នៅព្រឹកថ្ងៃពុធនេះ មន្ដ្រីនៃអង្គការការពារសិទ្ធិមនុស្សអាដហុកចំនួន២រូប បានចូលខ្លួនទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយតាមលិខិតកោះហៅចុះថ្ងៃទី២៥មេសា។ ជាការកោះហៅឲ្យទៅបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់របស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលថា មន្ដ្រីអង្គការអាដហុក បានបញ្ចុះបញ្ចូលឲ្យរូបនាងនិយាយកុហកពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។ សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ការសាកសួររបស់ ACU ជាមួយលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកនៅតែបន្ត ខណៈការសាកសួរលោកស្រីមេធាវី ទ្រី ឈួន បានបញ្ចប់។
មន្ដ្រីអង្គការអាដហុក ដែលបានទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធនេះ មានជាអាថិ៍ លោកស្រីមេធាវី ទ្រី ឈួន និងលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក។ ការចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយរបស់អ្នកទាំងពីរ ត្រូវបានឃ្លាំមើលដោយក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ដីធ្លីជាច្រើនសិប
នាក់។
រហូតមកទល់រសៀលថ្ងៃពុធនេះ ការសាកសួររបស់ ACU ជាមួយលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកនៅតែបន្ត ខណៈការសាកសួរលោកស្រីមេធាវី ទ្រី ឈួន បានបញ្ចប់។
នៅពេលត្រូវបានចោទសួរអំពីការឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធនេះ លោកស្រីមេធាវីបានឆ្លើយយ៉ាងខ្លីថា «មិនមានអ្វីទេ»។ លោកស្រី ទ្រី ឈួន គឺជាមេធាវីដែលបានការពារក្ដីឲ្យកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នៅពេលនាងមកស្នើសុំជំនួយពីអង្គការអាដហុក។ ជាការកត់សម្គាល់ ក្រៅតែពីត្រូវ ACU កោះហៅឲ្យឆ្លើយបំភ្លឺ លោកស្រីមេធាវី ទ្រី ឈួន ក៏ត្រូវបានគណៈមេធាវីស្នើឲ្យរាយការណ៍ផងដែរ អំពីការលំបាកក្នុងការការពារក្ដីក្នុងសំណុំរឿងកញ្ញា ស្រីមុំ។ ជាសំណុំរឿងដែលធ្វើឲ្យគណៈមេធាវីសង្ស័យថា មានការបំពានលើឯករាជ្យភាព និងសេរីភាពនៃវិជ្ជាជីវៈមេធាវី។
សូមជម្រាបជូនថា ក្រៅពីលោកស្រី ទ្រី ឈួន និងលោក នី សុខា ACU ក៏បានកោះហៅមន្ដ្រីនៃអង្គការសិទ្ធិមនុស្សអាដហុកចំនួន៣រូបផ្សេងទៀត ឲ្យទៅបំភ្លឺជុំវិញករណីដូចគ្នានេះដែរ។ អ្នកទាំង៣ គឺលោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុនី នឹងត្រូវចូលទៅបំភ្លឺនៅ ACU ជាបន្តបន្ទាប់ នៅរសៀលថ្ងៃពុធទី២៧មេសា និងព្រឹកថ្ងៃព្រហស្បតិ៍ទី២៨មេសា។ លោក ធន់ សារាយ ប្រធានសមាគមអាដហុក បានអះអាងពីភាពស្អាតស្អំរបស់មន្ដ្រីខ្លួន។ និងថា អ្នកទាំង៥រូប នឹងអនុវត្តតាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនភ័យខ្លាច ឬរួញរាអ្វីឡើយ៕
ប្រភពៈ RFI