ស្នងការនគរបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរទេសចរណ៍ខេត្តនេះ បង្ហាញមោទនភាព ដែលកម្លាំងជំនាញរក្សាសន្តិសុខ ជូនភ្ញៀវទេសចរជាតិអន្តរជាតិ មានសុវត្ថិភាពល្អ និងទទួលបានចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ កើនជាង ១០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ កម្លាំងជំនាញគ្រប់ស្ថាប័ន រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរជាតិអន្តរជាតិ មានសុវត្ថិភាពល្អ ព្រោះមិនមានបទល្មើសចោរលួចឆក់ ឬបទល្មើសព្រហ្មទណ្ឌកើតឡើង នាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តនេះទេ។
លោកស្នងការអះអាងថា បុណ្យចូលឆ្នាំៗនេះ កងកម្លាំងគរបាលជំនាញ បានបែងចែកឲ្យប្រចាំការ ទាំងយប់ថ្ងៃ នៅតាមគោលដៅនានា ទូទាំងខេត្តព្រហសីហនុ ពិសេសនៅតាមទីវត្តអារម រម្មណីយដ្ឋាន តាមតំបន់ឆ្នេរសមុទ្រ និងឆ្នេរនៅតាមបណ្តាកោះនានា ដែលភ្ញៀវទេសចរជាតិអន្តរជាតិ ពេញនិយមចូលទៅទស្សនា។
លោក ជួន ណារិន្ទ ឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ករណី និងស្លាប់មនុស្ស ២នាក់។ ចំណែកការធ្វើដំណើរ របស់ភ្ញៀវទេសចរ ចេញទៅកម្សាន្ត នៅតាមបណ្តាកោះនានា មានកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម គឺមិនមានបញ្ហា កើតមាននៅលើលំហសមុទ្រនោះទេ។
បញ្ហានេះដែរ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ មានភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាខេត្តនេះ មានចំនួនសរុបជាង ១៤ម៉ឺន ៣ពាន់នាក់ (១៤៣,៥៩៧) គឺកើនជាង ១០ភាគរយ បើប្រៀបធៀប ឆ្នាំ២០១៦។
ក្នុងនោះភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ តាមជើងយន្តហោះមានចំនួនជិត ១ពាន់ ៥រយនាក់ (១៤៣៩) ។ ភ្ញៀវទេសចរជាតិមានចំនួនជិត ៦រយ ៥០នាក់ (៦៤៣) និងភ្ញៀវទេសចរអន្តរជាតិ មានចំនួនជិត ៨រយនាក់ (៧៩៦)។
ចំណែកភ្ញៀវទេសចរ ធ្វើដំណើរទៅកម្សាន្ត នៅតាមបណ្តាកោះនានា មានកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម ទទួលបានភ្ញៀវសរុបជិត ៨ពាន់ ៥រយនាក់ (៨៤៥៥)។ ក្នុងនោះភ្ញៀវជាតិចំនួនជាង ៤ពាន់ ៣រយនាក់ (៤៣៤៨) និងភ្ញៀវបរទេសមានចំនួនជាង ៤ពាន់នាក់ (៤១០៧)។
ដោយឡែកភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលទៅទស្សនា នៅតាមរម្មណីយដ្ឋានផ្សេងៗ រួមមាន៖ រម្មណីយដ្ឋានក្បាលឆាយ និងរម្មណីយ៍ដ្ឋានថ្មរូងជាដើម មានភ្ញៀវសរុបជិត ១ម៉ឺន ៧ពាន់នាក់ (១៦,៥៩៧)។
ទោះជាបែបនេះក្តី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានកត់សម្គាល់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ សង្កេតឃើញមានក្រុមអាជីវករមួយចំនួន មិនបានអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលតម្រូវឲ្យប្រតិបត្តិករទេសចរបំរើសេវាកម្មទេសចរណ៍ នៅតាមគោលដៅនីមួយៗ ត្រូវកំណត់តម្លៃសេវាបំរើ មានដូចជា៖ សេវាស្នាក់នៅ ចំណីអាហារ និងសេវាអង្គុយជាដើម ត្រូវកំណត់តម្លៃឲ្យបានសមរម្យ គឺមិនទាន់អនុវត្តបានល្អទេ។
ករណីនេះ លោក គ្រឹស្នា បញ្ចាក់ថា សេវាស្នាក់នៅ និងចំណីអាហារ ព្រមទាំងតុអង្គុយជាដើម ត្រូវប្រតិបត្តិករទេសចរមួយចំនួន នៅបន្តកំណត់តម្លៃ ឬតម្លើងតម្លៃសេវាបំរើខ្ពស់កប់ពពក ដោយមិនបានផ្តល់សំណឹងជូនភ្ញៀវទេសចរបានដឹងជាមុននោះទេ។ លោកស្នើដល់ប្រតិបត្តិករទេសចរទាំងអស់ នាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ត្រូវពិចារណាចំពោះការកំណត់តម្លៃសេវាបំរើ របស់ខ្លួន ឲ្យបានសមរម្យ នៅពេលមានពិធីបុណ្យជាតិធំៗ ដោយមិនត្រូវកំណត់តម្លៃតាមទំនើងចិត្ត របស់ខ្លួននោះទេ ព្រោះអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគត។
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះដែរ លោកស្រី ស៊ុយ ស្រីមុំ ប្រធានក្រុមហ៊ុនអាយលែន ស្ពីដហ្វឺរី (Iland Speed Ferry) ផ្តល់សម្ភាសដល់អ្នកកាសែតថា សេវាដឹកជញ្ជូនភ្ញៀវទេសចរចេញចេញទៅកម្សាន្តតាមឆ្នេរសមុទ្រ នៅតាមបណ្តាកោះនានា មានកោះរ៉ុងសន្លឹម និងកោះរ៉ុងជាដើម គឺសកម្មភាព របស់ក្រុមហ៊ុនលោកស្រី បាន ដំណើរការបានរលូន។ លោកស្រី បដិសេធន៍ និងរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមហ្វែស ប៊ុក(Facebook) របស់បុគ្គលខ្លះ ដេលបានផ្សព្វផ្សាយថា កប៉ាល់ដឹកភ្ញៀវទេសចរទេសចរ របស់ក្រុមហ៊ុនអាយលែន ហ្វឺរី បានលិច និងបានស្លាប់មនុស្ស គឺជាការចុះផ្សាយបំផ្លើសការពិត បំផុសពាក្យចចាមអារាម និងអ្នកចុះផ្សាយគ្មានវិជ្ជាជីវៈត្រឹមត្រូវទេ។
លោកស្រី ស៊ុយ ស្រីមុំ រិះគន់ប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលបានចុះផ្សាយថា រូបលោកស្រី គឺជាមេកា របស់ក្រុមហ៊ុនអាយលែន ហ្វឺរី ខេមបូឌា ត្រូវបានលិចកប៉ាល់ដឹកភ្ញៀវទេសចរស្លាប់នៅកណ្តាលសមុទ្រ អំឡុងពេលពិធីបុណ្យចូលឆ្នាំ ថាខុសការពិតទាំងស្រុង។ ម្យ៉ាងទៀតលោកស្រី មិនមែនជាមេកាក្រុមហ៊ុនអាយលែនទេ ប៉ុន្តែជាប្រធានក្រុមហ៊ុននេះផ្ទាល់តែម្តង ហើយក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ របស់លោកស្រី ក៏មិនបានជួបហេតុការលិចកប៉ាល់ ដូចការចុះផ្សាយបំផុសពាក្យចចាមអារាមនោះដែរ ពោលគឺបន្តមានសកម្មភាពដឹកភ្ញៀវទេសចរ មានដំណើរការរលូនមកដល់ពេលនេះ។
ត្រង់ចំណុចនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ចាក់ថា នៅក្នុងអំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ គឺគ្រប់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាកោះនានា គឺមិនមានក្រុមហ៊ុនណាមួយជួបហេតុការលិចទូក ឬកប៉ាលដឹកភ្ញៀវទេសចរ ដូចបុគ្គលខ្លះ បានចែករំលែកព័ត៌មានគ្មានការពិតនេះ នៅតាមបណ្តាញសង្គមហ្វ្រែសប៊ុកប៉ុន្មានថ្ងៃមកនេះទេ៕ ដែន សីមា