កាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៦ បុគ្គលិកធនាគារ ដែលលោក Wu Jianping បានទៅខ្ចីប្រាក់នោះ បានពន្យល់គាត់ថា ដើម្បីសន្តិសុខនិងភាពត្រឹមត្រូវតាមផ្លូវច្បាប់នោះ ការចុះហត្ថលេខាមិនទាន់គ្រប់គ្រងនោះទេ ។ បុគ្គលិកធនាគារ និយាយថា «គ្មានស្នាមផ្តិតម្រាមដៃគឺ គ្មានប្រាក់កម្ចីនោះទេ»។
វេបសាយ Daily Online បានចេញផ្សាយថា លោក Wu Jianping អាយុ២៥ឆ្នាំ បានពិការដៃទាំង២ បន្ទាប់ពីគាត់មានគ្រោះថ្នាក់ឆក់ខ្សែភ្លើងដ៏ខ្លាំង នៅពេលដែលគាត់មានអាយុ៥ឆ្នាំ ។ ប៉ុន្តែគាត់អាចជម្នះការរស់នៅ ដ៏លំបាកបែបនេះបាន ទោះបីជាគ្មានដៃក៏ដោយ។ គាត់អាចសរសេរនិងចុះហត្ថលេខាលើឈ្មោះរបស់គាត់បាន ដោយប្រើមាត់។ ប៉ុន្តែ មានរឿងមួយដែលគាត់មិនអាចផ្តល់បាននោះ គឺការផ្តល់ស្នាមផ្តិតម្រាមដៃនៅលើឯកសារ ខ្ចីប្រាក់ធនាគារបាននោះទេ។
ប្រភពឲ្យដឹងថា ធនាគារជាច្រើននៅទីក្រុង Zhengzho បានបដិសេធចំពោះការស្នើរប្រាក់កម្ចីរបស់លោក Wu Jianping ដោយសារតែគាត់មិនអាចផ្តល់ឲ្យធនាគារទាំងនោះ នូវស្នាមផ្តិតម្រាមដៃរបស់គាត់ ។ លោក Wu Jianping រស់នៅទីក្រុង Zhengzho នៅខេត្ត Henan ។
ប្រភពព័ត៌មានអំពីការបដិសេធប្រាក់កម្ចីរបស់លោក Wu Jianping ត្រូវបានចុះផ្សាយជាច្រើននៅបណ្តាញ ទំនាក់ទំនង សង្គមចិន។ មនុស្សជាច្រើនបានរិះគន់ធនាគារទាំងនេះ ដោយនិយាយថា វាមិនសមហេតុផលក្នុងការទាការផ្តល់ស្នាមផ្តិត ម្រាមដៃនៅក្នុងកាលៈទេសៈបែបនេះ ហើយវាជាភាពមិនយុត្តិធម៌ចំពោះករណីនេះផងដែរ។
កាលពីពេលថ្មីនេះ លោក Wu Jianping ត្រូវបានបដិសេធប្រាក់កម្ចីនោះ គឺមិនមែនដោយសារតែប្រវត្តិខ្ចីប្រាក់ ធនាគាររបស់គាត់មិនល្អនោះទេ ប៉ុន្តែ ដោយសារតែគាត់មិនមានដៃដើម្បីផ្តល់ស្នាមផ្តិតម្រាមដៃ។
ចាប់តាំងពីពេលមានរិះគន់នៅលើបណ្តាញទំនាក់ទំនងសង្គមចិនមកនោះ ធនាគារទាំងនេះ បានផ្លាស់ប្តូរគំនិតរបស់ពួកគេ ហើយបានសម្រេចចិត្តជួយ លោកWu Jianping ដោយផ្តល់ប្រាក់កម្ចីដល់បុរសពិការដៃរូបនេះ៕
ប្រភព៖ sensoknews