Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋាភិបាល​ដោះ​លែង​ក្រុម​ស្លៀក​ខ្មៅ​ ដែល​គេ​ចោទ​ថា ​ក្រុម​​ធ្វើ​បដិវត្តន៍​ពណ៌

$
0
0

ភ្នំពេញៈ នៅទីបំផុតរដ្ឋាភិបាលបានសម្រេចធ្វើការដោះលែងបុគ្គលិកសិទ្ធិមនុស្សជាតិ អន្តរជាតិ និងសកម្មជនដីធ្លីចំនួន ៨ រូបវិញនៅម៉ោងប្រមាណ ៦ ល្ងាចមិញបន្ទាប់ពីឃាត់ខ្លួនចាប់តាំងពីម៉ោង ៨ និង ៣០ នាទីព្រឹកជាចំណាត់ការដែលត្រូវបានក្រុមមន្ត្រីរដ្ឋាភិបាលបកស្រាយថាដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌បើទោះបីជាយុទ្ធនាការនេះត្រូវបានសង្គមស៊ីវិលពន្យល់ថានោះគ្រាន់តែជាការសម្តែងមតិធម្មតាអហិង្សាដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤ រូប និងមន្ត្រី គជប ១ រូបដែលត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ក៏ដោយ។

ជាមួយគ្នានេះដែរមេដឹកនាំគណបក្សប្រឆាំងដែលកំពុងតែរស់នៅនិរទេសខ្លួនឯក្រៅប្រទេសក៏បានចូលរួមស្លៀកពាក់ខ្មៅផងដែរហើយថ្លែងថាការស្លៀកពាក់ខ្មៅគឺបង្ហាញពីស្ថានភាពខ្មៅងងឹតនៃសង្គមបច្ចុប្បន្នដែលចាប់ឃុំខ្លួនមនុស្សទាំងអយុត្តិធម៌។

ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានថ្លែងថាមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនទាំងអស់ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយនៅមុនម៉ោង ៧ យប់មិញ។ ប៉ុន្តែលោក អំ សំអាត បានថ្លែងថាចំណាត់ការរបស់រដ្ឋាភិបាលនាពេលនេះគឺជាការរឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរដែលនឹងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះ។

1-BlackShirt

ស្រ្តីអ្នកគាំទ្រសកម្មជនពាក់អាវខ្មៅឱបបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលបន្ទាប់ពីនគរបាលខណ្ឌដង្កោដោះលែងកាលពីល្ងាចមិញ។ ផា លីណា

លោកថា៖«ខ្ញុំគិតថាបើរដ្ឋាភិបាលភ័យនឹងស្រមោលខ្លួនឯងហើយចាត់វិធានការបែបនេះគឺធ្វើឱ្យស្ថានភាពនយោបាយកាន់តែតានតឹង និងស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះអ៊ីចឹងធ្វើឱ្យម្ចាស់ជំនួយនឹងពិចារណាហើយច្បាស់ជាគេរិះគន់ជាបន្តបន្ទាប់មកលើរដ្ឋាភិបាលកម្ពុជាយើង»។

បើតាមលោក អំ សំអាត សង្គមស៊ីវិលនឹងនៅតែបន្តស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទក្រោយៗទៀតរហូតទាល់តែមន្ត្រីសិទ្ធិមនុស្ស ៤ រូប និងមន្ត្រី គជប ម្នាក់ត្រូវបានដោះលែងដោយលោកអះអាងថាការធ្វើបែបនេះមិនមែនជាការប្រឆាំងរដ្ឋាភិបាល ឬធ្វើបដិវត្តន៍អ្វីនោះទេគ្រាន់តែជាការកាន់ទុក្ខខណៈដែលស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ចុះ។

អភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងថាការដាក់កម្លាំងសមត្ថកិច្ចគឺដើម្បី «ទប់ស្កាត់អ្នកមិនគោរពច្បាប់ និងពួកអនាធិបតេយ្យដែលបម្រុងធ្វើបដិវត្តន៍ពណ៌គឺពួកអនាធិបតេយ្យហើយការធ្វើនេះដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ដែលមិនអាចឱ្យជនណាម្នាក់ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តន៍នៅប្រទេសកម្ពុជាបានទេនេះជាចំណុចសំខាន់»។

បន្ទាប់ពីមានការឃាត់ខ្លួនបុគ្គលិកសិទ្ធិមនុស្សចំនួន ៨ នាក់កាលពីម៉ោងប្រមាណជាជាង ៨ ព្រឹកម្សិលមិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសរសេររបាយការណ៍ស្តីពីវិធានការទប់ស្កាត់ «យុទ្ធនាការស្លៀកពាក់ខ្មៅ» របស់សមាគមអង្គការមិនមែនរដ្ឋាភិបាលជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានប្រាប់ពីស្ថានការណ៍ជុំវិញករណីនេះ និងបានណែនាំអ្នកឃាត់ខ្លួនឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពស្លៀកពាក់ខ្មៅនេះ។

7-Protest_0

ក្រុមសង្គមស៊ីវិលក្រោយពេលដោះលែងកាលពីព្រលប់ថ្ងៃម្សិលមិញ។ ផា លីណា

លិខិតបន្តថា «នាព្រឹកថ្ងៃទី ៩ យើងបានពង្រាយកម្លាំងដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់តាមច្រកចូលរាជធានី និងច្រកចូលពន្ធនាគារព្រៃសដើម្បីឲ្យក្រុមអ្នកតវ៉ារំសាយក្នុងនោះយើងបានឃាត់ខ្លួនមេខ្លោង និងអ្នករឹងរូសចំនួន ៦ នាក់រួមមាន លោក អ៊ី សារុំ ប្រធានសមាគមធាងត្នោតលោក ថាវ គឹមសាន អនុប្រធានអង្គការលីកាដូ អ្នកស្រី ស សន សកម្មជនបុរីកីឡា កញ្ញា សង់ ស្រីលាភ សកម្មជនបឹងកក់ អ្នកស្រី គង់ ចន្ថា សកម្មជន បឹងកក់ អ្នកស្រី ប៉ូវ សោភា សកម្មជនបឹងកក់»។

លិខិតបន្តថា៖ «ចំពោះការឃាត់ខ្លួនអង្គប្រជុំបានឯកភាពគ្នាណែនាំឱ្យធ្វើការសាកសួរធ្វើកំណត់ហេតុដើម្បីអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងរក្សាទុកជាឯកសារសម្រាប់បម្រើផ្លូវច្បាប់ទៅថ្ងៃក្រោយ។ ក្រោយពីចាត់វិធានការនៅវេលាម៉ោង ១០ ព្រឹកពិនិត្យឃើញថាសភាពការណ៍មានសភាពស្ងប់ស្ងាត់»។

ចំណែកមន្ត្រីសិទ្ធិមនុស្សជនជាតិបរទេសពីររូបនៃអង្គការលីកាដូរួមមានលោក Mathia និងឈ្មោះ Ana ភេទស្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ១១ ព្រឹកនៅមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោខណៈពួកគេឈរឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សហើយបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោក អ៊ុក ហៃសីលា ប្រាប់ភ្នំពេញប៉ុស្តិ៍ថាជនបរទេសពីរនាក់នោះត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅមុនម៉ោង ៦ ល្ងាច។

លោកថា៖ «សមត្ថកិច្ចបញ្ជូនពួកគាត់មកដោយសារគាត់អត់មានលិខិតឆ្លងដែនតែគាត់ថាលិខិតឆ្លងដែននៅសណ្ឋាគារបន្ទាប់ពី ២ ម៉ោងក្រោយមកគេយកលិខិតឆ្លងដែនមកហើយបង្ហាញកាតថាធ្វើការនៅអង្គការលីកាដូបន្ទាប់មកយើងធ្វើការសាកសួរបន្តទៀតហើយគាត់មានទិដ្ឋការត្រឹមត្រូវទេហើយយើងធ្វើកំណត់ហេតុបញ្ចប់នឹងឱ្យគាត់ទៅវិញមុនម៉ោង ៦»។

លោកបន្តថា៖ «យើងក៏បានសាកសួរគាត់ពីមូលហេតុពាក់អាវខ្មៅតែជនបរទេសទាំងពីរនាក់ឆ្លើយថាគាត់ចង់បង្ហាញការគាំទ្រដល់សង្គមស៊ីវិលហើយមិនមានចេតនាបង្កបញ្ហាដល់សង្គមទេ»។

ជាមួយគ្នានេះប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេសបានសម្តែងការគាំទ្រយុទ្ធនាការស្លៀកខ្មៅរៀងរាល់ថ្ងៃចន្ទដោយលោកបានបានពាក់អាវខ្មៅ ខោខ្មៅ នាឡិកាខ្មៅ និងវ៉ែនតាខ្មៅ។

ក្នុងវីដេអូមានរយៈពេលជាង ១ នាទីលោក សម រង្ស៊ី ថ្លែងថា៖ «ខ្ញុំ សម រង្ស៊ី សូមចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដើម្បីសម្តែងសាមគ្គីភាពជាមួយបងប្អូនជនរួមជាតិប្រជាពលរដ្ឋដែលអាជ្ញាធរបានចាប់យកទៅឃុំខ្លួនយ៉ាងអយុត្តិធម៌»។

លោកថា៖«ពណ៌ខ្មៅជានិមិត្តរូបនៃភាពខ្មៅងងឹត ឧបទ្រព ការរំលោភសិទ្ធិប្រជាពលរដ្ឋការធ្វើបាបប្រជារាស្ត្រដូច្នេះយើងត្រូវរួមកម្លាំងគ្នាដើម្បីបញ្ចប់ភាពខ្មៅងងឹតបញ្ចប់អំណាចផ្តាច់ការដើម្បីនាំមកសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញជូនប្រជាពលរដ្ឋខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ»។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានប្រដូចយុទ្ធនាការពណ៌ខ្មៅដែលបង្កើតឡើងដោយសង្គមស៊ីវិល និងចូលរួមដោយមេដឹកនាំគណបក្សប្រឆាំងថាជាគោលបំណងនំាមកនូវបដិវត្តពណ៌។ លោកថ្លែងថា៖ «វាតំណាងឲ្យ ប៉ុល ពត ដែលស្លៀកពាក់ពណ៌ខ្មៅ។ គាត់ចង់នាំប្រទេសទៅរកសង្គ្រាមដែលបានកើតឡើងពីអតីតកាលរួចមកហើយ»។

លោកក៏បានថ្លែងការពារវិធានការប្រឆាំងនឹងយុទ្ធនាការពណ៌ខ្មៅរបស់អាជ្ញាធរផងដែរដោយថ្លែងថាវិធានការរបស់អាជ្ញាធរគឺស្របច្បាប់។

កាលម្សិលមិញសមត្ថកិច្ចបានដាក់ប៉ុស្តិ៍ឆែកឆេរយ៉ាងតិច ១០ កន្លែងនៅលើផ្លូវឆ្ពោះទៅពន្ធនាគារព្រៃសដើម្បីឆែកឆេរ និងសួរនាំអ្នកស្លៀកពាក់ខ្មៅ។ បើទោះបីជាមន្ត្រីសង្គមស៊ីវិលបានព្យាយាមទៅពន្ធនាគារព្រៃសដើម្បីសម្តែងមតិ និងទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គជប ក្តី តែពួកគេត្រូវបរាជ័យខណៈប៉ូលិសរាប់រយនាក់បានស្ទាក់ពួកគេនៅតាមផ្លូវនានា៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles