ជើងឯកកីឡាអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ និង២០១៥ ឈាវ បូរ៉ា ត្រូវតទល់ជាមួយជើងខ្លាំងដែលគ្រងចំណាត់ថ្នាក់លេខ៤កាលពីឆ្នាំ២០១៦ រស់ រិទ្ធីយ៉ា ក្នុងវគ្គ៨នាក់នៃដំណាក់កាលផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅលើទឹកដីអង្គរខេត្តសៀមរាប។ ក្រៅពីគូនេះ ក៏មានការប្រកួតរវាងជើងខ្លាំង និងជើងខ្លាំង៣គូផ្សេងទៀតផងដែរ។
បើតាមតារាងកម្មវិធីប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ម្ចាស់ជើងឯកពីរជំនាន់ជាប់គ្នាប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឈាវ បូរ៉ា ត្រូវជួបប្រកួតជាមួយជើងខ្លាំងចំណាត់ថ្នាក់លេខ៤ឆ្នាំ២០១៦ រស់ រិទ្ធីយ៉ា ក្នុងថ្ងៃបើកឆាកវគ្គ៨នាក់ចុងក្រោយនៃដំណាក់កាលផ្តាច់ព្រ័ត្រ។
បើតាមប្រវត្តិនៃការប្រកួតនាពេលកន្លងមករបស់កីឡាករទាំងពីរ កីឡាករ ឈាវ បូរ៉ា ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងរាជធានីភ្នំពេញធ្លាប់ជាម្ចាស់ជើងប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។ ចំណែកកីឡាករ រស់ រិទ្ធីយ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នកំពុងរស់នៅរាជធានីភ្នំពេញដូចគ្នា កីឡាកររូបនេះធ្លាប់គ្រងចំណាត់ថ្នាក់លេខ៣ប្រចាំពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១០ ហើយកាលពីឆ្នាំ២០១៦ លោក ទទួលបានចំណាត់ថ្នាក់លេខ៤ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
បើតាមតារាងកម្មវិធីខាងលើក្រៅពីជំនួបនេះក៏មានការជួបប្រកួតគ្នា៣ទៀតផងដែរ ក្នុងនោះកីឡាករចំណាត់ថ្នាក់លេខ១ប្រចាំក្រុម(ក) ប៊ិន គាសេង ប៉ះជាមួយជើងខ្លាំងចំណូលថ្មីមកពីខេត្តប៉ៃលិន លឹម ផល្លា ដែលជាកីឡាករលេខ២ឡើងមកពីក្រុម(ខ)នៃវគ្គជម្រុះដំណាក់កាលទី១នៅ NOCC។ រីឯកីឡាករលេខ២ប្រចាំក្រុម(គ) ម៉ី កែវនិម្មិត ត្រូវតទល់ជាមួយកីឡាករ ឆយ វីរ៉ា ដែលជាកីឡាករលេខ១ប្រចាំក្រុម(ឃ) ខណៈលេខ១ក្រុម(គ)កីឡាករ កាំង ហេង ប៉ះជាមួយកីឡាករ ហេង សៅឌី លេខ២ក្រុម(ឃ)។
ការប្រកួតនេះ មិនត្រឹមតែដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តប៉ុណ្ណោះទេ លើសពីនេះដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទៀតផង ព្រោះការប្រកួតធ្វើឡើងនាឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅលើទឹកដីអង្គរខេត្តសៀមរាប។
ប្រភព៖ ថ្មីៗ