឆ្ងាយពីម្ដាយ។
លោក អ៊ិត សេដ្ឋា បានទៅរស់នៅក្នុងកងចល័តកុមារ ដែលត្រូវបង្ខំឲ្យធ្វើការយ៉ាងទារុណទាំងអត់អាហារ។ គ្រានោះ ដោយសារអត់ឃ្លាន កង្វះជីវជាតិ លោកមានជំងឺហើមពេញខ្លួនតែម្ដង។ យ៉ាងណាក៏ដោយ លោកនៅមានវាសនាបានរស់រាន ខុសពីប្អូនទាំងពីរត្រូវបាត់បង់ជីវិតក្នុងរបបអាវខ្មៅនោះទៅ។
ក្រោយរបបសាហាវយង់ឃ្នងនោះដួលរលំទៅ លោក អ៊ិត សេដ្ឋា ជាមួយម្ដាយ បានត្រឡប់មកស្រុកកំណើតវិញ ទាំងការបាត់ដំណឹងរបស់លោក ឪពុក។ មកដល់ស្រុកកំណើត ដោយសារកត្តាជីវភាព លោកត្រូវម្ដាយនាំយកទៅរស់នៅជាមួយប្អូនបង្កើតនៅខេត្តបាត់ដំបងដើម្បីបានបន្តការសិក្សា។

ការងារ និងការសិក្សា
នៅឆ្នាំ ១៩៨០ លោក អ៊ិត សេដ្ឋា ចូលរៀននៅសាលាវត្តដំរីស។ មានគំនិតគិតវែងឆ្ងាយ លោក អ៊ិត សេដ្ឋា បានគិតក្នុងចិត្តថា មានតែការសិក្សាប៉ុណ្ណោះដែលអាចចម្លងលោកឲ្យផុតភាពលំបាកបាន។ ជាប់ជាមួយគំនិតបែបនោះ លោក សេដ្ឋា ដែលពេលនោះមានវ័យ ១២-១៣ឆ្នាំ ប្រាប់ថា លោកមិនសូវមានពេលវេលាសម្រាប់សប្បាយ សូម្បីតែវ័យរបស់លោក ត្រូវទទួលការសប្បាយនោះឡើយ។
“កាលជំនាន់នោះក្មេងអីចឹង ពេលទំនេរលេងបាញ់ធុយ ឬគប់វង់អីចឹងទៅ តែខ្ញុំអត់ទេ ក្រោយសល់ពេលពីការងារផ្ទះក្នុងនាមជាអ្នករស់នៅផ្ទះគេ ខ្ញុំអូសទឹកលក់ បើមានគេឲ្យអូស គឺអូស។ មិនអីចឹងទេ គឺលក់ការ៉េម…ថ្ងៃណាលក់ដាច់ក៏សប្បាយទៅ ថ្ងៃណាមិនដាច់ក៏មិនសូវសប្បាយទៅ”។
ក្រោយការតស៊ូ លោក អ៊ិត សេដ្ឋា បានបញ្ចប់ការសិក្សាបឋមភូមិ ឬឌីប្លូមនៅឆ្នាំ ១៩៨៦ ហើយក្រោយមក១ឆ្នាំ គឺនៅឆ្នាំ ១៩៨៧ លោកក៏បានភៀសខ្លួនទៅរស់នៅជំរុំខាវអ៊ីដាងជាយដែនខ្មែរ-ថៃ។ នៅជំរុំ លោក អ៊ិត សេដ្ឋា នៅតែបន្តការសិក្សា ប៉ុន្តែឆ្លៀតធ្វើការបណ្ដើរក្នុងអង្គការ ICRC ក្នុងនាមជាគ្រូអក្ខរកម្ម បង្រៀនចាស់ៗមិនចេះអក្សរ។
ក្រៅពីនេះ ក៏បានបន្តការសិក្សាខាងផ្នែកថតរូបសន្លឹក និងរៀនផ្ដិតរូបសខ្មៅ។ លុះក្រោយមក លោកក៏បានទៅសិក្សាបន្តជំនាញថតវីដេអូនៅប្រទេសថៃក្នុងឆ្នាំ ១៩៩០។ នៅ ១៩៩២ ក្រោយត្រឡប់មកពីប្រទេសថៃ លោកក៏បានចូលធ្វើការនៅទូរទស្សន៍ក្នុងស្រុកមួយដែលគេស្គាល់ថា IBC ដែលក្រោយមកទូរទស្សន៍មួយនេះ បានប្រែក្លាយទៅជាទូរទស្សន៍កងយោពលខេមរភូមិន្ទនៅពាក់កណ្ដាលឆ្នាំ ១៩៩៤។ នៅក្នុងទូរទស្សន៍នេះ លោកមាននាទីជាអ្នកបច្ចេកទេសខាងកាត់ត។
តែដោយសារដំបូងឡើយធនធានផ្នែកខាងនិយាយនៅខ្វះ លោក សេដ្ឋា ដែលមានសមត្ថភាពខាងផ្នែកភាសាអង់គ្លេស និងថៃ ក៏បានសាកល្បងដាក់ពាក្យ ហើយក៏បានជាប់មកកាន់ការជាអ្នកនិយាយវិញម្ដង និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន។
លោក អ៊ិត សេដ្ឋា ប្រាប់ថា ការងារខាងផ្នែកនិយាយដំបូងបំផុតដែលលោកនៅចាំ គឺលោកត្រូវគេចាត់ឲ្យនិយាយក្នុងកម្មវិធីកីឡាស៊ីហ្គេមលើកទី១៧។ បន្តមកទៀតលោកក៏បានកាន់កម្មវិធីជាមួយអ្នកនាង យុគ ចិន្តា ក្នុងកម្សាន្តមួយមានឈ្មោះថា “កម្មវិធីកម្សាន្តមហាសប្បាយ”។

កសាងជីវិតគ្រួសារ
លោក អ៊ិត សេដ្ឋា បានរៀបការជាមួយភរិយាឈ្មោះ ស សុភាព នៅឆ្នាំ១៩៩៩ ក្រោយពីលោកវិលពីរស់នៅជំរំខាវអ៊ីដាងមកបម្រើការងារនៅស្ថានីយទូរទស្សន៍ IBC គឺប៉ុស្តិ៍លេខ៥សព្វថ្ងៃ នៅឆ្នាំ១៩៩០។ ១៣ឆ្នាំក្រោយពីបង្កើតបានកូនប្រុសស្រី៣នាក់ ប៉ុន្តែក្រោយមកទៀត ក៏មានដំណឹងថា ភរិយារបស់លោក បានដាក់ពាក្យប្ដឹងសុំលែងលះ ដោយមូលហេតុមិនត្រូវបានបញ្ចេញ ហើយទៀតការសម្រេចរបស់តុលាការ ក៏មិនត្រូវបានធ្លាយជាសាធារណៈ ទើបមកដឹងពេលនេះ លោករស់នៅជាមួយម្ដាយ ដោយបានយកកូនប្រុស កូនស្រីទាំង៣មកជាមួយផង។

បេសកកម្មនៅសហរដ្ឋអាមេរិក
ធ្វើបានប្រមាណជិត១០ឆ្នាំ នៅឆ្នាំ២០០១ លោកក៏បានឈប់ពីទូរទស្សន៍ក្នុងស្រុក ទៅធ្វើការមួយរយៈនៅសហរដ្ឋអាមេរិក។ ដោយមានបទពិសោធន៍ការងារខាងផ្នែកទូរទស្សន៍ នៅទីនោះ លោកក៏ចូលបម្រើការងារផ្នែកទូរទស្សន៍ដដែលទៀត ឲ្យទូរទស្សន៍ដែលពេលនោះផ្សាយត្រឹមតែក្នុងទឹកដីទីក្រុងឡុងប៊ិចប៉ុណ្ណោះ ឈ្មោះថា KBN។
មួយឆ្នាំក្រោយមក នៅលើទឹកដីមហាអំណាច លោកបានចាប់ផ្ដើមធ្វើការផ្នែកផ្សាយកម្មវិធីទូរទស្សន៍ខេមរៈភាសាឲ្យទូរទស្សន៍ឈ្មោះថា Cam TV ជាទូរទស្សន៍ខ្សែកាបិ៍ដែលកាលណោះ គឺមានកម្លាំងផ្សាយទូទាំងសហរដ្ឋអាមេរិកតែម្ដង។
មាតុភូមិនិវត្តមកប្រទេសកំណើត
ចំណាយពេលនៅស្រុកគេមួយរយៈធំ ក្រោយចប់បេសកកម្ម លោក អ៊ិត សេដ្ឋា ក៏បានវិលត្រឡប់មកប្រទេសកំណើតវិញ ជាទីដែលភរិយា និងកូនៗកំពុងរស់នៅ។៣ឆ្នាំបន្ទាប់លោក ក៏បានចូលរួមបម្រើការងារនៅស្ថានីយទូរទស្សន៍ CTN ក្នុងនាទីជាពិធីករ និងអ្នកគ្រប់គ្រងកម្មវិធី ក្នុងនោះ កម្មវិធីដែលលោកគ្រប់គ្រងខ្លួនឯងផ្ទាល់មានកម្មវិធី “មន្តស្នេហ៍សំនៀង” “ទិដ្ឋភាពស្រុកយើង” និងកម្មវិធីចម្រៀងសំណូមពរ។
ទស្សនិកជនចាប់ផ្ដើមចងចាំ
តាមតែការអធិប្បាយ លោក អ៊ិត សេដ្ឋា ប្រហែលជាពិធីទូរទស្សន៍ដំបូងគេ ដែលចាប់ផ្ដើមបង្កើតទម្លាប់ទះដៃគាំទ្រតារាកិត្តិយស ដែលពេលនោះ គឺអំឡុង ១៩៩៥។ “មើល៍សុំស្នូរទះដៃគាំទ្រតារាយើងខ្លាំងៗម៉ោ” គឺជាសំឡេងរបស់លោក អ៊ិត សេដ្ឋា តែងស្នើទស្សនិកជនលើកទឹកចិត្តតារាកិត្តិយស។
ចែករំលែកបទពិសោធន៍លើការងារពិធីករទូរទស្សន៍។
ឆ្លងតាមបទពិសោធន៍យូរឆ្នាំ ក្នុងការងារជាអ្នកនិយាយទូរទស្សន៍ លោក អ៊ិត សេដ្ឋា បានចែករំលែកថា ប្រសិនបើបងប្អូនមានគោលបំណងចង់បានការងារផ្នែកនេះ គឺត្រូវបង្កើតទម្លាប់ស្ដាប់ឲ្យបានច្រើន អានឲ្យបានច្រើន និងចេះស្រង់គំនិតរបស់អ្នកដទៃមកប្រើជាប្រយោជន៍៕
ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ដកស្រង់ពី៖ chnchannel