ភ្នំពេញ ៖ សាកសពស្រ្តីម្នាក់ ត្រូវបាន បុរសជាប្តី អះអាងថា រងគ្រោះថ្នាក់ដោយសារ ដួលក្នុងបន្ទប់ទឹក ដោយមិនអស់ចិត្ត នឹកស្មានប្រពន្ធនៅមានដង្ហើម ដឹកតាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ តែគ្រូពេទ្យ បញ្ជាក់ថា ស្រ្តីរងគ្រោះ បានស្លាប់ច្រើនម៉ោងមកហើយ ទើបដឹកសាកសពមកឲ្យគ្រូពេទ្យពិនិត្យ ទើបរាយការណ៍ទៅសមត្ថកិច្ចខណ្ឌ ដើម្បីចុះមកធ្វើការពិនិត្យ ក្នុងលក្ខណៈសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹងករណីផ្សេងៗទៀត ។
សាកសពស្រ្តីខាងលើ មានឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះ សូរ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហើយស្រ្តីខាងលើ ទើបតែសម្រាលកូន បានចំនួន៨ខែ តែប៉ុណ្ណោះ ។
តាមការអះអាងពីបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធរបស់គាត់ មិនដែលត្អូញថាឈឺអ្វីដែរ រហូតដល់វេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្រ្តីរងគ្រោះ បានចូលបន្ទប់ទឹក ហើយបានដួល សន្លប់បាត់មាត់ក សង្ស័យកោសខ្យល់ឲ្យប្រពន្ធ ហើយដេកទាំងអស់គ្នាទៅ លុះរហូតដល់ ព្រឹកថ្ងៃទី០៦ នេះ ប្រពន្ធនៅតែមមិនទាន់ដឹងខ្លួន សង្ស័យប្រពន្ធសង្ងំដេក ចេះតែបណ្តែតបណ្តោយ មិនយកទៅណា លុះរហូតដល់វេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃដដែលនេះ ប្រពន្ធនៅតែស្តូកស្តឹង ទើបដឹកតាមម៉ូតូ ឱបត្រកងប្រពន្ធយកទៅមន្ទីរពេទ្យ បង្អែកពោធិចិនតុង តែត្រូវបានគ្រូពេទ្យប្រាប់ថា ស្រ្តីរងគ្រោះបានស្លាប់បាត់យូរហើយ បែរជាប្តីដឹកសាកសពប្រពន្ធ មកឲ្យពេទ្យពិនិត្យ ។
សាកសពក្នុងស្ថានភាព របួសមើលឃើញជាក់ស្តែង ពកជាំខៀវលើថ្ងាស ខាងស្តាំ ជាំភ្នែកម្ខាង ស្នាមរបួសមុតក្រចក លើដៃជើង ។ តែបើតាម មតិប្រជាពលរដ្ឋ ឃើញហេតុការណ៍ នៅមន្ទីរពេទ្យជាក់ស្តែង ដាក់ការសង្ស័យ តែមិនមែនជាផ្លូវការទេ ជនរងគ្រោះមុនស្លាប់ អាចបង្កជម្លោះ ឈ្លោះគ្នា ប្រតាយប្រតប់ ប៉ះពាល់រាងកាយធ្ងន់ធ្ងរ ទើបឈានដល់ដាច់ខ្យល់ស្លាប់ ។
មតិខ្លះលើកឡើង និងដាក់ការសង្ស័យ ប្តីវាយ ទើបបណ្តាលឲ្យប្រពន្ធស្លាប់ បើត្រឹមដួលក្នុងបន្ទប់ទឹក មិនអាចដល់ថ្នាក់នេះបានឡើយ ស្លាកស្នាមមិនមែន ប៉ះទង្គិចដោយខ្លួនឯង មតិភាគច្រើនលើកឡើងថា ជាស្នាមវ៉ៃដំ ។
តែទោះជាមានមតិលើកឡើង ផ្សេងៗគ្នា ពីសំណាក់មហាជនក៏ដោយ អ្វីដែលជាក់ច្បាស់ ស្ថិតនៅលើ ការពិនិត្យកោសល្យវិច័យ របស់សមត្ថកិច្ច គ្រូពេទ្យជំនាញ ចុះមកពិនិត្យ ជាមុនសិន ដើម្បីរកមូលមេតុពិត នៃការស្លាប់ របស់ស្រ្តីខាងលើ ៕
ប្រភព៖ kbn-live