នៅ Keelung ដែនកោះតៃវ៉ាន់ មានហាងមួយឈ្មោះថា «ជួបនិស្ស័យល្អ» ។ លោក Lam ដែលជាម្ចាស់ហាងនេះ ជាមនុស្សល្អម្នាក់រមែងធ្វើបុណ្យដាក់ទាន ។ ហាងរបស់លោកស្ថិតក្នុងតំបន់ដែលប្រកបរបរនេសាទ ។
ថ្ងៃមួយ ប្រជានេសាទម្នាក់ ចាប់បានអណ្តើកធំ១ក្បាល ។ នៅចំពោះពេលដែលគេត្រៀមសម្លាប់វាដើម្បីព្រលះសាច់លក់ នោះលោក Lam បានទៅដល់ ហើយក្រឡេកឃើញទិដ្ឋភាពដែលអណ្តើកប្រឹងអើតកចោលភ្នែកសម្លឹងជុំវិញ ហាក់ដូចជាកំពុងសំពះអង្វករ ហើយទឹកភ្នែកវាក៏ហូរធ្លាក់ឥតឈប់ ធ្វើឲ្យដាស់អារម្មណ៍ម្ចាស់ហាងចិត្តធម៌រូបនោះ ។ លោក Lam បានចំណាយលុយសន្ធឹកសន្ធាប់ដើម្បីទិញយកវា រួចពឹងពាក់មនុស្សម្នានៅទីនោះ សែងវាយកទៅព្រលែងបំណងរំដោះគ្រោះ ។
ដោយមានកង្វល់ខ្លាចក្រែងមានគេបន្តចាប់បាន ហើយសម្លាប់វាទៀត គាត់ក៏យកទឹកថ្នាំសរសេរពីលើស្នូករបស់វាចារថា «ជួបនិស្ស័យរំដោះគ្រោះ» ហើយសង្ឃឹមថាបើមានអ្នកណាចាប់បាន ឃើញបែបនេះ គេនឹងមានចិត្តមេត្តា រួចលើកលែងពុំសម្លាប់វា ។ មនុស្សម្នាជាច្រើននៅទីនោះ បានសម្លឹឃើញសត្វអណ្តើកក្រោយពេលត្រូវព្រលែង ។ វាហែលទឹកចាកចេញទៅបណ្តើរ ហើយងាកក្បាលចោលភ្នែកសម្លឹងមកកាន់លោក Lam បណ្តើរ ហាក់ចង់និយាយប្រាប់ថា «អរគុណលោកដែលបានជួយជីវិត!» ។
អ្នកដែលបានឃើញនូវទិដ្ឋភាពនេះ ពិតជារំភើបចិត្តក្រៃលែង ហើយពួកគេនាំគ្នាសន្យាថា ពុំចាប់សម្លាប់ ឬ បរិភោគអណ្តើកដែលមានវ័យចំណាស់នេះទៀត ។ ប្រហែលដូច្នេះហើយ ក្រុមអណ្តើកទាំងនេះនៅមានជីវិតនាតំបន់ខាងលើមកទល់ពេលនេះ ។
… ហេតុការណ៍ខាងលើ បានកន្លងផុតទៅអស់រយៈពេល ១៦ ឆ្នាំ កូនប្រុសច្បងរបស់លោក Lam ពេលនោះ កំពុងរៀននៅសាលាពាណិជ្ជកម្មមួយនាងក្រុងតៃប៉ិ ហើយពេលវិស្សមកាល ក៏ត្រឡប់មកលេងនឹងឪពុក ។ ចៃដន្យដោយខ្យល់បក់បោកខ្លាំង ទូកដែលកូនលោកជិះបានត្រូវលិច ហើយមនុស្ស ៩០ នាក់ ក្នុងចំណោមអ្នកដំណើរជាង ១០០ នាក់ បានត្រូវទឹកអូសយកទៅបាត់… ។
កូនប្រុសលោកថ្វីត្បិតចេះហែលទឹក ប៉ុន្តែ ដោយខ្យល់ខ្លាំងបានធ្វើឲ្យគាត់ខ្សោះកម្លាំង រៀបនឹងត្រូវទឹកសមុទ្រជាន់ពន្លិច ។ គ្រានោះឯង ស្រាប់តែគាត់ទទួលអារម្មណ៍ថា ហាក់កំពុងត្រូវបានតុមួយទ្រពីក្រោម ហើយពេលក្រឡេកទៅម្ខាង ទើបដឹងថាលោកកំពុងស្ថិតលើខ្នងអណ្តើកដ៏ធំ មានមាត់ប៉ុនក្បាលរបស់លោក ហើយគិតក្នុងចិត្តថា លោកនឹងក្លាយជាចំណីរបស់វា ។ ប៉ុន្តែ ដោយអស់កម្លាំងពេក លោកក៏បាត់ស្មារតីមួយរយៈ ។ មួយសន្ទុះក្រោយពេលដឹងខ្លួន លោកក៏ក្រឡេកឃើញលើស្នូកនោះមានចារអក្សរថា «ជួបនិស្ស័យរំដោះគ្រោះ» ក៏នឹកឃើញរឿងដែលឪពុករបស់ខ្លួនធ្លាប់បានធ្វើការពីយូរណាស់មកហើយនោះ ។ គាត់ក៏ឱបអណ្តើកជាប់ ហើយសូត្រធម៌ពុំដាច់ពីមាត់ គ្រាដែលអណ្តើកប្រឹងហែលទៅកាន់ច្រាំង ។
ពេលចូលកៀកច្រាំងកូនលោក Lam ក៏ប្រទះឃើញអ្នកភូមិកំពុងឈរចាំមើលត្រៀបត្រា ហើយក៏ចុះពីខ្នងអណ្តើក រួចលើកដៃសំពះអរគុណ ។ ដូច ១៦ ឆ្នាំ មុន សត្វអណ្តើកបានអើតក ហើយបញ្ចេញស្នូរតាមច្រមុះ ។ វាហាក់ដូចជារីករាយ នៅមួយសន្ទុះទើបហែលចាកចេញទៅវិញ ។ អំពើល្អ ពិតជាពុំសាបសន្យមែន!!