Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

យុត្តិធម៌​និង​ច្បាប់ ​ស្ថិត​នៅ​លើ​បបូរ​មាត់​អ្នក​មាន​អំណាច?

$
0
0

ករណីប្អូនថ្លៃរបស់ឧកញ៉ា ទ្រី ភាព ដែលទើបតែប្រើហិង្សាលើតារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា កាលពីពេលថ្មីៗនេះ គឺនៅមិនទាន់មានអ្នកមានអំណាចណាម្នាក់ ចេញមុខបញ្ជាឲ្យនាំខ្លួនជនល្មើស ទៅទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយទេ។ ចំណែកព្រះរាជអាជ្ញាក៏ស្ងាត់ឈឹងដែរ។ ក៏ប៉ុន្តែ នាពេលកន្លងទៅ ករណីប្រើហិង្សាលើកញ្ញា សាសា និងករណីបាញ់បោះលើក្រុមកម្មកររបស់លោក ឈូក បណ្ឌិត គឺត្រូវបានអ្នកមានអំណាច ជួយអន្តរាគមន៍ និងចេញបញ្ជាឲ្យចាប់ខ្លួនជនដៃដល់ ទៅទទួលទោសចំពោះមុខច្បាប់។ តាមរយៈករណីទាំងនេះ ធ្វើឲ្យអ្នកខ្លះយល់ឃើញថា យុត្តិធម៌និងច្បាប់ស្រុកខ្មែរ ហាក់ទំនងជា ចាំតែស្ថិតនៅលើបបូរមាត់អ្នកមានអំណាច។

កាលពីយប់ថ្ងៃទី១៣វិច្ឆិកា ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យអុំទូក កន្លងទៅនេះ តារាសម្តែងកញ្ញាពេជ្រអាវីហ្សា ត្រូវបានអតីតសង្សាររបស់ខ្លួន គឺឈ្មោះ គៀន ហេង ប្រើអំពើហិង្សា វាយដំយ៉ាងដំណំ ធ្វើឲ្យមានស្នាមរបួសដៃជើងជាំមុខបែកមាត់របួសចង្កានិងក្ដោងច្រមុះ។ ជនដៃដល់រូបនេះ មានឈ្មោះហៅក្រៅថា ហ៊ាហេង ហើយត្រូវគេស្គាល់មុខមាត់ និងប្រវត្តិពិតថាជាប្អូនប្រុសបង្កើតរបស់ភរិយាលោកឧកញ៉ា ទ្រី ភាព មហាសេដ្ឋីល្បីខាងជួញឈើប្រណីតនៅស្រុកខ្មែរ

តាមក្រមព្រហ្មទណ្ឌ ករណីប្រើអំពើហិង្សាដោយចេតនា គឺមានចែងនៅក្នុងមាត្រា២១៧ដែលជនល្មើសអាចត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ ពី២លានទៅ៦លានរៀល។ ក៏ប៉ុន្តែចំពោះរឿងកញ្ញា ពេជ្រអាវីហ្សា គេនៅមិនទាន់ឃើញមានព្រះរាជអាជ្ញា ចេញមុខកសាងសំណុំរឿង និងបើកការស៊ើបអង្កេតនៅឡើយទេ។ ទន្ទឹមនឹងនេះ គេនៅក៏មិនទាន់ឃើញការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំ ឬអ្នកមានអំណាចធំៗ នៅឡើយដែរ។

ក្នុងរឿងស្រដៀងនេះ គេនៅចាំបានថា កាលពីដើមឆ្នាំមុន ពិធីការិនី កញ្ញា សាលា ត្រូវបានឧកញ៉ា សុខ ប៊ុន មហាសេដ្ឋីអចលនទ្រព្យ ប្រើអំពើហិង្សាលើវាយតបឲ្យរបួស។ ករណីនេះ បានល្បីកក្រើកឮដល់ប្រមុខរដ្ឋាភិបាល ព្រមទាំងលោកបានចេញបញ្ជាឲ្យអូសកជនល្មើសទៅទទួលទោសចំពោះមុខច្បាប់។

ករណីអន្តរាគមន៍របស់ថ្នាក់ដឹកនាំប្រទេសនេះ ក៏មានផងដែរ ចំពោះករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានប្រើកាំភ្លើងបាញ់បោះលើក្រុមកម្មករ។ ក្រោយពីបទអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាល និងការចេញបញ្ជាពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីបំផុត លោក ឈូក បណ្ឌិត បានចូលខ្លួន សារភាពទោស បន្ទាប់ពីគេចមុខពីសំណាញ់ច្បាប់ អស់ជាច្រើនសិបខែ។

ជុំវិញប្រសិទ្ធភាពនៃប្រសាសន៍និងការបញ្ជារបស់មន្ត្រីមានអំណាច គឺធ្វើឲ្យអ្នកច្បាប់និងអ្នកវិភាគសង្គមមួយចំនួន មើលឃើញកាន់តែច្បាស់ថា នៅពេលខ្លះ ច្បាប់និងយុត្តិធម៌ គឺអាស្រ័យច្រើននៅលើបបូរមាត់របស់អ្នកមានអំណាច បើទោះបីជាបទល្មើសនេះ ជាអំពើល្មើសច្បាប់ ចូលដល់បទឧក្រិដ្ឋមានចែងក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេសក៏ដោយ ក៏សំណាញ់ច្បាប់ហាក់នៅតែមានភាពលំបាក ក្នុងការអូសខ្លួនជនល្មើសទៅទទួលទោសមុខច្បាប់បានឡើយ ប្រសិនជាគ្មានអន្តរាគមន៍ពីអ្នកធំ ឬអ្នកមានអំណាចនោះទេ។

ករណីរឿងព្រហ្មទណ្ឌមួយទៀត គឺកាលពីពេលថ្មីៗនេះ មានក្រុមក្មេងស្ទាវដែលត្រូវគេអះអាងថា មានខ្នងក្រាស បានវាយដំលើបុរសអ្នកបើកបរម្នាក់ បែកក្បាលហូរឈាម ដោយមានភស្តុតាងជាវីដេអូ ហើយឃើញពួកគេនោះ ខ្លះកាន់កាំភ្លើងនៅនឹងដៃទៀតផង។ រឿងនេះ ត្រូវបានកូនប្រុសពីរនាក់របស់លោកនាយករដ្ឋមន្ត្រីប្រតិកម្មយ៉ាងខ្លាំង និងស្នើសុំឲ្យវែកមុខជនបង្ក។ ក្រោយប្រតិកម្មរបស់លោកតំណាងរាស្ត្រ ហ៊ុន ម៉ានី និងលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត សំណុំរឿងនេះ ត្រូវបានគេចាប់អារម្មណ៍និងស្រាវជ្រាវរាវរកយ៉ាងច្រើនផងដែរ។

ដោយឡែក ចំពោះករណីតារាសម្តែងកញ្ញាពេជ្រអាវីហ្សា ដែលត្រូវបានប្អូនថ្លៃរបស់ឧកញ៉ាដែលមានលុយកប់ពពក វាយធ្វើបាបនៅពេលថ្មីៗនេះ ក៏ជាសំណុំរឿងព្រហ្មទណ្ឌដែរ។ ក៏ប៉ុន្តែ ព្រះរាជអាជ្ញា ហាក់នៅមិនទាន់ឃើញបើកការស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅឡើយទេ។ ចំណែកអ្នកមានអំណាចធំៗ ក៏មិនទាន់អើពើនៅឡើយដែរ។

ផ្ទុយទៅវិញ បុគ្គលឈ្មោះ គៀន ហេង ពិតជាបានទទួលស្គាល់ថាខ្លួនបានបង្កហេតុ និងបានសរសេរប្រកាសក្ដែងៗនៅក្នុងហ្វែសបុករបស់ខ្លួនថា រឿងនេះ ត្រូវបានភាគីទាំងសងខាង សម្របសម្រួលគ្នាដោយគ្មានការប្ដឹងប្តល់គ្នាទៅវិញ។

ចំពោះអ្នកច្បាប់! ការសម្របសម្រួលគ្នានេះ បើទោះបីជនរងគ្រោះសុខចិត្តព្រមទទួលយកសំណងរដ្ឋប្បវេណី ដូចប្រាក់សម្រាប់ព្យាបាលជំងឺ ឬប្រាក់សំណងជំងឺចិត្ត ក៏ពុំអាចរំលត់រឿងក្តីព្រហ្មទណ្ឌបានឡើយ។

តាមការបកស្រាយច្បាប់របស់អ្នកជំនាញច្បាប់ទាំងឡាយ បានបញ្ជាក់ថា ការបញ្ចប់រឿងក្តីព្រហ្មទណ្ឌ ត្រឹមតែជាការសម្របសម្រួល ឬក៏ ត្រឹមសំណងជាប្រាក់ គឺធ្វើឲ្យជនល្មើសរួចខ្លួន និងមិនរៀងចាល ព្រមទាំងនឹងបង្កឲ្យមានបទល្មើសព្រហ្មទណ្ឌកាន់តែច្រើនឡើងថែមទៀត។ ដោយហេតុថា ជនដទៃផ្សេងទៀត នឹងយកគំរូតាម ហើយបានប្រព្រឹត្តផ្តេសផ្តាសបំពានច្បាប់ ដោយសំអាងថា បង់លុយទៅ គឺអាចបញ្ចប់រឿងព្រហ្មទណ្ឌបាន។

ដូច្នេះ ក្នុងនាមប្រទេសកម្ពុជា ដែលប្រកាន់នីតិរដ្ឋ ប្រហែលជាពុំអាចទទួលយកបាននោះទេ។ ហេតុនេះ មន្ត្រីនគរបាលមានសមត្ថកិច្ច និងព្រះរាជាអាជ្ញាដែលអ្នកតំណាងការពារឲ្យផលប្រយោជន៍សាធារណៈ គឺត្រូវតែបើកការស៊ើបអង្កេតចំពោះករណីកញ្ញា ពេជ្រ អាវីហ្សា ផងដែរ។ បើមិនដូច្នេះទេ តើត្រូវតែរង់ចាំបទបញ្ជាឬអន្តរាគមន៍ពីមន្ត្រីមានអំណាចឬ? បើពិតជាដូច្នេះមែន គឺសំណាញ់ច្បាប់កម្ពុជា លំបាកនឹងគ្របជនល្មើស និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនស្លូតត្រង់ ពិតប្រាកដណាស់៕

ប្រភព៖ rfi


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>