កម្ពុជាបានចាត់ទុកការកសាងប្រាសាទព្រះវិហារក្នុងទឹកដីថៃក្បែរព្រំដែនកម្ពុជា គឺជាការរំលោភលើកម្មសិទ្ធិបញ្ញា ហើយជាការប្រឆាំងនឹងអរិយធម៌នៃប្រជាជាតិស៊ីវិល័យ។ នេះបើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពេលកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២៥ ខែមេសា ថាទាហានថៃកសាងប្រាសាទព្រះវិហារសិប្បនិមិត្ត។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យវិទ្យុបារាំងដឹងនៅថ្ងៃនេះថា ការកសាងប្រាសាទព្រះវិហារសិប្បនិមិត្តរបស់ថៃ មិនមែនគ្រាន់តែរំលោភកម្មសិទ្ធិបញ្ញាទេ តែបានប្រឆាំងនឹងគោលការណ៍របស់អង្គការបេតិកភណ្ឌពិភពលោក ដោយសារប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកផៃ ស៊ីផាន ក៏បានសោកស្តាយផងដែរចំពោះទង្វើរបស់ទាហានថៃនាពេលនេះ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទាហានថៃបានចាត់ទុកការសាងសង់ប្រាសាទព្រះវិហារសិប្បនិមិត្តនេះនឹងអាចទាក់ទាញពាណិជ្ជកម្ម ពោលគឺធ្វើឲ្យមនុស្សទៅមើលប្រាសាទព្រះវិហារ។ លោកផៃ ស៊ីផាន ចាត់ទុកថានេះគឺជាភាសាក្លែងក្លាយរបស់ថៃ ព្រោះការកសាងប្រាសាទព្រះវិហារក្លែងក្លាយ អាចធ្វើឲ្យមតិជាតិថៃ និងអន្តរជាតិមានការយល់ច្រឡំ។ ប្រទេសថៃកំពុងធ្វើការសាងសងប្រាសាទព្រះវិហារសិប្បនិមិត្ត នៅប្រទេសរបស់ខ្លួន លោកផៃ ស៊ីផានបានបន្តថា ទាហានថៃបានចាត់ទុកប្រាសាទក្លែងក្លាយនេះ គឺជាបន្ទុកមួយធ្វើឲ្យភាគីកម្ពុជាបើកព្រំដែន ដែលតភ្ជាប់ពីទឹកដីថៃមកកម្ពុជា។ លោកចាត់ទុកថាទង្វើនេះគឺជាការប៉ុនប៉ងរំលោភបូរណភាពទឹកដីកម្ពុជា ដោយសារការចេញចូលពីប្រទេសមួយទៅប្រទេសមួយគឺត្រូវធ្វើឡើងតាមរយៈច្រកអន្តរជាតិ។ បើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែមេសា បានឲ្យដឹងថា ការសាងសង់ប្រាសាទព្រះវិហារខ្នាតតូចនៅក្នុងទឹកដីថៃ គឺជាការឆ្លើយតបទៅកម្ពុជា ដែលមិនបានបើកច្រកព្រំដែនសម្រាប់ចូលទៅកាន់ប្រាសាទព្រះវិហារឡើងវិញពីទឹកដីថៃ។ បាងកកប៉ុស្តិ៍បានដកស្រង់ការបញ្ជាក់របស់ទាហានថៃមកចុះផ្សាយថា ប្រាសាទព្រះវិហារខ្នាតតូចនេះ នឹងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ឧទ្យាន ខៅ ប្រា វិហាន (Khao Pra Viharn) ដែលស្ថិតក្នុងខេត្តស៊ីសាកេត។ ប្រាសាទសិប្បនិមិត្តនេះ មានចម្ងាយតែប្រមាណ៧០០ម៉ែត្រភាគខាងជើងប្រាសាទព្រះវិហារប្រទេសកម្ពុជា។ កាសែតនេះក៏បានដកស្រង់ការលើកឡើងរបស់ទាហានថៃថា ប្រាសាទព្រះវិហារសិប្បនិមិត្តនេះ នឹងជួយផ្ញើសារដល់កម្ពុជាថាប្រទេសថៃបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមអភិវឌ្ឍតំបន់ជម្លោះប្រាសាទព្រះវិហារ ដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសទាំងពីរ ស្របតាមការកំណត់របស់តុលាការអន្តរជាតិ ICJ។ យ៉ាងណាមិញ លោកផៃ ស៊ីផាន បានបញ្ជាក់ថា ចំណាត់ការសម្រាប់ពេលនេះគឺកម្ពុជាអាចនឹងធ្វើសំណើរកាទូត ដូចដែលកម្ពុជាធ្លាប់ធ្វើចំពោះសេដ្ឋីឥណ្ឌាតាមរយៈរដ្ឋាភិបាលឥណ្ឌា ដែលគ្រោងសាងសង់ប្រាសាទអង្គរកន្លងមក។ ជាការឆ្លើយតបការកសាងប្រាសាទអង្គរត្រូវបានបញ្ឈប់វិញ ក្រោយអន្តរាគមរបស់កម្ពុជា៕ ប្រភពៈ RFI
↧