(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីផ្សព្វផ្សាយដំណឹងជូនដល់ប្រជាជនកូរ៉េខាងជើងបានជ្រាបពីអំពើឃាតកម្មទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលនៃប្រទេសកុម្មុនិស្តមួយនេះគឺលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណាត់ការត្រូវបានធ្វើឡើងសំដៅបង្ហាញពីអំពើដ៏ឃោឃៅរបស់របបដឹកនាំផ្តាច់ការនៅក្នុងទីក្រុងព្យុងយ៉ាង ដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលមានការជឿជាក់ខ្ពស់ថា គឺជាមេខ្លោងដែលស្ថិតនៅពីក្រោយខ្នងនៃការលួចធ្វើឃាតលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានអន្តជាតិនៃរដ្ឋធានីគូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈសប្តាហ៍មុននេះ។
មន្រ្តីយោធាមួយរូបរបស់កូរ៉េខាងត្បូងបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានយុនហ៉ាប់ ដូច្នេះថា «យើងបានធ្វើការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងចំនួន៣៤គ្រឿងនៅតាមបណ្តោយបន្ទាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដើម្បីជូនដំណឹងដល់ពលទាហានព្រមទាំងប្រជាជនស៊ីវិលនៅក្នុងប្រទេសកូរ៉េខាងជើងទាំងអស់ឲ្យបានជ្រាបថាប្រមុខដឹកនាំកំពូលដ៏ខ្ពង់ខ្ពស់របស់ពួកគេ គឺជាអ្នកនៅពីក្រោយខ្នងការសម្លាប់បងប្រុសរបស់ខ្លួនឯងគឺលោក គីម ជុងណាំ»។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ដែលជាកូនប្រុសច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ត្រូវបានស្រ្តីពីរនាក់ក្រោមការបង្គាប់បញ្ជារបស់ភ្នាក់ងារចារកិច្ចកូរ៉េខាងជើងលួចធ្វើឃាត។ ហើយនាពេលកន្លងមកលោក គីម ធ្លាប់បានចេញនិយាយជាសាធារណៈប្រឆាំងនឹងរបបដឹកនាំរបស់ត្រកូលគ្រួសាររបស់លោកនៅប្រទេសកូរ៉េខាងជើងផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕
ប្រភព៖ freshnewsasia
ព័ត៌មានទាក់ទង៖ ជនសង្ស័យករណី គីម ជុងណាម ជាអ្នកជំនាញគីមីមានប្រវត្តិរៀនខ្ពស់មិនធម្មតា
លោក Ri Jong-chol ជាជនសង្ស័យទី៤ និងអ្នកជំនាញផ្នែកគីមីម្នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រនៅខុនដូមួយកន្លែង ដោយជាប់ចោទពាក់ព័ន្ធនឹងការចូលរួមរៀបគម្រោងធ្វើឃាតលោក គីម ជុងណាម កាលពីថ្ងៃច័ន្ទសប្ដាហ៍មុននៅព្រលានយន្តហោះម៉ាឡេស៊ី KLIA2។
តើលោកមានប្រវត្តិការសិក្សា និងបទពិសោធន៍ការងារយ៉ាងណាខ្លះ?
លោក Jong-chol កើតនៅថ្ងៃទី៦ឧសភា ឆ្នាំ១៩៧០ អាយុ៤៧ឆ្នាំ ជាជនជាតិកូរ៉េខាងជើងបានបញ្ចប់ការសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រ និងឱសថពីសាកលវិទ្យាល័យមួយនៅកូរ៉េខាងជើងក្នុងឆ្នាំ ២០០០។ រយៈពេល១០ឆ្នាំក្រោយ គាត់បានចូលរួមស្រាវជ្រាវក្នុងមជ្ឈមណ្ឌលមួយនៅទីក្រុងកុលកាតា ប្រទេសឥណ្ឌា រហូតសល់ឆ្នាំ២០១១។
បច្ចុប្បន្ន គាត់កំពុងធ្វើការនៅក្រុមហ៊ុនព័ត៌មានវិទ្យា Tombo Enterprise Sdn Bhd ក្នុងសង្កាត់ Cherasប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងចែកចាយផ្ដាច់មុខផលិតផលសុខភាពឈ្មោះថា Tian Xian Liquid សម្រាប់ប្រឆាំងនឹងជំងឺមហារីក។
ទោះជាយ៉ាងណា វាហាក់ដូចជាលឿនពេកក្នុងការសន្និដ្ឋានថា លោកជាអ្នកស្ថិតនៅពីក្រោយការបំពុលលោក គីម ជុងណាម ព្រោះការស៊ើបអង្កេតកំពុងបន្តនៅឡើយ៕
ម្ចាស់ក្រុមហ៊ុន Tombo និយាយប្រាប់អ្នកសារព័ត៌មាន
ជនសង្ស័យចាប់បានទាំង ៤នាក់
ប្រភព៖ sabay
ព័ត៌មានទាក់ទង៖ ទីបំផុត វីដេអូសកម្មភាពលួចធ្វើឃាត គីម ជុងណាម ត្រូវបានបញ្ចេញហើយ
បន្ទាប់ពីមានករណីឃាតកម្មលើបងប្រុសមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន គឺលោកគីម ជុងណាម នៅព្រលានយន្តហោះម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន នៅថ្ងៃទី១៩កុម្ភៈម្សិលមិញ គេបានបញ្ចេញវីដេអូរបស់កាមេរ៉ាសុវត្ថិភាពលួចធ្វើឃាតនោះហើយ។
តាមរយៈវីដេអូគួរឲ្យរន្ធត់នេះ គេឃើញស្ត្រីពាក់អាវសមានពាក្យថា LOL ដែលអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនដំបូងគេ បានប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងមានស្ត្រីម្នាក់ទៀតបាញ់ស្ព្រាយលើមុខលោកគីម ជុងណាម បន្ថែមពិតមែន ដោយមានជំនួយពីមនុស្សជាច្រើនទៀត។ ក្រោយមកមានបុរស៣នាក់ បានដើរទៅប្រាប់សន្តិសុខថាបុរសម្នាក់ត្រូវបានគេបាញ់ស្ដ្រាយដាក់មុខ រួចពួកគេព្យាយាមដើរចេញពីព្រលានបាត់ទៅ។
មកទល់ពេលនេះអាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធនឹងការលួចធ្វើឃាត រួមមានស្ត្រីវៀតណាម ស្ត្រីឥណ្ឌូណេស៊ី បុរសម៉ាឡេស៊ី និងអ្នកជំនាញផ្នែកគីមីជនជាតិកូរ៉េខាងជើងម្នាក់ផង។ សូមទស្សនាវីដេអូកាមេរ៉ាសុវត្ថិភាពខាងក្រោម៖
ប្រភព៖ sabay
ព័ត៌មានទាក់ទង៖ រឿងរ៉ាវកាន់តែច្បាស់ពីល្បិចធ្វើឃាត«បងប្រុសម្តាយទីទៃ»របស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន
ស្ត្រីម្នាក់ដែលរងការចោទប្រកាន់សម្លាប់បងប្រុសម្តាយទីទៃរបស់លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលីសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។
យោងតាមសារព័ត៌មាន DailyMail ចុះផ្សាយថ្ងៃទី១៦ កុម្ភៈ ២០១៧ ជនសង្ស័យឈ្មោះ Doan Thi Huong អាយុ ២៨ ឆ្នាំ មកពីប្រទេសវៀតណាម ត្រូវបាននាំចេញពីអគារមួយ រួចឲ្យចូលក្នុងរថយន្តប៉ូលីសក្នុងទីក្រុងគូឡាឡាំពួរ ពីបទសង្ស័យថាបានសម្លាប់ជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ Kim Jong-nam (ត្រូវជាបងប្រុសម្តាយទីទៃ គឹម ជុងអ៊ុន) ។
បើតាមប្រភពព័ត៌មានឲ្យដឹង ស្ត្រីជាជនសង្ស័យនេះ អាចទំនងជាត្រូវបានមិត្តភក្តិរបស់នាងប្រើល្បិចឲ្យក្លាយជាឃាតករសម្លាប់លោក Nam តែម្តង ដែលពួកគេបានប្រាប់នាងឲ្យ «យកថ្នាំទៅបំពុលគាត់(Nam) គ្រាន់តែជាការលេងសើច (Prank)» ។
ករណីនេះផងដែរក៏ត្រូវបានគេអះអាងថា បុរសម្នាក់ស្លៀកពាក់បន្លំខ្លួនជាស្រី បានចូលទៅជួយដល់ការសម្លាប់នេះ ដោយបានចាប់ក្រៀកលោក Nam ពីខាងក្រោយ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ Doan Thi Huong នេះ បានប្រាប់ប៉ូលីសថា នាងត្រូវបាន «បោះបង់ចោល» ដោយមនុស្សមួយក្រុមនោះ ដែលនាងមកជាមួយ ក្នុងដំណើរកម្សាន្តមកលេងទីក្រុងកូឡាឡាំពួ បន្ទាប់ពីនាងបានយកថ្នាំទៅខ្ទប់មុខលោក Nam រួចមក។
ប្រភពពីរបស់ប៉ូលីសនិយាយថា ស្ត្រីសង្ស័យឈ្មោះ Doan នេះដែលអាចជាឈ្មោះមិនពិត បានប្រាប់ប៉ូលីសថា នាងត្រូវបានបញ្ចុះបញ្ចូលដោយស្ត្រីម្នាក់ និងបុរស ៤ នាក់ ឲ្យលេងសើច (prank) ទៅលើលោក Nam ដោយរូបនាងពុំគ្មានបំណងសម្លាប់ ឬ សូម្បីធ្វើឲ្យគាត់ឈឺចាប់ឡើយ ហើយនាងបានគិតថា វាគ្រាន់តែជារឿងលេងសើចពុំបង្កគ្រោះថ្នាក់បែបនេះទេ ។
រឿងរ៉ាវនេះបន្ទាប់មកបានកើតឡើង ដោយស្ត្រីទី២ម្នាក់ទៀតឈ្មោះ Siti Aishah អាយុ ២៥ ឆ្នាំ មកពីឥណ្ឌូនេស៊ី និងមិត្តប្រុសរបស់នាងជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ Muhammad Farid Bin Jalaluddin អាយុ ២៦ ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាក់ទងនឹងករណីឃាតកម្មនេះ ៕
លោក គឹម ជុងណាម (ឆ្មេង) និងឪពុក គឹម ជុងអ៊ីល (ស្តាំ)
លោក គឹម ជុងណាម ស្លៀកឯកសណ្ខានមន្រ្តីកងទ័ពកាលពីនៅវ័យកុមារ ថតជាមួយជីដូនក្នុងខែមករា ១៩៧៥
គឹម ជុងណាម និងក្រុមគ្រួសារ
គឹម ជុងណាម គឺជាកូនប្រុសរបស់ស្រ្តីឈ្មោះ Song Hye-rim ដែលជាស្រីកំណាន់របស់លោក គឹម ជុងអ៊ីល