សាធារណជនទូទៅ ពិសេសភ្ញៀវទេសចរជាតិ ដែលបានឈប់សំរាកពីការងារមន្ត្រីរាជការ និងប្រកបរបរទទួលទានផ្សេងៗ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរឆ្នាំនេះ បានរិះគន់ ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ថាមានចេតនាប្រមាថដល់អង្គព្រះមហាក្សត្រធ្ងន់ធ្ងរ ដោយនៅតាមមន្ទីរឬស្ថាប័នរដ្ឋភាគច្រើនក្នុងខេត្តនេះ មិនមានដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ និងតុបតែងភ្លើងបំភ្លឺនោះទេ។
ភ្ញៀវទេសចរមួយក្រុមមកពីរាជធានីភ្នំពេញ មានរបរបើកហាងលក់ទូរស័ព្ទដៃទំនើប និងបើកទទួលសេវាជួសជុល មកពី ២៥រាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា ដែលបានចូលមកទស្សនាខេត្តព្រះសីហនុ ហើយបានជិះរថយន្តកម្សាន្តពេលរាត្រី នៅក្នុងក្រុងទេសចរណ៍មួយនេះ កាលពីរាត្រីថ្ងៃសៅរ៍ ទី១៤ ខែឧសភា។ ពួកគេ បានរិះគន់ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុភាគច្រើន បានប្រមាថ ដល់អង្គព្រះមហាក្សត្រ នាព្រះរាជពិធីចម្រើនព្រះជន្ម របស់ព្រះអង្គធ្ងន់ធ្ងរបំផុត។
ភ្ញៀវទេសចរទាំងនោះ បានអះអាងថា ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តសីហនុឆ្នាំនេះ នៅតាមមន្ទីរស្ថាប័នរដ្ឋភាគច្រើន ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ មិនមានតុបតែងភ្លើងបំភ្លឺ និងមិនមានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ច្រើននោះទេ។ ក្រៅពីនេះ នៅតាមគេហដ្ឋាន ឬផ្ទះប្រជាពលរដ្ឋ និងនៅតាមទីតាំងគ្រឹះស្ថានភាគច្រើន របស់វិស័យឯកជនជាដើម នាមូលដ្ឋានខេត្តព្រះសីហនុ ក៏មិនមានតាំងភ្លើងបំភ្លឺ និងមិនមានតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនោះទេ។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិភាគច្រើន ដែលបានចូលមកទស្សនាខេត្តព្រះសីហនុ នាឱកាសព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលគ្រោងស្នាក់នៅ រយៈពេល ៣ថ្ងៃ នាមូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ ពួកគេ បង្ហាញការហួសចិត្តកាលបើ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រទាំងមូល បែរជាមូលដ្ឋានខេត្តព្រះសីហនុ មិនមានតាំងភ្លើងបំភ្លឺ ឬដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅតាមសួនច្បារសាធារណៈ ពិសេសនៅតាមស្ថាប័នរដ្ឋភាគច្រើនគ្មាន ទាំងភ្លើងបំភ្លឺបែបនេះទៅវិញ។
បញ្ហានេះដែរ ភ្ញៀវទេសចរ មានដើមកំណើតខ្មែរ ធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ដែលបាននាំក្រុមគ្រួសារ ចូលមកទស្សនាខេត្តព្រះសីហនុ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរនាឱកាសនេះដែរ។ ពួកគេមានចម្ងល់ថា មូលហេតុអ្វីបានជាព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៅខេត្តព្រះសីហនុ បានអនុវត្តខុសគ្នាស្រឡះដូចមេឃដី បើប្រៀបធៀប អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ដែលព្រះរាជពិធីចម្រើនព្រះជន្ម របស់ស្តេចថៃ ត្រូវថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋ ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ស្ថាប័នកំពូលនៃជាតិ ពិសេសថ្នាក់ដឹកនាំប្រទេសថៃតែម្តង បានយកចិត្តទុកដាក់ និងបានរៀបចំកម្មវិធីផ្សេងៗ ដោយចាត់តាំងឲ្យមន្ត្រីតាមស្ថាប័នជំនាញនីមួយៗ តុបតែងភ្លើងបំភ្លឺ និងតាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រទេសគេ មានសោភណ្ឌភាពទាកទាញ និបង្កើតកម្មវិធីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលទៅទស្សនាប្រទេសថៃ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រថៃជារៀងរាល់ឆ្នាំ។
ទោះមានការរិះគន់បែបនេះក្តី មន្ត្រីជាថ្នាក់ដឹកនាំនៅតាមមន្ទីរ ឬស្ថាប័នរដ្ឋមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយឆ្លើយតប ទៅកាន់ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ដែលរិះគន់ទីតាំងស្ថាប័នរដ្ឋភាគច្រើននាមូលដ្ឋាននេះ មិនបានតុបតែងភ្លើងបំភ្លឺឲ្យបានច្រើន និងមិនមានដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
ទោះជាបែបនេះក្តី គេកត់សម្គាល់ថា កាលពីរាត្រីថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឃើញមានតែអាគាររដ្ឋបាលសាលាខេត្តព្រះសីហនុ និងសួនច្បារនៅទល់មុខកំពង់ផែស្វ័យត្នអន្តរជាតិក្រុងព្រះសីហនុទេ បានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងតុបតែងភ្លើងបំភ្លឺចម្រុះពណ៌ ប៉ុន្តែមន្ទីរ ឬស្ថាប័នរដ្ឋក្រៅពីនេះស្ថាប័នខ្លះ ឃើញមានស្ថាប័នរដ្ឋខ្លះបានតុបតែងភ្លើងបំភ្លឺ និងលើកបដាផ្សេងៗទាក់ទងព្រះរាជពិធីចម្រើនព្រះជន្ម ប៉ុន្តែមិនមានដាក់តាំងព្រះឆាយាល័ក្ខណ៍ អង្គព្រះមហាក្សត្រទេ។ ហើយស្ថាប័នរដ្ឋភាគច្រើន ពិសេសព្រះរាជដំណាក់ របស់ព្រះមហាក្សត្រជាដើម ដែលមានទីតាំងនៅជាប់ផ្លូវប្រប មាត់សមុទ្រក្បែរអាគារសាលាខេត្តព្រះសីហនុ ក៏មិនមានតុបតែងភ្លើងបំភ្លឺនោះទេ ហើយទីតាំងព្រះរាជដំណាក់ព្រះមហាក្សត្រ មានសភាពងងឹតសូន្យឈឹង…៕ ដែន សីមា