ខេត្តស្ទឹងត្រែង៖ លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បានទៅលេងលោកស្រី ខាវ ថងញ៉ុត ដែលជាភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងរស់នៅខេត្តស្ទឹងត្រែង ក្នុងនោះលោកស្រីបានមានប្រសាសន៍ទៅកាន់លោកថា “អ្នកចម្រៀងផ្សេងទៀត អាចមានសំឡេងប្រហាក់ប្រហែល នឹងសំឡេងរបស់លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ ក្នុងការសរសេរបទចម្រៀងដូចលោកប្តីអ្នកស្រីឡើយ“។
ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ដោយដកស្រង់សម្ដីលោកស្រី ខាវ ថងញ៉ុត បន្ថែមថា “លោក ស៊ីន ស៊ីសាមុត អាចសរសេរបានចម្រៀង ២បទ ពេលទៅពិសាគុយទាវមួយព្រឹក”។ អ្នកស្រីបញ្ជាក់ថា “លោកឯកអគ្គរដ្ឋទូត ក្នុងរយៈពេលដែលលោកមកនេះ ប្តីរបស់ខ្ញុំប្រហែលជាអាចសរសេរចម្រៀងបានបីបទ!”។
គួរបញ្ចាក់ថា លោកឯកអគ្គរដ្ឋទូតបានឈប់សម្រាកមួយយប់នៅខេត្តស្ទឹងត្រែង ក្នុងដំណើររបស់លោកត្រឡប់មកពីខេត្តរតនគីរីវិញ ដោយនៅក្នុងខេត្តរតនគីរីនោះ លោកបានចំណាយពេលមួយថ្ងៃដើម្បីសង្កេតមើលសកម្មភាពដោះមីនមនុស្សធម៌ ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូត នៅគេហដ្ឋានរបស់លោកស្រី ជាទីដែលលោកស្រីបានរស់ស្ទើរតែមួយជីវិតរបស់គាត់ ហើយត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តីមនុស្សធម៌ រៀបចំដោយរដ្ឋាភិបាលកម្ពុជា កាលពីកំឡុងឆ្នាំ២០១៥នោះ។
លោកស្រី ខាវ ថងញ៉ុត បាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោកទៅមើលផ្ទះពីកុមារភាពរបស់លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចំងាយតែប៉ុន្មានរយម៉ែត្រពីផ្ទះបច្ចុប្បន្នរបស់លោកស្រីតែប៉ុណ្ណោះ។ ពេលនេះផ្ទះនេះ គឺជាកម្មសិទ្ធិរបស់សមាជិកគ្រួសារមួយទៀត ហើយជាផ្ទះធំ ធ្វើពីឈើ ដែលជាគំរូដ៏ប្រពៃមួយនៃស្ថាបត្យកម្មបូរាណរបស់ខ្មែរ៕
ប្រភព៖ kqube