សារព័ត៌មាន Independent របស់អង់គ្លេសបានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះឲ្យដឹងថា លោក Eric Trump ត្រូវជាកូនប្រុសទី២លោក Donald Trump សេដ្ឋីអាមេរិកមួយរូប និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រព្រឹត្តនូវសកម្មភាពខុសប្រក្រតីនៅពេលបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលជាការបំពានច្បាប់បោះឆ្នោតនៅអាមេរិក ។
ពេលដំណើរការបោះឆ្នោតនៅទីក្រុង New York លោក Eric Trump អាយុ៣២ឆ្នាំ និងជាអ្នកជំនួញម្នាក់បានថតសន្លឹកឆ្នោតរបស់ខ្លួនមុនដាក់បញ្ចូលទៅក្នុងធុងឆ្នោត រួចហើយក៏ Post តាមបណ្ដាញទំនាក់ទំនងសង្គម Twitter អំពាវនាវឲ្យមានការគាំទ្របោះឆ្នោតជូនឪពុករបស់ខ្លួន ។
អនុលោមតាមច្បាប់នៅទីក្រុង New York គឺរាល់អំពើថតសន្លឹកឆ្នោតដែលសម្រេចជ្រើសរើសរួច និងមិនទាន់ដាក់បញ្ចូលក្នុងធុងឆ្នោត ជាប្រការខុសច្បាប់បោះឆ្នោតជាសម្ងាត់ ដែលត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន១ ០០០ដុល្លារ ឬផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ ៕
ប្រភព៖ dtn7