លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ថ្វីដ្បិតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សនយោបាយកាន់កាប់អំណាច និងមានលុយកាក់មហាសាលទទួលបានចំនួនអាសនៈមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់នៅទូទាំងប្រទេសច្រើនជាងគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សនយោបាយប្រឆាំងកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និងមិនសូវមានលុយកាក់ក៏ដោយ ក៏ប្រការគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺគណបក្សសង្គ្រោះជាតិបាន «វាយបែកបន្ទាយ» គណបក្សប្រជាជនកម្ពុជាក្នុងកម្រិតទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តកំពង់ចាម ទទួលបានអាសនៈមេឃុំ ចៅសង្កាត់ នាំមុខគណបក្សប្រជាជនកម្ពុជាយ៉ាងហ៊ឺហា ។
រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមាន១០៥សង្កាត់ គឺគណបក្សសង្គ្រោះជាតិអាចទទួលបានអាសនៈចៅសង្កាត់ចំនួន៥៤ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៥១ (អាណត្តិទី៣ ដែលមានសង្កាត់ចំនួន៩៦ គឺអាសនៈចៅសង្កាត់បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់) ។
ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មាន១០៩ឃុំ សង្កាត់ គឺគណបក្សសង្គ្រោះជាតិអាចទទួលបានអាសនៈមេឃុំ ចៅសង្កាត់ចំនួន៧៦ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៣៣ (អាណត្តិទី៣ដែលមានឃុំ សង្កាត់ចំនួន១៧៣ គឺគណបក្សប្រជាជនកម្ពុជាមានអាសនៈមេឃុំ ចៅសង្កាត់ចំនួន១៦១ គណបក្សសម រង្ស៊ី មានចំនួន០៥ និងគណបក្សសិទ្ធិមនុស្សមានចំនួន០៧) ។
ខេត្តសៀមរាប ដែលជាទឹកដីប្រាសាទអង្គរដ៏ល្បីល្បាញ មាន១០០ឃុំ សង្កាត់ គឺគណបក្សសង្គ្រោះជាតិអាចទទួលបានអាសនៈមេឃុំ ចៅសង្កាត់ចំនួន៥៦ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន៤៤ ក្នុងនោះក្រុងសៀមរាបមានចំនួន១២សង្កាត់ តែត្រូវគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចៅសង្កាត់រហូតដល់ទៅចំនួន១១បាត់ទៅហើយ (អាណត្តិទី៣ ដែលមានឃុំ សង្កាត់ចំនួន១០០ គឺគណបក្សប្រជាជនកម្ពុជា មានអាសនៈមេឃុំ ចៅសង្កាត់ចំនួន៩៨ និងគណបក្សសម រង្ស៊ី ចំនួន០២) ៕
ប្រភព៖ dtn7