Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ខ្សែ​ភាពយន្ត​រឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» របស់ Angelina Jolie អន្ទង​បេះដូង​ពលរដ្ឋ​ខ្មែរ

$
0
0

«រឿងនេះល្អ មានតម្លៃសម្រាប់ប្រទេសយើងច្រើនណាស់ ឲ្យគេដឹងថាខ្មែរយើងមានការលំបាក ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមមក យើងបាក់បែកគ្នា យើងទាស់ទែងគ្នា។ ធ្វើឲ្យបរទេសចេះតែលូកដៃចូលមក ធ្វើឲ្យយើងទទួលឥទ្ធិពលពីការលូកដៃមក ធ្វើឲ្យខ្មែរយើងវិនាសព្រាត់ប្រាស់គ្នា»។ នេះបើយោងទៅតាមសម្តីប្រជាពលរដ្ឋម្នាក់មកពីខេត្តសៀមរាប។

ភ្នំពេញ — «ពុកម៉ែបងប្អូនទាំងអស់គ្នា ឆាប់ក្រោកឡើងចេញទៅក្រៅវិញទៅ… ទៅ! ប៉ា…. ប៉ា…. ប៉ា….ប៉ា មកវិញមក»។ នេះជាសម្រែករបស់ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលស្រែកហៅឪពុករបស់ខ្លួនដែលកំពុងត្រូវបានខ្មែរក្រហមបណ្ដើរយកទៅសម្លាប់ក្នុងឈុតមួយនៃខ្សែភាពយន្តថ្មីរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលត្រូវបានចាក់បញ្ចាំងកាលពីថ្ងៃសៅរ៍ជាលើកដំបូងនៅខេត្តសៀមរាប។

ក្រោយការបញ្ចាំងបានបញ្ចប់ និស្សិតសាកលវិទ្យាល័យUniversity of South East Asiaក្នុងខេត្តសៀមរាប កញ្ញា លួន ពន្លឺ សង្ឃឹមថា ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ នឹងជួយឲ្យយុវជនដឹងពីផលលំបាកនៃសង្គ្រាម និងចងចាំអតីតកាលដ៏ជូរចត់ ដើម្បីជៀសវាងមិនឲ្យអតីតកាលដ៏រន្ធត់ និងខ្មៅងងឹតនោះត្រឡប់មកវិញ។

«រឿងហ្នឹងគឺល្អមែនទែន។ ខ្ញុំមើលហើយរំជួលចិត្ត។ អញ្ចឹងសង្ឃឹមថាពេលដែលក្មេងៗបានមើលរឿងហ្នឹងហើយ សង្ឃឹមថាគាត់អាចជួយធ្វើយ៉ាងម៉េចឲ្យប្រទេសរបស់យើងរីកចម្រើនទៅមុខ មិនឲ្យជួបរឿងបែបហ្នឹងតទៅទៀត»។

«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាខ្សែភាពយន្តដែលបានប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់លោកស្រី អ៊ឹង លឿង ជាអ្នកនិពន្ធសៀវភៅដែលបានរៀបរាប់ពីដំណើរជីវិតពិតដ៏ឈឺចាប់របស់លោកស្រីក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

លោកស្រី អ៊ឹង លឿង ដែលទើបមានអាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ត្រូវនិរាសព្រាត់ប្រាស់ពីសាច់ញាតិ។ ដំបូងបង្អស់ លោកស្រីបានបាត់បង់ឪពុក ក្រោយមកបានបាត់បង់ម្ដាយ និងបងប្អូនសាច់ញាតិផ្សេងទៀតជាបន្តបន្ទាប់។

លោកស្រី Angelina Jolie ដែលជាតារាហូលីវូដដ៏ល្បីល្បាញ បានដឹកនាំផលិតរឿងនេះឲ្យទៅជាខ្សែភាពយន្តហូលីវូដ និងបានចាក់បញ្ចាំងជាលើកដំបូងនៅព្រះលានជល់ដំរីក្នុងទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង១.០០០នាក់។

2EB9F2BA-5B79-4CA5-9E19-F3BB275C55F7_w650_r1_sអ្នកស្រី Loung Ung អ្នកនិពន្ធនៃខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» អង្គុយនៅក្នុងវេទិការសន្និសីទសារព័ត៌មានស្តីពីការដាក់បញ្ចាំងខ្សែ

ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នាខេត្តសៀមរាបក្នុងថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
ក្នុងពេលកំពុងទស្សនាខ្សែភាពយន្តដែលបង្ហាញពីអតីតកាលដ៏ជូរចត់ក្នុងរបបខ្មែរក្រហម ប្រជាពលរដ្ឋមួយចំនួនជាពិសេសស្ត្រី បានបង្ហូរទឹកភ្នែក និងក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។

អ្នកស្រី តាន់ សូរើយ ជាពលរដ្ឋរស់នៅខេត្តសៀមរាប លើកឡើងថា ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីស្ថានភាពពិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលអ្នកស្រីធ្លាប់បានឆ្លងកាត់អស់រយៈពេលជាង៣ឆ្នាំ។

«រឿងនេះល្អ មានតម្លៃសម្រាប់ប្រទេសយើងច្រើនណាស់ ឲ្យគេដឹងថាខ្មែរយើងមានការលំបាក ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមមក យើងបាក់បែកគ្នា យើងទាស់ទែងគ្នា។ ធ្វើឲ្យបរទេសចេះតែលូកដៃចូលមក ធ្វើឲ្យយើងទទួលឥទ្ធិពលពីការលូកដៃមក ធ្វើឲ្យខ្មែរយើងវិនាសព្រាត់ប្រាស់គ្នា»។

ស្ត្រីវ័យជិត៧០ឆ្នាំរូបនេះបន្ថែមថា តាមរយៈខ្សែភាពយន្តនេះ អ្នកស្រីរំពឹងថាប្រទេសផ្សេងៗលើពិភពលោក នឹងស្គាល់កម្ពុជាបានកាន់តែច្បាស់ ព្រមទាំងរំពឹងថាពួកគេអាចជួយកម្ពុជាដែលជាប្រទេសទើបងើបពីសង្គ្រាមដ៏ខ្មៅងងឹតនេះ បានកាន់តែច្រើន។

ចំណែកយុវសិស្ស ហេង ស៊ីថា យល់ថា ខ្សែភាពយន្តនេះនឹងជួយឲ្យពិភពលោកបានដឹងកាន់តែច្បាស់ពីការពិតដែលប្រជាជនកម្ពុជាឆ្លងកាត់ក្នុងរបបដ៏ជូរចត់ ដែលត្រូវបានគេស្គាល់ថារបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

«ខ្ញុំយល់ថាក្នុងសម័យនោះពិតជាខ្មៅងងឹតដូចម៉ាក់ គាត់ធ្លាប់និយាយប្រាប់។ ហើយខ្ញុំមានអារម្មណ៍ថាពិតជាខ្លោចផ្សា ដែលសម័យនោះបានកើតឡើងក្នុងប្រទេសកម្ពុជា ហើយសម្រាប់ខ្ញុំអត់ចង់ឲ្យព្រឹត្តិការណ៍ហ្នឹងកើតឡើងម្ដងទៀតទេ»។

លោកស្រី Angelina Jolie ដែលមានកូនប្រុសចិញ្ចឹមម្នាក់ជាជនជាតិខ្មែរផងនោះ បានថ្លែងក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នៅល្ងាចថ្ងៃសៅរ៍ ថា លោកស្រីផលិត និងដាក់បញ្ចាំងខ្សែភាពយន្តនេះជាលើកដំបូងលើទឹកដីអង្គរ គឺដើម្បីជាការអរគុណដល់ប្រទេសកម្ពុជាដែលបានផ្ដល់ជីវិតថ្មីដល់លោកស្រី និងបានធ្វើឲ្យលោកស្រីក្លាយទៅជាម្ដាយដ៏ល្អម្នាក់។

B2B85A4D-211E-475D-8C1A-B3FB84FBB03A_w650_r1_sតារានិងអ្នកដឹកនាំរឿងហូលីវូដ ដ៏ល្បីល្បាញ លោកស្រី Angelina Jolie អង្គុយក្នុង វេទិការសន្និសីទសារព័ត៌មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នាខេត្តសៀមរាបក្នុងថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

តារាហូលីវូដដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រកាលពីជាង១០ឆ្នាំមុនរូបនេះបញ្ជាក់ថា៖

«ខ្សែភាពយន្តនេះមិនមែនផលិតឡើងដោយផ្ដោតលើសង្គ្រាមក្នុងពេលអតីតកាលនោះទេ ប៉ុន្តែវាជាការរំឮកឡើងវិញពីការតស៊ូ និងការប្រឹងប្រែង រួមទាំងទេពកោសល្យសម្ដែងរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសទៅទៀត ខ្សែភាពយន្តនេះគឺជាការបង្ហាញពីការអរគុណរបស់ខ្ញុំទៅកាន់កម្ពុជា។ ប្រសិនបើគ្មានកម្ពុជា ខ្ញុំប្រហែលជាមិនអាចក្លាយជាម្ដាយម្នាក់បានទេ។ កម្ពុជាជាផ្នែកមួយនៃបេះដូងរបស់ខ្ញុំ ហើយបេះដូងរបស់ខ្ញុំនឹងតែងតែនៅក្នុងប្រទេសកម្ពុជាជានិច្ច»។

បន្ទាប់ពីការដាក់បញ្ចាំងក្នុងខេត្តសៀមរាប ភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២១ ខែកុម្ភៈ និងនៅសួនច្បារនាគបាញ់ទឹកក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ហើយនិងចេញផ្សាយនៅលើគេហទំព័របញ្ចាំងខ្សែភាពយន្តដ៏ល្បីល្បាញឈ្មោះថា Netflix នៅខែកញ្ញា ឆ្នាំ២០១៧នេះ។

កញ្ញា លួន ពន្លឺ រំពឹងថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នឹងបានទស្សនាខ្សែភាពយន្តដ៏ល្អនេះគ្រប់គ្នា។

កញ្ញាបញ្ជាក់ថា៖«បើសិនជាយើងយករឿងហ្នឹងទៅផ្សាយនៅខាងក្រៅឲ្យគេឃើញ គេនឹងស្គាល់ខ្មែរយើងកាន់តែច្បាស់។ បន្ទាប់ពីគាត់យកទៅផ្សាយនៅខាងក្រៅហើយ ចង់ឲ្យគាត់យកត្រឡប់មកស្រុកខ្មែរវិញជាសាធារណៈ មិនថាគិតជាសំបុត្រ ឬក៏អត់ក៏ដោយ ដើម្បីឲ្យប្រជាជនបានមើលទាំងអស់គ្នា»។

ប្រជាពលរដ្ឋកម្ពុជាដែលVOA បានសម្ភាសន៍និយាយថា ពួកគេសង្ឃឹមថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យអន្តរជាតិស្គាល់កម្ពុជាបានកាន់តែច្រើន៕

ប្រភព៖ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>