ខេត្តអាយុធ្យា៖ កាលពីពេលថ្មីៗនេះ ប៉ូលិសបានបានចុះទៅពិនិត្យ មើលករណីបាញ់សម្លាប់ ដោយកាំភ្លើងខ្លី នៅក្នុងស្រុកសេនា ខេត្តអាយុធ្យា នៅកន្លែងកើតហេតុស្ថិតនៅ ក្នុងផ្ទះមួយខ្នង ជាន់ផ្ទាល់ដី ដែលក្នុងបន្ទប់នោះ បានប្រទះឃើញសពស្ត្រីម្នាក់ អាយុ២៧ឆ្នាំ មុខរបរជាជំនួយការពេទ្យ ដេកស្លាប់ក្នុងថ្លុកឈាម ដោយកំពុងតែស្លៀកសម្លៀកបំពាក់ ឈុតពេទ្យនៅឡើយ ។
ស្ត្រីរងគ្រោះត្រូវបានបាញ់ដោយកាំភ្លើង ទំហំ22mm ចំបរិវេណថ្ងាសខាងមុខ ធ្លុះទៅក្រោយក្បាលធ្លាយខួរ ហើយនៅក្បែរនោះគេឃើញ សំបកគ្រាប់កាំភ្លើង១គ្រាប់ ធ្លាក់នៅក្បែរសពស្ត្រីរងគ្រោះផងដែរ ។
មិនតែប៉ុណ្ណោះ ប៉ូលិសបានឃើញបុរសជាប្តី អាយុ២៩ឆ្នាំ កំពុងអង្គុយយំ ឱបសពប្រពន្ធ ដោយខ្លួប្រឡាក់ទៅដោយឈាម ក្រហមឆ្អៅ។ ក្រុមប៉ូលិសបានសួរនាំបុរសជាប្តី ហើយគាត់បានប្រាប់ថា ពួកគាត់ទាំង២នាក់ រស់នៅជាមួយគ្នា៣ឆ្នាំមកហើយ ។
បុរសជាប្តីបានរៀបរាប់បន្តថា មុនពេលកើតហេតុ គាត់បានទៅផឹកស្រា ជាមួយមិត្តភក្តិ ពេលត្រឡប់មកវិញ បានចាក់យកកាំភ្លើងពីផ្ទះយាយ មកដកគ្រាប់ចេញអស់ ហើយពេលចូលទៅបន្ទប់ប្រពន្ធ ក៏បានដកកាំភ្លើងភ្ជង់ទៅលើក្បាលប្រពន្ធលេង ហើយដោយខ្លួនគិតថា ដកបង់គ្រាប់ចេញអស់ហើយ គ្មានគ្រាប់នៅសេសសល់នោះទេ ក៏បានកេះកៃកាំភ្លើង ស្រាប់តែលាន់សូរផាំង ធ្វើឲ្យប្រពន្ធស្លាប់ភ្លាមៗតែម្តង ។
ក្រុមប៉ូលិសមិនទាន់ជឿ ទៅលើចម្លើយ របស់ជនល្មើសនោះទេ ហើយបានធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីការ ឈ្លោះប្រកែកគ្នាផងដែរ ក្រោយពីដឹងថា បុរសរូបនោះបានផឹកស្រា ស្រវឹងជារៀងរាល់ថ្ងៃ រហូតនៅក្នុងហ្វេសប៊ូក របស់ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានផូសដែរថា “ធុញនិងជីវិតបែបនេះណាស់ ពេលណាវានិងផុតកម្មពៀនេះទៅ?” ។
ក្រោយពីការពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច ប៉ូលិសបាននាំខ្លួនបុរសជាប្តី ទៅសាកសួរបន្ត ដើម្បីស្រាវជ្រាវរកមូលហេតុ ពិតប្រាកដ ក្រែងលោមានទាក់ទងនិងហិង្សា និងឃាតកម្មដោយចេតនា ៕