គ្មានទៀតឡើយតំណែងថ្នាក់ដឹកនាំតំណាងរាស្ត្រនិងតំណែងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ នេះមានន័យថា តំណែងជាដៃគូរសន្ទនានៅក្នុងរដ្ឋសភារវាងលោក កឹម សុខា និង លោក ស ខេង ត្រូវបានរំលាយទាំងស្រុងហើយ បន្ទាប់ពីរដ្ឋសភាកាលពីថ្ងៃទី៣១មករា បានអនុម័តលើសំណើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាលើប្រការ៤៨ថ្មី(៣) ស្ដីពីការលុបចោលតំណែងប្រធានក្រុមមតិភាគតិចនៃរដ្ឋសភារបស់លោក កឹម សុខា ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តី។ នេះបើផ្អែកតាមសេចក្ដីសម្រេចរបស់រដ្ឋសភាចុះថ្ងៃទី១០កុម្ភៈ។
ទោះជាតំណែងប្រធានក្រុមមតិភាគតិចនៃរដ្ឋសភារបស់លោក កឹម សុខា ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីត្រូវបានលុបចោលទាំងស្រុងហើយក៏ដោយតែលោក កឹម សុខា នៅតែជាសមាជិករដ្ឋសភាធម្មតាដោយតំណែងនេះមិនបានបាត់បង់ទៅជាមួយនោះទេ។ លោក ស ខេង ក៏ដូចគ្នាអញ្ចឹងដែរ។
បន្ថែមពីលើការលុបចោលតំណែងថ្នាក់ដឹកនាំតំណាងរាស្ត្រនិងតំណែងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាហើយនោះ រដ្ឋសភាក៏បានដកហូតមធ្យោបាយនានាពីថ្នាក់ដឹកនាំគណបក្សទាំងពីរដែរដោយរួមមានៈ ការិយាល័យធ្វើការដែលស្ថិតនៅក្នុងរដ្ឋសភានិងរថយន្ត ប្រាក់បៀវត្សជាដើម។ ហើយជំនួយការមកពីគណបក្សរៀងៗខ្លួនក៏ត្រូវបានលុបចោលក្នុងពេលតែមួយនេះដែរ។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានិងជាអ្នកនាំពាក្យ។
សូមបញ្ជាក់ថា លោក កឹម សុខា បានស្ថិតនៅក្នុងតំណែងជាប្រធានក្រុមមតិភាគតិចជំនួសលោក សម រង្ស៊ី ត្រឹមរយៈពេលមួយដ៏ខ្លីបំផុត។ ដែលតំណែងនេះលោក កឹម សុខា ទទួលបានកាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ បន្ទាប់ពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
ដើមហេតុដែលនាំឲ្យឈានដល់ការរំលាយតំណែងថ្នាក់ដឹកនាំតំណាងរាស្ត្រនិងតំណែងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា គឺបណ្ដាលមកពីការចរចាទាមទារឲ្យដាក់របៀបវារៈស្ដីពីការដោះលែងអ្នកទោសដែលធ្វើឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តក៏ស្នើឲ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការលុបចោលតំណែងប្រធានក្រុមមតិភាគតិចនៃរដ្ឋសភារបស់លោក កឹម សុខា នេះ គឺដើម្បីកុំឲ្យភាគីគណបក្សប្រឆាំងប្រើប្រាស់យន្តការនេះ ជាច្រកមួយ ដើម្បីចរចាឲ្យមានការដោះលែងអ្នកទោស។ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា គឺជាការបំពានដល់អំណាចតុលាការនៅក្នុងប្រទេសកម្ពុជា។
តែសម្រាប់គណបក្សសង្គ្រោះជាតិ ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ថ្មីបី ដែលមាន៦៧សំឡេងគាំទ្រ ធ្វើឡើងដោយអ្នកតំណាងរាស្ត្ររបស់បក្សកាន់អំណាចតែឯកឯង គឺបក្សប្រឆាំងទទួលយកមិនបានទេ ព្រោះវាគ្មានសមហេតុសមផល ហើយវាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ ខុសនីតិវិធីច្បាប់ និងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅស្រុកខ្មែរ៕
ប្រភព៖ RFI