Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ពលករ​ដែល​រួច​ជីវិត​ពី​ចោរ​សមុទ្រ​ សូម៉ាលី ​រំឭក​ពី​ទុក្ខសោក

$
0
0

ភ្នំពេញៈ ពលករខ្មែរទាំង ៤ នាក់ដែលត្រូវបានក្រុមចោរសមុទ្រប្រទេសសូម៉ាលីចាប់ជាចំណាប់ខ្មាំងជិត ៥ ឆ្នាំបានរៀបរាប់កាលពីម្សិលមិញអំពីដំណើរដ៏គ្រោះថ្នាក់នៅលើទូកនេសាទ និងជីវិតនៅក្រោមកណ្តាប់ដៃរបស់ក្រុមចោរសមុទ្រ។

ពួកគេរួមទាំងចំណាប់ខ្មាំង ២២ នាក់មកពីប្រទេស ៥ ផ្សេងទៀតត្រូវបានដោះលែងកាលពី ២ សប្តាហ៍មុនជាថ្នូរនឹងទឹកប្រាក់ ១ លាន ៥ សែនដុល្លារ។

ពលករខ្មែរទាំង ៤ នាក់មានឈ្មោះ ខោន វ៉ាន់ធី អាយុ ២៦ ឆ្នាំមកពីខេត្តកំពង់ចាម ឈ្មោះ គិន គឹមហេង អាយុ ៣៣ ឆ្នាំមកពីខេត្តក្រចេះចំណែកឈ្មោះ ឯម ភូមានី អាយុ ៣៣ ឆ្នាំ និងឈ្មោះ ញ៉ែម សុខសាន្ត អាយុ ៣៣ ឆ្នាំ ទាំង ២ នាក់មកពីខេត្តកំពង់ឆ្នាំង។

ពួកគេបានមកដល់មាតុភូមិវិញកាលពីថ្ងៃអាទិត្យដោយមានការជួយសម្រួលរបស់អង្គការការីតាសកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ កាលពីម្សិលមិញពួកគេត្រូវបានបង្ហាញខ្លួនជាសាធារណៈក្នុងពិធីសំណេះសំណាលជាមួយស្ថាប័នពាក់ព័ន្ធនៅអង្គការការីតាសកម្ពុជាមុនពេលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេរៀងៗខ្លួន។

ពលករ ឯម ភូមានី បានរៀបរាប់ថាពីដំបូងពួកគេបានចាកចេញពីកម្ពុជាទៅធ្វើជាពលករលើទូកនេសាទរបស់ក្រុមហ៊ុនតៃវ៉ាន់គឺនៅលើកប៉ាល់ឈ្មោះ Naham 3 ហើយត្រូវធ្វើការពី ១៨ ម៉ោងទៅ ២១ ម៉ោងដោយទទួលប្រាក់ខែ ១៥០ ដុល្លារ។

ពួកគេចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីរួចបន្តទៅដល់ឥណ្ឌាហើយចុងក្រោយទៅដល់ប្រទេសម៉ារីទូសរួចក៏ចុះកប៉ាល់នៅទីនោះ។

ក្រោយពេលធ្វើការបានជាង ១ ឆ្នាំនៅលើទូកនេសាទនោះនៅខែមីនា ឆ្នាំ ២០១២ ក្រុមចោរសមុទ្រនៃប្រទេសសូម៉ាលីបានបើកអូប័រតូចមួយមកជិតកប៉ាល់ Naham 3 របស់ពួកគេហើយបានបាញ់សម្លាប់អ្នកបើកបរ។

លោកបន្តថា ក្រោយពេលបាញ់សម្លាប់អ្នកបើកបរហើយនៅសល់មនុស្ស ២៧ នាក់ទៀតនៅលើកប៉ាល់ប៉ុន្តែក្រុមចោរមិនចាប់ជាងម៉ាស៊ីនទេគឺចាប់តែមនុស្ស ២៦ នាក់ប៉ុណ្ណោះ។

ក្រុមចោរបានបញ្ជាឲ្យជាងម៉ាស៊ីនចុចលេខកូដបើកបរឆ្ពោះទៅកាន់ប្រទេសសូម៉ាលីដែលត្រូវធ្វើដំណើររយៈពេល ៣ ថ្ងៃពីកន្លែងប្លន់។ ក្រោយមកក្រុមចោរបានរកអ្នកបកប្រែភាសាអង់គ្លេសម្នាក់មកបកប្រែ។ ពួកចោរបានទាមទារប្រាក់លោះចំនួន ២០ លានដុល្លារសម្រាប់មនុស្សទាំង ២៦ នាក់ដោយឡែកខ្មែរទាំង ៤ នាក់ពួកចោរទាមទារ ១ លានដុល្លារ។

លោកថា ពីដំបូងថៅកែកប៉ាល់បានយល់ព្រមបង់ប្រាក់ ៨០ ម៉ឺនដុល្លារទៅក្រុមចោរប៉ុន្តែពួកគេមិនព្រម។

លោក ភូមានី បានបន្តថា៖ «វាបានឲ្យលេខស្ថានទូតនៅអាមេរិកឲ្យយើងតេទៅយកលុយឲ្យវា។ ពួកវាក៏បានឲ្យជនជាតិហ្វីលីពីនតេទៅរកលុយបើមិនបានលុយឲ្យវាទេវានឹងបាញ់ចោលនៅខណៈនោះភ្លាម។ ពួកខ្ញុំមានសេចក្តីភ័យខ្លាចទ្រាំមិនបានក៏តេទៅក្រសួង (ស្ថានទូត) ខាងក្រសួងថា លុយច្រើនណាស់ពួកខ្ញុំនឹងរកមធ្យោបាយជួយប្អូនប៉ុន្តែមិនដឹងជួយបានឬអត់ទេ»។

លោកបន្តថាជារៀងរាល់ថ្ងៃពួកចោរតែងបាញ់គំរាមពួកគេឲ្យធ្វើការងារផ្សេងៗ។ កាលពីនៅលើសមុទ្រមានចិនម្នាក់បានស្លាប់ដោយសារគ្មានថ្នាំព្យាបាលជំងឺ។ ក្រោយពេលនៅលើសមុទ្រជាង ១ ឆ្នាំកប៉ាល់ Naham3 បានអស់ប្រេងពេលនោះក្រុមចោរនាំចំណាប់ខ្មាំងទាំងអស់ទៅនៅក្នុងព្រៃម្តង។

ពេលទៅនៅក្នុងព្រៃពួកគេមានការលំបាកដោយខ្វះទឹកផឹកដែលជាហេតុបណ្តាលឲ្យជនជាតិឥណ្ឌូនេស៊ីម្នាក់បានស្លាប់។ រីឯចិនតៃវ៉ាន់ម្នាក់បានរាករូសពេញមួយខែស្គមសល់តែឆ្អឹង។

លោកបន្តថា៖ «ខ្មែរយើងម្នាក់សុំទៅបត់ជើងហើយតមាត់ជាមួយក្រុមចោរក៏ត្រូវវាបាញ់ត្រូវជើងមួយគ្រាប់។ ក្រោយពេលបាញ់នោះមកពួកយើងទាំងអស់គ្នាស្រុះគ្នាថាមិនបាច់ហូបអាហារទៀតទេបើហូបថ្ងៃណាមួយគេបាញ់ចោលដដែល។ វាឲ្យទឹកផឹកមួយថ្ងៃ ១ លីត្របាយពេលល្ងាចមួយចានចង្កឹះពេលព្រឹកឲ្យនំបន្តិច។ យើងគ្មានទឹកងូតទេបើគ្មានភ្លៀង»។

លោកបន្តថានៅឆ្នាំ ២០១៥ អង្គការជួយសង្គ្រោះបានផ្ញើលិខិតមួយទៅក្រុមចោរដោយយល់ព្រមឲ្យប្រាក់ ១ លាន ២ សែនដុល្លារទៅពួកគេ ដើម្បីដោះលែងប៉ុន្តែក្រុមចោរមិនព្រម។ ពួកចោរបានឲ្យចំណាប់ខ្មាំងថតជាវីដេអូហើយផ្ញើទៅអង្គការម្តងហើយម្តងទៀត»។

នៅថ្ងៃចុងក្រោយពួកគេបានយល់ព្រមដោះលែងនៅពេលល្ងាចដោយត្រូវធ្វើដំណើររយៈពេល ៧ ម៉ោងពីជំរំឃុំឃាំងក្នុងព្រៃនោះទៅទីក្រុង Galkayo ដែលជាទីក្រុងតូចមួយរបស់ប្រទេសសូម៉ាលី។ ពេលទៅដល់ទីក្រុង Galkayo ក្រុមចោរបានដោះដូរពួកគេជាមួយអង្គការដែលជួយសង្គ្រោះដែលអមដំណើរដោយប៉ូលិស។

ពលករ គិន គឹមហេង បានឲ្យដឹងថាគាត់មិនដែលគិតថា អាចរួចជីវិតពីក្រុមចោរនោះទេដោយសារទឹកប្រាក់ដែលពួកវាទាមទារមានចំនួនច្រើន។ លោកថាចំណាប់ខ្មាំងទាំងអស់ត្រូវធ្វើការដើម្បីជាថ្នូរនឹងអាហារទោះបីជាការងារទាំងនោះមិនសូវជាធ្ងន់ធ្ងរក៏ដោយ។

អ្នកស្រី គង់ សុភាព ដែលត្រូវជាភរិយារបស់លោក ញ៉ែម សុខសាន្ត និយាយថាអ្នកស្រីមានការសប្បាយចិត្តមិនអាចរកអ្វីប្រៀបបានពេលដែលស្វាមីរបស់អ្នកស្រីមានជីវិតត្រឡប់មកវិញ។

លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជាបានថ្លែងថាអង្គការរបស់លោកនឹងជួយគាំទ្រផ្នែកផ្លូវចិត្ត និងគាំទ្រដល់ជីវភាពរបស់ពលករទាំង ៤ នាក់បន្តទៀត។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលចូលរួមសំណេះសំណាលបានថ្លែងដោយរំឭកថានេះគ្រាន់តែជាឧទាហរណ៍ និងមេរៀនមួយជាក់ស្តែងហើយជាសំណាងដែលពលករទាំង ៤ នាក់អាចមានជីវិតត្រឡប់មកវិញ។

លោកស្រីថា នៅមានពលករផ្សេងទៀតដែលកំពុងធ្វើការយ៉ាងលំបាកនៅស្រុកក្រៅហើយខ្លះកំពុងជាប់ពន្ធនាគារនៅស្រុកគេទៀតផង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>