បុរីញូវយ៉កៈ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានបញ្ជាក់ពីការថ្កោលទោសរបស់អន្តរជាតិកាលពីថ្ងៃអាទិត្យ ជុំវិញការធ្វើតេស្តមីស៊ីលបាលីស្ទិក (SLBM) បាញ់ពីនាវាមុជទឹករបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទាត់ចោលការសុខចិត្តផ្អាកកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ ការធ្វើតេស្តកាលពីថ្ងៃសៅរ៍ ដែលត្រូវបានត្រួតពិនិត្យមើលដោយលោកគីម ជុងអ៊ុន ដោយផ្ទាល់ គឺការធ្វើតេស្តចុងក្រោយនៅក្នុងវិធានការបង្កហេតុរបស់ក្រុងព្យុងយ៉ាង ដែលបានបន្តការបង្កភាពតានតឹងទៅលើឧបទ្វីប កូរ៉េដែលបែកបាក់បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរបស់កូរ៉េខាងជើងកាលពីខែមករា។ មានកង្វល់ជាច្រើនកំពុងកើនឡើង ដែលក្រុងយ៉ាងកំពុងរៀបចំការធ្វើតេស្តនុយក្លេអ៊ែរទី ៥ នៅមុនជំនួបនយោបាយជាគន្លឹះមួយនៅដើមខែក្រោយ។ ក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា ការបាញ់ SLBM នោះ គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរមួយទៅលើសេចក្តីសម្រេចរបស់ អ.ស.ប.មានបំណងទប់ស្កាត់កិច្ចប្រឹងប្រែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានជំរុញក្រុងព្យុងយ៉ាងឈប់ធ្វើបង្ករឿងតទៀត។ លោកអូបាម៉ា ថ្លែងពីបញ្ហាកូរ៉េខាងជើង នៅឯប្រទេសអាល្លឺម៉ង់។ Afp សមត្ថភាពជាក់ស្តែងរបស់ SLBM នឹងធ្វើឲ្យការគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង ឈានដល់កម្រិតមួយថ្មី ដែលនាំឲ្យមានការដាក់ពង្រាយហួសពីឧបទ្វីបកូរ៉េ និងមានសក្តានុពលឆ្លើយតប បើសិនជាមានការវាយប្រហានុយក្លេអ៊ែរណាមួយកើតឡើងនោះ។ លោកគីម ជុងអ៊ុន បានអប់អរការធ្វើតេស្តនោះថាជាជោគជ័យយ៉ាងច្បាស់ ដែលបានបង្ហាញឲ្យឃើញសមត្ថភាពរបស់ប្រទេសនេះក្នុងការវាយប្រហារកូរ៉េខាងត្បូង ឬ គោលដៅនានារបស់អាមេរិកនៅពេលណាមួយនោះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា មីស៊ីល ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកមួយគ្រឿងនៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត) ហោះបានចម្ងាយ ៣០ គ.មនិងបានបង្ហាញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងច្បាស់ពីការធ្វើតេស្តមុនៗនោះ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Sang-Gyun បានប្រាប់ក្រុមអ្នកកាសែតថា ការដាក់ពង្រាយអាចចាប់ផ្តើមនៅក្នុង ៣ ទៅ ៤ ឆ្នាំ បើសិនជាក្រុងព្យុងយ៉ាងផ្តល់ធនធានគ្រប់គ្រាន់ដល់គម្រោងនោះ។ ប៉ុន្មានម៉ោងក្រោយពីតេស្តនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri SuYong ដែលថ្លែងនៅក្រុងញូវយ៉ក បាននិយាយថា ក្រុងព្យុងយ៉ាង មានឆន្ទៈបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរ បើសិនជាក្រុងវ៉ាស៊ីនតោន ប្រកាសបញ្ចប់សមយុទ្ធយោធារួមគ្នាជាមួយក្រុងសេអ៊ូលនោះ។ សមយុទ្ធប្រចាំឆ្នាំតែងតែបង្កភាពតានតឹងទៅលើឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងថ្កោលទោសសមយុទ្ធទាំងនោះថាជាការសមយុទ្ធបង្កហេតុដើម្បីឈ្លានពាន។អាមេរិក បានទាត់ចោលការ សុខចិត្តផ្អាកសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅក្នុងខែមករា ឆ្នាំមុន៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧