គេហទំព័រ Janes បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា ក្រសួងការពារជាតិឥណ្ឌាគ្រោងរៀបចំចរចាបញ្ជាទិញយន្តហោះដឹកជញ្ជូនយោធាធុន Airbus C-295 ពីក្រុមហ៊ុនផលិតយន្តហោះ Airbus Defence and Space ចំនួន៥៦គ្រឿង សម្រាប់បំពាក់ឲ្យកងកម្លាំងទ័ពអាកាស (IAF) របស់ខ្លួនប្រើប្រាស់ ។
សារព័ត៌មាន Indo-Asia ដែលដកស្រង់សម្តីរបស់លោក Marshal B S Dhanoa មេបញ្ជាការរងទ័ពអាកាសរបស់ឥណ្ឌាផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅឲ្យដឹងថា ការចរចាបញ្ជាទិញយកយន្តហោះដឹកជញ្ជូនយោធាធុន Airbus C-295 ពីក្រុមហ៊ុនផលិតយន្តហោះ Airbus Defence and Space នោះ នឹងចាប់ផ្តើមនៅពេលខាងមុខឆាប់ៗនេះ ។
មន្ត្រីជំនាញរបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus Defence and Space បានធ្វើការប៉ាន់ស្មានថា យន្តហោះដឹកជញ្ជូនយោធាធុន Airbus C-295 ចំនួន៥៦គ្រឿងដែលប្រទេសឥណ្ឌាគ្រោងបញ្ជាទិញនោះ មានតម្លៃទឹកប្រាក់សរុបប្រមាណ១,៧៨ពាន់លានដុល្លារអាមេរិក ។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ (International Peace Research Institute-SIPRI) ធ្លាប់បានចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅឲ្យដឹងថា ប្រទេសដែលទិញសព្វាវុធចូលច្រើនជាងគេបំផុតលំដាប់កំពូលតារាងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺប្រទេសឥណ្ឌា ៕
ប្រភព៖ dtn7