SCMP ឲ្យដឹងថា កងនាវាប្រយុទ្ធនៃនាវាផ្ទុកយន្តហោះ USS Carl Vinson (CVN-70) របស់អាមេរិក កំពុងស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ពីកូរ៉េខាងជើង ហើយគេពុំទាន់ឃើញវាចលនាទៅកាន់ប៉ែកខាងជើងទេ, នេះបើតាមរូបភាពថ្មីបំផុតរបស់យោធាជើងទឹកអាមេរិក ។
នាវាផ្ទុកយន្តហោះ Carl Vinson កំពុងស្ថិតនៅច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូនេស៊ី ពុំមែនទៅកៀកកូរ៉េខាងជើងដូចដែល Trump ប្រកាសទេ
រូបភាពពីកងទ័ពអាមេរិកប្រកាសជាសាធារណៈ កាលពីថ្ងៃទី១៥ មេសា ឲ្យឃើញថា នាវាផ្ទុកយន្តហោះ Carl Vinson កំពុងធ្វើចលនាទៅច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូនេស៊ី ចម្ងាយប៉ុន្មានគីឡូម៉ែត្រភាគខាងត្បូងសិង្ហបុរី ។ បើតាមការប្រកាសកាលពីថ្ងៃទី៨ មេសា នោះ Carl Vinson គួរឲ្យឆ្ពោះទៅកាន់ភាគខាងជើង សំដៅប្រទេសកូរ៉េខាងជើង ពុំមែនចលនាតាមទិសបញ្ច្រាស់បែបនេះទេ ។ ទីតាំងឈរជើងថ្មីបំផុតរបស់កងនាវាប្រយុទ្ធនេះ ត្រូវបានរាយការណ៍ដោយ Defence News ។
ប្រការនេះបង្ហាញថា ការវាយប្រហារដោយយោធាមួយរបស់អាមេរិក សំដៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាពិបាកកើតមានឡើង ទោះបីកន្លងមក មានព័ត៌មានច្រើនពីចលនារបស់កងនាវាប្រយុទ្ធនេះ ធ្វើឲ្យមជ្ឈដ្ឋានឃោសនាព័ត៌មានឡើងពុះកញ្ជ្រោល ក្នុងរយៈពេលកន្លងមកនេះ ។
ថ្ងៃទី៨ មេសា Carl Vinson ចាកចេញពីសិង្ហបុរី ហើយដល់ថ្ងៃទី ១៥ មេសា បានមកកៀកឥណ្ឌូនេស៊ី ដែលស្ថិតនៅភាគខាងត្បូង ។ ប្រសិនបើឆ្ពោះទៅកាន់កូរ៉េខាងជើង វាត្រូវចលនាទៅទិសខាងជើងវិញទេ ។
ប៉ុន្មានថ្ងៃមុននេះ គឺថ្ងៃទី១៧ មេសា ប្រភពព័ត៌មាន Sputnik របស់រុស្ស៊ី ដែលដកស្រង់ប្រភពព័ត៌មានពីរដ្ឋការក្រុងសេអ៊ួល ឲ្យដឹងថា យោធាជើងទឹកអាមេរិកនឹងចាត់បញ្ជូនកងនាវាប្រយុទ្ធ ដែលមាននាវាផ្ទុកយន្តហោះ USS Ronald Reagan និង USS Nimitz មកកាន់សមុទ្រជប៉ុន ដើម្បីចាប់ដៃគ្នាជាមួយកងនាវាប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះ USS Carl Vinson ៕