ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្ដេច ហ៊ុន សែន បាននិយាយថា ច្បាប់ដែលកម្ពុជាអនុម័ត មិនមែនបង្កើតមកដើម្បីសម្លាប់ប្រជាជន និងបង្កឲ្យប្រទេសជាតិបែកបាក់គ្នា ដូចមតិរិះគន់កន្លងមកនោះទេ។
សម្ដេច និយាយថា កម្ពុជាមិនអាចទទួលយកបាន ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីសំណាក់បរទេស ដែលតែងតែរិះគន់ការអនុវត្តច្បាប់នៅកម្ពុជាឡើយ។ និយាយដោយមិនចំឈ្មោះ ប្រមុខរដ្ឋាភិបាល បានចោទជាសំនួរថា នៅពេលដែលអ្នកឯងទម្លាក់គ្រាប់បែក មកលើទឹកដីកម្ពុជា ដែលសម្លាប់ពលរដ្ឋកម្ពុជានោះ តើអ្នកឯងបានគិតពីសិទ្ធិមនុស្សដែរឫទេ? បើទោះជាមិននិយាយចំឈ្មោះក្តី តែការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ គឺឆ្លើយតបទៅនឹងអាមេរិក ដែលបានចេញសេចក្តីថ្លែងការណ៍សម្ដែងពីការព្រួយបារម្ភ ចំពោះសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ កាលពីថ្ងៃទី២០ កុម្ភៈ។
សូមស្តាប់សំឡេង៖
ប្រភព៖ ថ្មីៗ